សម្រាប់បងប្អូនចង់ចិញ្ចឹមមាន់ សូមស្វែងយល់ពីចំណីមាន់អោយបានច្បាស់ជាមុនសិន….!!

1484

សត្វ​មាន់​ជា​ប្រភេទ​សត្វ​ដែល​ងាយ​ឆ្លង​ជំងឺ។ ដូច្នេះ ក្នុង​ការ​ចិញ្ចឹម​មាន់ ទាមទារ​ឲ្យ​អ្នក​ចិញ្ចឹម​ចេះ​ជ្រើស​រើស​ពូជ ទីតាំង​ចិញ្ចឹម ការ​រៀបចំ​ទ្រុង ការ​ថែទាំ និង​សម្អាត​អនាម័យ​ជា​ប្រចាំ ការ​រៀបចំ​សម្បុក ពិសេស​ការ​ជ្រើស​រើស​ចំណី​ប្រកប​ដោយ​គុណភាព។

ដើម្បី​អាច​ផលិត​ចំណី​ធម្មជាតិ​សម្រាប់​មាន់​បាន ចាំបាច់​ត្រូវ​មាន​វត្ថុ​ធាតុ​ដើម​ដែល​ជា​ក្រុម​អាហារ​សម្បូរ​ជាតិ​វីតាមីន(ប្រភេទ​អាហារ​ការពារ)ដូចជាស្លឹក​ម្រុំ,ត្រកួន,អង្គាដី,កន្ធំថេត,ប្រទាល​ត្រចៀក​ជ្រូក,ប្រទាល​កន្ទុយ​ក្រពើ ស្លឹក​ស្ដៅ,ស្លឹក​ខ្ទឹម,ស្លឹក​គ្រៃ,ចុង​អង្ករ,កន្ទក់ និង​សម្បក​បង្គា-ល-។

ដើម្បី​ផលិត​ចំណី​មាន់​ប្រកប​ដោយ​សារធាតុ​ចិញ្ចឹម​ដល់​សត្វ​មាន់​ឲ្យ​ឆាប់​លូតលាស់ និង​ទទួល​បាន​ទិន្នផល​ស៊ុត​គុណភាព​ខ្ពស់៖«មនុស្ស​សត្វ​ដូច​គ្នា យើង​ហូប​មាន​សត្វ​មាន​បន្លែ​ដូច​គ្នា ចឹង​សត្វ​វា​ក៏​ត្រូវ​ការ​បន្លែ ត្រូវ​ការ​សត្វ អាហារ​ប្លែកៗ​ដែរ ចឹង​ដូច​ស្លឹក​កន្ធំថេត ស្លឹក​ម្រុំ ស្លឹក​ស្ដៅ ស្លឹក​គ្រៃ គឺ​ជា​ថ្នាំ​មិន​ឲ្យ​មាន​មាន​ជំងឺ ធំ​ធាត់​លឿន»។

​+ វិធី​ផលិត​ចំណី​ធម្មជាតិ៖ដំបូង​ត្រូវ​យក​វត្ថុ​ធាតុ​ដើម​ពី​ប្រភេទ​បន្លែ​បៃតង(ដែល​ក្នុង​នោះ​រួម​មាន ត្រកួន ផ្ទី ស្លឹក​អង្គាដី ប្រទាល​ត្រចៀក​ជ្រូក ប្រទាល​កន្ទុយ​ក្រពើ ស្លឹក​ស្ដៅ និង​ស្លឹក​ខ្ទឹម)ដោយ​គិត​ជា​បរិមាណ​ប្រហែល ២០% ហើយ​ប្រភេទ​បន្លែ​ស្លឹក​ដែល​មាន​ជាតិ​ម្សៅ​ជួយ​រំលាយ​អាហារ​ចំនួន១០%(ដែល​មាន​ស្លឹក​ម្រុំ និង​ស្លឹក​កន្ធំថេត)។

បន្ទាប់​មក​យក​វត្ថុ​ធាតុ​ដើម​ទាំងអស់​នេះ មក​ចិញ្ច្រាំ​ឲ្យ​ល្អិត រួច​យក​ទៅ​លាយ​ច្របល់​ចូល​គ្នា​ជាមួយ​ចុង​អង្ករ កន្ទក់ ដោយ​គិត​ជា​បរិមាណ៤០%និង​សម្បក​បង្គា​ចំនួន២០%និង​បន្ថែម​អំបិល១​ខាំដើម្បី​បន្ថែម​រសជាតិ​លើ​ចំណី​នេះ​ជា​ការ​ស្រេច។

សម្រាប់​មាន់​ចិញ្ចឹម​យក​ស៊ុត ទាមទារ​មើល​ថែ​ឲ្យ​បាន​ដិតដល់ និង​ទាមទារ​ត្រូវ​ផ្តល់​ចំណី១​ថ្ងៃ៣​ដងគឺ​ពេល​ព្រឹក​ចន្លោះ​ពី​ម៉ោង៧ទៅ៨​កន្លះពេល​ថ្ងៃ​ចន្លោះ​ពី​ម៉ោង១២ទៅ​ម៉ោង១​ថ្ងៃ​ត្រង់ និង​ពេល​ល្ងាច​ចន្លោះ​ពី​ម៉ោង ៣ទៅ​ម៉ោង៤ប៉ុន្តែ​មុន​ឲ្យ​ចំណី​មាន់ ត្រូវ​ធានា​ថា ស្នូក​ចំណី​ត្រូវ​តែ​ស្អាត និង​ស្ងួត​ជា​ប្រចាំ។

ចំពោះ​ចំណី​ក៏​យើង​ត្រូវ​ចេះ​ជ្រើស​រើស​ចំណី​ឲ្យ​បាន​ត្រឹមត្រូវ កុំ​ឲ្យ​វា​ខ្វះ​សារធាតុ​មួយ​ចំនួន​នោះ​ឡើយ ព្រោះ​អី​បើ​មាន់យើងលែងអោយវាដើរ វា​អាច​ដើរ​ស៊ី​សត្វ​ល្អិត ចឹង​វា​អត់​សូវ​ខ្វះ​ទេ។ តែ​ចំពោះមានក់​ក្នុង​កសិដ្ឋាន​វិញ យើង​ចិញ្ចឹម​អត់​លែងក្រៅទ្រុង​ចឹង ទាមទារ​ឲ្យ​មាន​ចំណី​ទៀងទាត់ ត្រូវ​ឲ្យ​ស៊ី​មួយ​ថ្ងៃ ៣​ដង ហើយ​ក្នុង​ចំណី​មួយ​ពេល​ត្រូវ​មាន​សារធាតុ​ចិញ្ចឹម និង​បន្លែ​បៃតង បន្ថែម​សារធាតុ​រ៉ែ និង​អាហារ​ធម្មជាតិ​ដើម្បី​បំប៉ន​ឲ្យ​វា​ធំ​ធាត់។

យោងតាមការស្រាវជ្រាវស្ដីពី​បច្ចេកទេស​ចិញ្ចឹម​មាន់​តាម​គោលការណ៍​ធម្មជាតិ បាន​បង្ហាញ​ដែរ​ថា ដើម្បី​ចិញ្ចឹម​មាន់​បាន​ល្អ និង​ទទួល​បាន​ទិន្នផល​ខ្ពស់ចាំបាច់​ត្រូវ​អនុវត្ត​ដូចជាជ្រើស​រើស​ពូជ​មាន់​ល្អ​មិន​ធ្លាប់​កើត​ជំងឺ​ឆ្លង ព័ន្ធ​ទ្រុង​របង​ជុំវិញ​ទីធ្លា ធ្វើ​ទ្រុង​សម្រាប់​មាន់​ដេកនិង​ធ្នើរ​សម្រាប់​មាន់​ក្រាប​ពងធ្វើ​ទ្រើង​ដំណាំ​ក្នុង​ទីធ្លា​ចិញ្ចឹម​មាន់ដើម្បី​បង្កើត​ម្លប់​ក្នុង​រដូវ​ក្តៅ ធ្វើ​អនាម័យ​ទ្រុង​ជា​ប្រចាំពិសេស​ត្រូវ​ផ្តល់​ចំណី​ធម្មជាតិ​ចម្រុះ​ដល់​មាន់ ដើម្បី​ឲ្យ​មាន់​ឆាប់​ធំ។

សម្រាប់ក្រុម​អាហារ​ការពារ​ដែល​មាន​ក្នុង​ចំណី​ធម្មជាតិដូចជាស្លឹក​ម្រុំ ត្រកួន អង្គាដី កន្ធំថេត និង​រុក្ខជាតិ​បៃតង​ផ្សេង​ទៀត នឹង​ផ្តល់​វីតាមីន​សំខាន់ៗ​សម្រាប់​មាន់ មាន​ដូចជា វីតាមីន​អាAវីតាមីន​ដេDវីតាមីន​អឺEនិង​វីតាមីន​សេ C។ជាតិ​វីតាមីន​ទាំង​នេះនឹង​ជួយ​បង្កើន​ភាព​រឹងមាំប្រឆាំង​នឹង​មេរោគជួយ​ក្នុង​ការ​រំលាយ​អាហារស្រូប​យក​សារធាតុ​ចិញ្ចឹម និង​ជួយ​ដល់​ការ​បន្ត​ពូជ ពិសេស​ជួយ​បង្កើន​គុណភាព​ស៊ុត​មាន់​ខ្ពស់។

លើស​ពី​នេះប្រភេទ​អាហារ​ជាតិ​រ៉ែ​ដែល​មាន​ក្នុង​សម្បក​បង្គា ខ្យង លៀស គ្រុំ អំបិល នឹង​ជួយ​បង្កើត​ឆ្អឹង ឈាម រោម និង​សម្បក​ស៊ុត។ដោយឡែក កន្ទក់,ពោត,ស្រូវ និង​ក្រុម​អាហារ​ទ្រទ្រង់​ដទៃ​ទៀត នឹង​ជួយ​បង្កើត​កម្ដៅ​ឲ្យ​រាង​កាយ​សត្វ​មាន់​កក់ក្តៅ និង​សម្រួល​ដល់​ចលនា​សកម្មភាព​ផ្សេងៗ​របស់​សត្វ​មាន់។

បច្ចុប្បន្ន សាច់​មាន់ និង​ស៊ុត​មាន់ កំពុង​ពេញ​និយម​ក្នុង​ការ​ជួញ​ដូរ​ដ៏​សកម្ម​ក្នុង​ទីផ្សារ​នៅ​កម្ពុជា ហើយ​ខណៈ​ពលរដ្ឋ​មួយ​ចំនួន និយម​ប្រើ​ចំណី​គីមី ឬ​ចិញ្ចឹម​បែប​ឧស្សាហកម្ម ដើម្បី​ឲ្យ​មាន់​ធំ​លូតលាស់​លឿន និង​ទទួល​បាន​ទិន្នផល​ស៊ុត​ឆាប់​រហ័ស​នោះ អ្នក​បច្ចេកទេស​ចិញ្ចឹម​មាន់​ម្នាក់​នេះ មិន​ប្រាថ្នា​បែប​នេះ​ឡើយ។

​ការ​ចិញ្ចឹម​មាន់​ដោយ​ផ្តល់​ចំណី​ធម្មជាតិ​លូតលាស់​យឺត បើ​ប្រៀបធៀប​នឹង​ការ​ចិញ្ចឹម​ដោយ​ប្រើ​ចំណី​គីមី​ក៏ដោយ តែ​វា​ផ្តល់​ឲ្យ​មាន​សុខភាព​ល្អ​ដល់​អ្នក​បរិភោគ ចំណាយ​ថវិកា​តិច។លើស​ពី​នេះសាច់​មាន់និង​ស៊ុត​របស់​វាលក់​បាន​តម្លៃ​ថ្លៃ។ដូចនេះសម្រាប់​កសិករ​ដែល​ចាប់​អារម្មណ៍​ការ​ចិញ្ចឹម​មាន់​បែប​ធម្មជាតិ ត្រូវ​តែ​ចាប់​ផ្ដើម​ពី​អ្វី​ដែល​ខ្លួន​មាន និង​ត្រូវ​គិត​ពី​វត្ថុ​ធាតុ​ដើម​ធម្មជាតិ​នៅ​ក្បែរ​ខ្លួន ក្បែរ​របង​ផ្ទះ​ជា​មុន​សិន មុន​នឹង​ចាប់​យក​វិធីសាស្ត្រ​ចិញ្ចឹម​ដោយ​ចំណី​គីមី ហើយ​លោក​ចង់​ឃើញ​រដ្ឋាភិបាល លើក​ទឹក​ចិត្ត​ការ​ចិញ្ចឹម​មាន់​បែប​ធម្មជាតិ និង​ស្វែងរក​ទីផ្សារ​នៅ​ពេល​ដែល​កសិករ​ចិញ្ចឹម​បាន​ជោគជ័យ៕

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here