វិធីដាំផ្កាខាត់ណា

1128

វិធីដាំផ្កាខាត់ណា

១. ការរៀបចំដី

  • ភ្ជួររាស់ដីឱ្យស្អាត ហាលឱ្យឆ្អិនដីជាមុនសិន
  • រៀបចំប្រព័ន្ធ ទឹកស្រោចស្រពរួចជាស្រេច។

២. វិធីបណ្តុះកូន

  • ត្រូវធ្វើរង ហើយស្រោចទឹកឱ្យជោក
  • ព្រោះគ្រាប់ខាត់ណាផ្កា
  • ការស្រោចទឹកឱ្យជោកនេះ គឺចៀសវាងការព្រោះគ្រាប់ពូជ កុំឱ្យគ្រាប់ពូជធ្លាក់ចូលទៅក្នុងដីជ្រៅពេកវាដុះមិនរួច

  • ដាក់ថ្នាំការពារកុំឱ្យស្រមោចស៊ីគ្រាប់ ឬញំគ្រាប់
  • យកចំបើងគ្របពីលើរង ហើយយកកៅស៊ូខ្មៅគ្របពីលើមួយជាន់ទៀត
  • ការគ្របកៅស៊ូពីលើនេះ គឺដើម្បីឱ្យវាឆាប់មានពន្លក និងដុះកូន

  • ឧស្សាហ៍មើលវាព្រឹកល្ងាច បើវាដុះល្មមហើយយើងបើកកៅស៊ូចេញ បើទុកកៅស៊ូយូរពេកនាំឱ្យកូនដែលទើប នឹងដុះនោះរលួយអស់ទៅវិញ ។
  • ពេលបកកៅស៊ូគ្របចេញហើយ ចាប់ធ្វើដំបូលគ្របពីលើប៉ុន្មានថ្ងៃបន្ទាប់មកយើងក៏ចាប់បើកស្បៃចេញនៅ ពេលព្រឹករហូតដល់ម៉ោង ៩ ព្រឹក ទើបយើងគ្របវិញរហូតយើងផ្សាំវាឱ្យ បានរឹងដើមគឺបើកទាំងអស់តែម្តង
  • ស្រោចទឹកវាព្រឹកល្ងាច និងគ្របវាពេលមានភ្លៀងធ្លាក់

  • ពេលកូនមានអាយុ ២០ ថ្ងៃ ចាប់ផ្តើម ដកវាដាក់ក្នុងកន្ទោង
  • ពេលដាក់កន្ទោងរយៈពេលចាប់ពី ៧ ទៅ ១០ ថ្ងៃ អាចចាប់ផ្តើមដកយកកូនពីក្នុងកន្ទោងនោះទៅដាំ
  • ការធ្វើយ៉ាងនេះ កូនខាត់ណាមិនងាប់ឡើយវាអាចរស់រហូតដល់ទៅ ៩៥% ឯណោះ ចំណែកកូនដែលងាប់យើងត្រូវប្រញាប់ជួសវាវិញ ដើម្បីឱ្យវាដុះលូតលាស់ទាន់គ្នា
  • ការផ្សាំកូននឹងកន្ទោងនេះ វាមានលក្ខណៈងាយស្រួលធ្វើឱ្យកូនខាត់ណាមិនសូវងាប់។

៣.  វិធីដាំ 

  • នៅពេលដាក់កូនដាំនោះ ត្រូវប្រើជីទ្រាប់បាតសិនមុននឹងដាំកូន
  • ស្រោចទឹកព្រឹកល្ងាច រាល់ថ្ងៃ មិនឱ្យខានឡើយ តែបើមេឃត្រជាក់ យើងស្រោចទឹកម្តងបានហើយក្នុងមួយថ្ងៃ

  • ប្រើថ្នាំការពារកុំឱ្យសត្វល្អិតស៊ីស្លឹក
  • ការយកកូនទៅស្ទូង លើរងបានរយៈពេល ១៥ ថ្ងៃ ទើបចាប់ផ្តើមជ្រំដីនៅក្បែរគល់របស់វា ដាក់ជីនៅក្បែរៗគល់ ល្មមវាអាចចាក់ឫសដល់
  • ដកស្មៅ បាញ្ញ់ថ្នាំការពារសត្វល្អិតជាប្រចាំ។

៤. រយៈពេលប្រមូលផល

  • បើយើងថែទាំបានល្អ រយៈ ពេលពី ៤៥ ទៅ ៦០ ថ្ងៃ គឺអាចប្រមូលផលបានហើយ តែបើថែមិន បានដិតដល់រហូតដល់ជាង ៩០ ថ្ងៃ ទើបអាចប្រមូលផលបាន។

ចំណាំ

  • ផ្កាខាត់ណាដែលលក់បានថ្លៃជាងគេ គឺក្នុងចន្លោះពីខែតុលា ដល់ ខែធ្នូ។ ផ្កាខាត់ណាមានផ្ទុកវីតាមីន A C B K អាស៊ីដនីកូទីន ការ៉ូតែន អាល់ប៊ុយមីន ជួយព្យាបាលមុនលើផ្ទៃមុខ ជំងឺទល់លាមក ជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ ជួយសម្រួល ដល់ក្រពេញទីរ៉ូអ៊ីដរបស់អ្នកជំងឺ ព្យាបាលជំងឺទឹកនោមផ្អែម ជាពិសេស បរិមាណវីតាមីនរបស់ផ្កាខាត់ណាអាចជួយការពារប្រឆាំងនឹងសារធាតុ ពុលផ្សេងៗ ៕

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here