ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារបច្ចេកទេសកសិកម្ម

វិធីសាស្រ្តចិញ្ចឹមគ្រួចជាលក្ខណៈគ្រួសារដែលទទួលបាជោគជ័យ !!

14-Feb-2019 12:40 PM

រូបភាព


ដោយ: Uddam

វិធីសាស្រ្តចិញ្ចឹមគ្រួចជាលក្ខណៈគ្រួសារដែលទទួលបាជោគជ័យតាមវិធីខាងក្រោម។

១-ការសង់រោងសម្រាប់ចិញ្ចឹម៖ក្នុងការរកទីធ្លាសម្រាប់ចិញ្ចឹមសត្វគ្រួចគឺយើងមិនចាំបាច់រកទីធ្លាធំដូចជាការចិញ្ចឹមមាន់ ទារ ជ្រូកនោះទេប្រសិនបើលោកអ្នកចង់ចិញ្ចឹមសត្វគ្រួចត្រឹមចំនួន១០០ក្បាលយើងត្រូវការទំហំដីប្រហែលមួយម៉ែត្រក្រឡាតែប៉ុណ្ណោះសម្រាប់ចិញ្ចឹមជាលក្ខណៈគ្រួសារ។

ក្នុងការសង់រោងយើងត្រូវជ្រើសរើសទីកន្លែង ណាដែលសមស្រប ហើយរកដីដែលមានទី ទួល មានខ្យល់ចេញចូលបានល្អ មានពន្លឺថ្ងៃ ចូលគ្រប់គ្រាន់ និងមានប្រភពទឹកស្អាតសម្រាប់ ផ្គត់ផ្គង់ឱ្យវា ទើបជាការងាយស្រួលក្នុងការ ចិញ្ចឹម។ រោងសម្រាប់ចិញ្ចឹមគ្រួចអាចសង់ឡើងដោយវិធីណាមួយក៍បានហើយអាចចិញ្ចឹមវានៅលើកម្រាលក្រាលដោយសំណាញ់ភ្នែក គ្រួច ឬផ្ទាល់ដីក៍បានតាមលទ្ធភាពដែលយើង មាន។

ប្រសិនបើយើងសម្រេចចិញ្ចឹមនៅលើដីផ្ទាល់យើងត្រូវរៀបចំធ្វើឱ្យបានស្អាត និងត្រូវ បាចកំបោរសដើម្បីសម្លាប់មេរោគ ហើយយើង ត្រូវយកអង្កាម ឬអាចម៍រណារ មកក្រាលលើ ដីដែលគ្រួចត្រូវរស់នៅ។ ប៉ុន្តែ បើយើងពុំមាន អង្កាម ឬអាចម៍រណារទេនោះ យើងយកចំបើងមក កាត់ឱ្យខ្លីៗមកក្រាលជំនួសក៍បាន ព្រោះវាអាចកាត់ បន្ថយសំណើមពីលាមករបស់វាបានដូចគ្នា។

២-ការជ្រើសរើសពូជ

ដើម្បីយកពូជគ្រួចមកបង្កាត់ សម្រាប់គ្រួច ឈ្មោលគប្បីមានអាយុពី ៦០ ទៅ ៧០ថ្ងៃជាការ ល្អ និងត្រូវដាក់វាដាច់ដោយឡែកពីគ្រួចញី ដែលត្រូវបានជ្រើសរើសជាពូជល្អៗ ទុកសម្រាប់ បង្កាត់ពូជ និងយកវាដាក់ឱ្យនៅក្នុងទ្រុងដោយឡែក ពីគ្រួចដទៃទៀត។ ក្នុងការដាក់បង្កាត់យើងត្រូវ យកគ្រួចញីចំនួន ៥ក្បាល សម្រាប់គ្រួចឈ្មោល ១ ក្បាល ហើយគ្រួចញីវាអាចពងនៅពេលវា មានអាយុ ៧សប្តាហ៍ ឬ៤៩ ថ្ងៃ។

ក្នុងមួយអាយុ កាលរបស់គ្រួច វាអាចពងបានរហូតទៅដល់ ២៨០ពង ក្នុងនោះប្រសិនបើវាមានអាយុចាប់ ពី៨សប្តាហ៍ឡើងទៅការពងរបស់គ្រួចត្រូវធ្លាក់ មកត្រឹមតែហាសិបភាគរយតែប៉ុណ្ណោះ។ ពង គ្រួចដែលយើងយកមកភ្ញាស់បាន គឺត្រូវយកពង ណាដែលមានទំហំធំជាងគេទើបយើងទទួលបាន កូនគ្រួចដែលមានពូជធំល្អ តែមិនមានន័យថា ពងគ្រួចធម្មតាមិនអាចភ្ញាស់បាននោះទេ គឺ យើងអាចដាក់ភ្ញាស់ ដោយឡែកពីពងដែលបាន ជ្រើសរើសទុក។ហើយពងគ្រួចវាត្រូវការពេល ចំនួន ១៨ថ្ងៃ ដើម្បីញាស់ក្លាយជាកូន គ្រួច ដោយប្រើទូរភ្ញាស់ដែលមានកំដៅចាប់ពី ៣៦ ទៅ ៣៨អង្សាសេ។

តាមធម្មតាសត្វគ្រួច មានរូបរាងស្រដៀងៗ គ្នារវាងគ្រួចញី និងគ្រួចឈ្មោល ប៉ុន្តែគេអាច សម្គាល់វាបានត្រង់ថា គ្រួចញី វាមានពណ៌ ត្នោត និងមានអុជខ្មៅៗ លាយជាមួយ ខណៈគ្រួច ឈ្មោលវិញនោះ គឺមានពណ៌ត្នោតដែរ តែមាន ពណ៌សលាយគ្នាត្រង់ ដើមទ្រូងរបស់វា។

៣-វិធីសាស្ត្រនៃការថែទាំ

ដើម្បីថែទាំសត្វគ្រួចឱ្យល្អបំផុតនោះ គឺយើង គួរតែដាក់កូនគ្រួចតាមតែទ្រុងដែលយើងធ្វើឱ្យ វាតែប៉ុណ្ណោះ។ប្រសិនបើយើងធ្វើទ្រុងមាន បណ្តោយ៥ម៉ែត្រ និងទទឹង ៤ម៉ែត្រ យើងអាច ដាក់គ្រួចបានចំនួនពី១៦០០ទៅ១៧០០ក្បាល ទើបការលូតលាស់របស់វា ឆាប់ធំធាត់បានល្អ។ចំពោះគ្រួចញីវាត្រូវការពន្លឺក្នុងមួយថ្ងៃ១៦ម៉ោងទើបវាអាចបន្តការពងបានល្អ និងញាស់ កូនមកធំៗបានល្អដែរ។

នៅពេលដែលកូនគ្រួច ទើបនឹងញាស់មកភ្លាម យើងមិនត្រូវយកកូន គ្រួចចេញមកក្រៅទូរភ្ញាស់នោះភ្លាមៗទេ គឺត្រូវដាក់វាឱ្យនៅក្នុងទូរនោះចំនួន១ថ្ងៃសិនដើម្បីឱ្យ វារឹងជើងសិនចាំយកវាមកដាក់ក្នុងទូរស្អំដែល មានរនាំងបាំងជិតការពារវាមិនឱ្យត្រូវខ្យល់អាកាសខាងក្រៅដែលគេធ្វើបែបនេះក្នុងរយៈពេល១០ថ្ងៃទើបបញ្ចោញមកក្រៅដាក់ក្នុងទ្រុងជាធម្មតា វិញ។

ចំពោះគ្រួចដែលទើបញាស់ យើងត្រូវចាក់ វ៉ាសាំងរយៈពេល ៧ថ្ងៃ ដែលមានជាតិវិតាមីន លាយជាមួយនឹងទឹកសម្រាប់ឱ្យវាផឹកជារៀង រាល់ថ្ងៃទើបឆាប់ធំធាត់ល្អ។ ដើម្បីកុំឱ្យគ្រួច មានជំងឺយើងត្រូវសម្អាតទ្រុងជាប្រចាំក្នុងរយៈ ពេល ៣ម៉ោងម្តងនិងមិនត្រូវឱ្យសត្វផ្សេងៗ ដូចជា ឆ្កែ ឆ្មា កណ្តុរចូលក្នុងទ្រុងបានឡើយ ព្រោះ សត្វទាំងនេះវាអាចជាអ្នកចម្លងមេរោគ ទៅសត្វគ្រួចរបស់យើងបាន។

៤-ការប្រមូលផល

ទាក់ទងនឹងការចិញ្ចឹមគ្រួចយើងទទួលបាន ផលប្រយោជន៍យ៉ាងច្រើន ដែលក្នុងនោះ គឺយើង អាចយកពងរបស់វាទៅលក់នៅតាមទីផ្សារតែ ម្តង ឬយកពងគ្រួចទៅភ្ញាស់ឱ្យចេញជាកូន ទើប យកទៅលក់ក៏បាន។ ចំពោះកូនគ្រួចនេះដែរ បើ វាមានអាយុពី ៧ ទៅ ១០ ថ្ងៃ លក់ក្នុង១ក្បាល តម្លៃពី ១ ៣០០ ទៅ ១ ៧០០រៀល។

ដោយ តម្លៃគ្រួចសាច់វិញនោះ គឺលក់ក្នុង១ក្បាល តម្លៃ ពី២០០០ ទៅ ២៥០០រៀល ចំពោះគ្រួចឈ្មោល ប្រសិនបើគ្រួចញីវិញលក់ក្នុង១ក្បាលតម្លៃ ៣០០០រៀល។ មិនត្រឹមតែអាចលក់សាច់ និង ពងទេតែ អាចម៍របស់វាក៍អាចលក់បានដែរ ដោយវាមានតម្លៃពី ៣០០០ ទៅ ៥០០០រៀល ក្នុង ១ការ៉ុង ទម្ងន់៥០គីឡូក្រាម ដោយហាល វាឱ្យស្ងួត ខណៈគេយកអាចម៍របស់វាទៅធ្វើជី សម្រាប់ដាក់ដំណាំផ្សេងៗ។

 

អត្ថបទដោយ៖ចន្ទរះ

សូមមើលវីដេអូ៖(កសិដ្ឋាន សាហ្វាត SAFAT Farm)