វិធីសាស្រ្តចិញ្ចឹមមេពូជត្រីទីឡាព្យាដើម្បីយកកូន

529

ការចិញ្ចឹមមេពូជត្រី​ទី​ឡា​ព្យាដើម្បីយកកូន

 

* ការរៀបចំស្រះ និងលែងមេពូជ

រៀបចំ​ជីកស្រះ​ដែល​មាន​បណ្តោយ ៣០ ម៉ែត្រ ទទឹង ១០ ម៉ែត្រ ជំរៅ ២ម៉ែត្រ ហើយ​បាច​កំបោរស ដាក់ជីលាមកគោ និងស្លឹកទន្ទ្រោនខែត្រស្រស់ចូល អោយ​ទឹកមាន​ពណ៌​បៃតង​ខ្ចី (សំបូរ​ចំណី​ធម្មជាតិ)។​ ក្រោយ​ពេល​ឃើញទឹក​មាន​ពណ៌​ល្អ​ហើយ យើងអាច​លែង​មេពូជ​ត្រី​ទីឡាព្យា​ចំនួន ៦០ ក្បាល និងត្រីឈ្មោល១០ ដែលក្នុង​មួយ​ក្បាល​ទំងន់ ៣ ខាំ។ ​ផ្តល់​ចំណី កន្ទក់ ក៏ដូចជា​ចុងអង្ករ ចក កាក​សំណល់​បន្លែ។ល។

* ការដួសកូនត្រី

ក្រោយពេល ​លែងមេពូជ​ត្រីចំនួន​មួយខែមក គេអាច​ឃើញមាន​កូនត្រី​ហែល​តាម​មាត់ច្រាំង។ ពេលនោះ យើងអាច​ដួសកូនត្រី​ទាំងនោះ​ចេញពីស្រះ ​(កូនត្រីកើត​បាន​ប្រហែល​បួនថ្ងៃ) ទៅផ្សាំ​ក្នុងហាប៉ា ដោយ​ប្រើ​ថ្នង​ធ្វើពី​ក្រឡា​សំណាញ់។ ការដួស​កូនត្រី​ផ្សាំ​ក្នុង​ហាប៉ា ធ្វើឡើង​រៀងរាល់​អាទិត្យ។ ជាមធ្យម ហាប៉ា​មាន​បណ្តោយ ២ ម៉ែត្រ ទទឹង ២ម៉ែត្រ និង ជំរៅមួយ​ម៉ែត្រ ដាក់កូនត្រី ២៤០០ ក្បាល។

* ការអោយចំណីត្រី

កូនត្រីដែលនៅក្នុងហាប៉ា ត្រូវបាន​អោយចំណី​មួយថ្ងៃ​២ដង (ព្រឹក ល្ងាច)។
– ចំណីរបស់វាគឺ៖
សណ្តែកសៀងចំនួនបីខាំ ស្ងោរកិន​លាយពង​មាន់ឆ្អិន ១​គ្រាប់ (យកតែពងក្រហម) ហើយ​ច្របាច់វា​អោយ​ម៉ដ្ឋ រួចបាច​ចូលក្នុង​ហាប៉ា​ដែលមានផ្ទៃ ៤ម៉ែត្រការេ។ គួរជៀសវាង​ការដាក់​ចំណី​​ច្រើនពេក ដែល​អាច​នាំអោយ​ទឹកស្អុយ។

* ការប្រមូលផល

ក្រោយពេលផ្សាំក្នុងហាប៉ាបាន ២១​ ថ្ងៃ កូនត្រីធំធាត់​មាន​ប្រវែងពី ៣ ទៅ ៤ សង់ទីម៉ែត្រ និង អាច​ដួស​លក់​បាន។ ក្នុងមួយរដូវ​(ពីរខែកន្លះ) គេអាចផលិត​បានកូនត្រី ២១៨០០ ក្បាល រួចលក់​បានតំលៃ ៦០ រៀល​ក្នុងមួយ​ក្បាល។

សូម​បញ្ជាក់ថា កូនត្រីមានប្រវែងពី ៣ ទៅ​ ៥ សង់ទីម៉ែត្រ ទើបដាក់ចិញ្ចឹមបានល្អ។

ប្រភព៖ ព្រុំ សុភាព ប្លុក

 

ចែករំលែក

LEAVE A REPLY

Please enter your comment!
Please enter your name here