ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

សារៈប្រយោជន៍វល្លិ៍បណ្តូលពេជ្រក្នុងវិស័យកសិកម្ម និងឱសថ

27-Feb-2018 11:54 AM

រូបភាព


ដោយ: Uddam

តាមការស្រាវជ្រាវបានបង្ហាញឲ្យឃើញថា រុក្ខជាតិវល្លិ៍បណ្តូលពេជ្រមានសារៈប្រយោជន៍ណាស់ អាចប្រើជាថ្នាំសំលាប់សត្វល្អិតបំផ្លាញដំណាំផង និងប្រើជាឱសថព្យាបាលជំងឺមនុស្ស និងសត្វផង។
ដូច្នេះ ខ្ញុំសូមបង្ហាញជូនបងប្អូនពុកម៉ែទាំងគុណប្រយោជន៍ផ្នែកសិកម្ម ដោយប្រើសំរាប់កំចាត់សត្វល្អិត និងប្រើដើម្បីផ្សំចំណីឱ្យសត្វ ព្រមជាមួយនឹងគុណប្រយោជន៍ខាងផ្នែកឱសថរបស់រុក្ខជាតិវល្លិ៍បណ្តូលពេជ្រនេះ។
ដំបូង សូមបងប្អូនមកសិក្សាពីគុណប្រយោជន៍ផ្នែកកសិម្មជាមុនសិន៖

I. ការប្រើជាថ្នាំសំលាប់សត្វល្អិត
ដើម្បីសំលាប់ដង្កូវយោលទោង ដង្កូវស៊ីរូងដើម ស្រឹងខ្មៅខ្នង មមាចត្នោត និងមមាចខៀវ យើងអនុវត្តការប្រើប្រាស់ដូចខាងក្រោម៖
១. របៀបប្រើសំរាប់ត្រាំឫសសំណាប
-យកវល្លិ៍បណ្តូលពេជ្រចំនួន ២ គីឡូក្រាម ទៅកាត់ឲ្យខ្លីៗ ហើយបន្ទាប់មកយកទៅកិនបំបែក
-លាយវល្លិ៍ដែលយើងបំបែករួចជាមួយទឹក ១០លីត្រ ហើយត្រាំសំណាបក្នុងល្បាយនេះរយៈពេល ១ យប់មុននឹងយកទៅស្ទូង ។
២. របៀបប្រើលើស្រូវកំពុងដុះលូតលាស់
-កាត់វល្លិ៍ជាកំណាត់ៗ ប្រវែង ៣តឹក ហើយចងវាទៅនឹងបង្គោលឫស្សីរបៀបដូចជាកាំជណ្តើរ
-ដាក់ជណ្តើរនេះនៅត្រង់មាត់ច្រកទឹកហូរចូលស្រែ។ ទឹកនឹងហូរកាត់ពីលើវា ហើយនាំយកសារធាតុពុលដល់សត្វល្អិតទៅជាមួយ ដោយហូររាយពេញក្នុងស្រែ។
៣. របៀបប្រើកប់ដើមទៅក្នុងដី និងបាចក្នុងស្រែ
-កាត់វល្លិ៍ជាកំណាត់ខ្លីៗ បាចឲ្យស្មើរដៃទៅក្នុងស្រែ។ គេប្រើវាក្នុងបរិមាណ ៥០ ទៅ ៦០គីឡូក្រាម ក្នុងមួយហិកតា ចំពោះសត្វល្អិតច្រើនយើងប្រើដូចខាងក្រោម
ក- បាច ហើយកប់វាទៅក្រោយពេលភ្ជួរ និងមុនពេលរាស់ដី
ខ- បាចវាក្នុងស្រែរយៈពេល ២៥ថ្ងៃក្រោយពេលព្រោះ ឬស្ទូង
គ- បាចវាក្នុងស្រែរយៈពេល ៥០ថ្ងៃក្រោយពេលព្រោះ ឬស្ទូង ។
ចំពោះសត្វល្អិតមធ្យម យើងប្រើដូចខាងក្រោម
១. បាចហើយកប់វាទៅក្នុងដី ក្រោយពេលភ្ជួរ និងមុនពេលរាស់ដី
២. បាចវាក្នុងស្រែរយៈពេល ៥០ ថ្ងៃ ក្រោយពេលព្រោះ ឬស្ទូង។

II. វិធីផ្សំចំណីធម្មជាតិដែលជួយឲ្យកូនមាន់ឆាប់ធំធាត់
* ធាតុផ្សំ៖
– ស្លឹកកន្ធំថេត
– ផ្ទី
– បាយ កន្ទក់
– ត្រួយ ឬផ្កាស្តៅ
– ទឹកប្រទាលកន្ទុយក្រពើស្ងោរ
– ចំណីកូនមាន់។

* វិធីធ្វើ៖
– ចិញ្ច្រាំ ស្លឹកកន្ធំថេត ផ្ទី និងត្រួយស្តៅឲ្យម៉ដ្ឋ
– លាយ ស្លឹកកន្ធំថេត២០% ផ្ទី២០% បាយ២៥% ចំណីកូនមាន់១០% និងស្តៅ៥% កន្ទក់២០% រួចលាយទឹកប្រទាលកន្ទុយក្រពើស្ងោរឲ្យចំណីសើមល្មម ។

* ការប្រើប្រាស់៖
– អាចប្រើចំណីនេះសម្រាប់កូនមាន់ដែលមានអាយុ២សប្តាហ៍ចុះ
– ដាក់ចំណីនេះអោយមាន់ស៊ី ២ ឬ ៣ ពេលក្នុងមួយថ្ងៃ ហើយការលាយចំណីម្តងអាចប្រើត្រឹមមួយថ្ងៃ
សម្រាប់ខែក្តៅត្រូវត្រាំទឹកសំបកស្តៅ សំបកគរ ឬវល្លិ៍បណ្តូលពេជ្រឲ្យវាផឹក សម្រាប់ខែត្រជាក់ត្រូវលាយទឹកខ្ចីឲ្យវាផឹក។
ជាបន្ទាប់ ខ្ញុំសូមបង្ហាញពីគុណប្រយោជន៍ខាងផ្នែកឱសថរបស់រុក្ខជាតិវល្លិ៍បណ្តូលពេជ្រវិញម្តង៖
I. វល្លិ៍បណ្ដូលពេជ្រ ជួយព្យាបាលជំងឺតាអក ទឹកនោមផ្អែម
រុក្ខជាតិ៖ វល្លិ៍បណ្ដូលពេជ្រ

​* ផ្នែកប្រើប្រាស់៖  រុក្ខជាតិទាំងមូល។
* កបនឹងជម្ងឺ៖ រមាស់ តាអក ប្រមេះទឹកបាយ ឈឺសន្លាក់ឆ្អឹងរ៉ាំរ៉ៃ ស្វាយ គ្រុនចាញ់ គ្រុនក្ដៅ ទឹកនោមផ្អែម មិនឃ្លានអាហារ។

កំរិតប្រើ៖
– ស្ងួត 10g ស្ងោរទឹក១លីត្រផឹកក្នុង១ថ្ងៃ
– (ម៉្សៅ) 2g-3g ឆុងទឹកហូបក្នុង១ថ្ងៃ។

II. រូបមន្តធ្វើឱសថពីធម្មជាតិជ្រលក់សក់កុំឱ្យស្កូវមុនវ័យ
រូបមន្តទី១
* គ្រឿងផ្សំមាន៖
១-វល្លិ៍បណ្តូលពេជ្រស្រស់ៗ ១០០-២០០ ក្រាម។

២-ទឹកលាងអង្ករ (ទឹកអង្ករ) ១ ចានចង្កឹះ។

* វិធីធ្វើ៖ ហាន់វល្លិ៍បណ្តូលពេជ្រខ្លីៗ ប្រវែង ២-៣ ថ្នាំងដៃ រួចបុកឱ្យល្មមបែក បន្ទាប់មកដាក់ក្នុងឆ្នាំងជាមួយទឹកលាងអង្ករ ស្ងោរឲ្យពុះ ១០០ អង្សាសេ។ រួចសំរឹត ឬត្រងយកទឹកដាក់ក្នុងដបដោយបិទគម្របឲ្យជិត។
* វិធីប្រើ៖ យកទឹក មកលាបសក់ក្បាលឱ្យជោគ ឈ្លីលើសក់ក្បាលឲ្យសព្វ រួចផ្អាប់ទុកលើក្បាលរយៈពេល ១៥ នាទី ទើបលាងជំរះចេញដោយទឹកស្អាតជាការស្រេច ក្នុងមួយសប្តាហ៍ គួរធ្វើ ២-៤ ដង។

គុណប្រយោជន៍៖ វល្លិ៍បណ្ដូលពេជ្រឧត្តមដោយសារធាតុ (Alkaloid) ដូចជា (Boraprtoside)ដែលមានរសជាតិល្វីង មានគុណសម្បត្តិជួយបង្ការកុំឱ្យសក់ស្កូវលឿនជាងវ័យ និងជំនួយសរសៃសក់ឱ្យមានសុខភាពល្អរឹងមាំជាដើម។

រូបមន្តទី២
ជួយឲ្យសក់ខ្មៅរលើប រឹងមាំ មិនស្កូវលឿនជាងវ័យដែរគួរ
គ្រឿងផ្សំមាន៖
១-ត្រចៀកក្រាញ់ ២-៣ ក្តាប់ដៃណែនៗ

២-ទឹកស្អាត ១ ចានចង្កឹះ
៤-ទឹកដូង ៥ ស្លាបព្រាបាយ ។

វិធីធ្វើ៖ ហាន់ត្រចៀកក្រាញ់ឱ្យតូចៗបុកឲ្យម៉ត់ ឬកិនឲ្យម៉ដ្ឋ ហើយដាក់ទឹកស្អាត ១ ចានចង្កឹះចូល លាយផ្សំឱ្យចូលគ្នាល្អហើយ ត្រងយកទឹកដាក់ក្នុងឆ្នាំង ដាក់ដាំលើភ្លើង (កុំខ្លាំងពេក) រួចចាក់ទឹកដូងចូល កូរគ្រឿងផ្សំរឿយៗឱ្យសល់តែខ្លាញ់ឬប្រេង រួចហើយ លើកចុះទុកឱ្យត្រជាក់។

* វិធីប្រើ៖ យកទឹកនោះ មកលាបលើសក់ក្បាលឲ្យជោគ ឈ្លីឲ្យសព្វ រួចផ្អាប់ទុកលើក្បាល ទុករយៈពេល ១៥ នាទី លាងជំរះដោយទឹកស្អាតជាការស្រេច គួរអនុវត្តក្នុងមួយសប្តាហ៍ ២-៤ ដងទើបបានផលល្អ ។
គុណប្រយោជន៍៖សម្រាប់ស្លឹកត្រចៀកក្រាញ់មានសារជាតិ (Glycoside) និងវីតាមីនផ្សេងៗ ឧត្តមដោយគុណសម្បត្តិ ដែលជួយបង្ការ Free radical កាត់បន្ថយ Oxidation ជួយពន្យាអាយុកោសិការបស់សក់ និងកាពារកុំឲ្យសក់ស្កូវលឿនជាងវ័យទៀតផង។

ដើមបណ្តូលពេជ្រ ជារុក្ខជាតិប្រភេទវារតោងម្យ៉ាង មានឫសវែងធ្លាក់ចុះមកដី ដើមដែលជាវល្លិ៍ មានលក្ខណៈពកៗ មិនស្មើគ្នា និងមានរសជាតិល្វីង ជាពិសេសដើម ដែលមានអាយុពី១០ ខែឡើងទៅ វាមានសារធាតុគ្រប់គ្រាន់សំរាប់ប្រើ ។ ស្លឹករបស់វាមានទងវែងរលីង ផ្ទៃស្លឹកខាងលើមានពណ៌បៃតង ចាស់ជាងខាងក្រោម ។ ផ្កាជាកញ្ចុំរួត ញឹក ចេញពីត្រង់ប្រគាបស្លឹក ។ ផ្លែរាងមូលដូចស៊ុតមានគ្រាប់មួយ ។ រុក្ខជាតិនេះ មានឈ្មោះវិទ្យាសាស្ត្រហៅថា ទីណូស្ព័ររ៉ា គ្រីសស្ប៉ា (Tinospora crispa) ។
រុក្ខជាតិនេះច្រើនដុះនៅក្នុងព្រៃ ហើយកសិករ និងបងប្អូនយើងមិនសូវយកចិត្តទុកដាក់ចាប់អារម្មណ៍ប៉ុន្មានទេ ប៉ុន្តែក៏មានកសិករ និងបងប្អូនមួយចំនួនបានស្គាល់ ហើយយកទៅប្រើប្រាស់ក្នុងការព្យាបាលជំងឺ។

សូមបន្តចែករំលែកចំណេះដឹងល្អៗដល់ពុកម៉ែបងប្អូន ​និងប្រជាកសិករយើងឱ្យបានដឹងទាំងអស់គ្នាផងបាទ។ សូមអរគុណ។

អត្ថបទដោយ៖ អ៊ាង សុផល្លែត
សូមរក្សានូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។