ឯកសារបច្ចេកទេសកសិកម្ម
រូបភាព
១-ការរៀបចំចិញ្ចឹម៖
-សម្រាប់ស្រែដែលមានផ្ទៃ១០អារ(១០០០ម៉ែត្រការេ)ត្រូវជីកកូនស្រះមួយទំហំ១,៥ម៉ែត្របួនជ្រុងជម្រៅកន្លះតឹក
-ជ្រើសរើសស្រែដែលនៅជិតផ្ទះ សម្រាប់ដាក់ចិញ្ចឹម ព្រោះងាយស្រួលក្នុងការគ្រប់គ្រង និងថែទាំ
-ការជីកកូនស្រះនេះ គឺដើម្បីជាជម្រករបស់កង្កែបនៅពេលដែលខ្វះទឹកមិនមានភ្លៀងធ្លាក់។
-ក្រោយពីស្ទូងស្រូវបាន១០ថ្ងៃយើងត្រូវយកសំណាញ់ ឬឈឹបទៅព័ទ្ធជុំវិញក្រៅភ្លឺស្រែនោះដើម្បីការពារកុំឲ្យវាលោតចេញ និងការពារកុំឲ្យសត្វដទៃចូលទៅស៊ីកូនកង្កែបហើយដើម្បីឲ្យវាបានហាល ស្បែកផងដែរ
-ត្រូវលើកភ្លឺស្រែឲ្យបានខ្ពស់បន្តិចបន្ទាប់មកយើងអាចយកកូនកង្កែបមកលែង។
២-ការថែទាំ
-យើងមិនចាំបាច់ចំណាយក្នុងការទិញចំណីឲ្យវាស៊ីនោះទេ ព្រោះវាអាចស៊ីសត្វល្អិតដែលនៅក្នុងស្រែ នោះហើយប្រសិនបើចង់ឲ្យវាឆាប់ធំធាត់ យើងអាចចាប់អំពូលដាក់បំភ្លឺក្នុងស្រែនោះរាល់យប់ដើម្បីទាក់ទាញសត្វល្អិតមករោមភ្លើង ហើយធ្លាក់ក្លាយជាចំណីរបស់វា។
-បន្ថែមទៀតយើងត្រូវបាចជីកំប៉ុស្ត និងកាកសំណ់ឡជីវឧស្ម័នទៅក្នុងស្រែនោះក៏វាជួយបង្កើតចំណីបានផងដែរ និងហាមដាច់ខាតចំពោះ ការប្រើជីគីមី ដែលបណ្ដាលឲ្យវាងាប់។
៣-ការប្រមូលផល
ក្រោយចិញ្ចឹមវាបានជាង៣០ថ្ងៃយើងអាចចាប់វាធ្វើជាអាហារបានបណ្ដើរៗហើយយើងអាចប្រមូលផលវានៅពេលមុនច្រូតកាត់៕
អត្ថបទដោយ: អ៊ាង សុផល្លែត
សូមរក្សាអត្ថបទដើមបើបងប្អូនចង់យកទៅផូសបន្ត !!