សុខភាព និងសម្រស់
រូបភាព
សម្លាកគឺកើតឡើងដោយសារតែមានរបួស ការមុតទៅលើស្បែក ឬក៏មានបញ្ហាជម្ងឺសើស្បែក អាប់សែឬបូស ឬការរលាក ជម្ងឺត្រអកជាដើម។និយាយរួមសម្លាកគឺកើតឡើងដោយសារតែមានការប៉ះពាល់ជ្រៅដល់ស្រទាប់ទីពីររបស់ស្បែក ដែលបង្កឱ្យមានឈាម ឬក៏របួស ទើបក្លាយទៅជាសម្លាក។
1- សម្លាកធម្មតា ៖ គឺជាសម្លាកដែលរាបស្មើ ហើយមានពណ៌ស្រដៀងនឹងស្បែក។
2- សម្លាកខ្លាំង ៖ មានលក្ខណៈប៉ោងឡើង មើលឃើញយ៉ាងច្បាស់ជាងសម្លាកធម្មតា។
3-សម្លាកផ្លែ ៖ ជាសម្លាកដែលប៉ោងឡើងខ្លាំង និងរាលដាលធំជាងស្នាមរបួស។សម្លាកប្រភេទនេះច្រើនកើតនៅលើ បុគ្គលមួយចំនួន ដែលមានហ្សែនកំណត់ ភាគច្រើនគឺជាជនជាតិស្បែកខ្មៅ ដូចជាអាព្រិក ឬអាស៊ីដែលមានសម្បុរស្រអែម។វិធីព្យាបាលសម្លាក៖តាមធម្មតា សម្លាកមិនអាចធ្វើការព្យាបាល ឱ្យបាត់ទាំងស្រុងបាននោះទេ តែអាចធ្វើការព្យាបាល ដោយសម្រួលសម្លាក ដើម្បីឱ្យមើលទៅមានរាងតូច ឬស្រាលជាងមុន។សម្លាកអាចសម្រួលបានតាមវិធីសាស្ដ្រផ្សេងៗ ដូចតទៅ។
– ការវះកាត់ ៖ គឺវះកាត់ដើម្បីសម្រួល សម្លាកដែលធំឱ្យទៅជាខ្សែ។
– ការខាត់ស្បែក ៖ គឺដើម្បីឱ្យសម្លាក មានសភាពរាបស្មើ ប្រហាក់ប្រហែលនឹងស្បែកធម្មតា។
– ការប្រើឡេសឺ ៖ ការប្រើឡេសឺសម្រាប់បាញ់ ដើម្បីសម្រួលដល់សម្លាក ឱ្យមានសភាពធម្មតា មិនប៉ោង។
– ការចាក់ថ្នាំ ៖ ដើម្បីឱ្យសម្លាកស្វិតរួមទៅជាតូច។
– ការប្រើម្ជុលតូចៗ ៖ គេប្រើម្ជុលតូចយក ទៅចាក់នៅលើស្បែក ដែលមានស្នាម ដើម្បីឱ្យស្នាមចែកគ្នា ទៅជាបំណែកតូចៗ។វិធីការពារកុំឱ្យកើតមានសម្លាក៖វិធីការពារកុំឱ្យមានសម្លាក គឺការពារកុំឱ្យមានរបួស ព្រោះរបួសកាន់តែធំ ឬកាន់តែជ្រៅ អាចធ្វើឱ្យស្នាមសម្លាកកាន់តែធំដែរ។លោកអ្នកត្រូវការពារ មេរោគឆ្លងនៅលើរបួស ព្រោះអាចឱ្យមានស្នាមរបួសកាន់តែធំ ហើយជ្រៅដែលបន្សល់នូវស្នាម សម្លាកធំដែរ៕ សម្រួលអត្ថបទដោយ៖ខ្ទឹមស