ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
គ្មាន

ប្រវត្តិខ្លះៗពីប្រាសាទបន្ទាយស្រី !!!

01-Feb-2019 09:06 AM

រូបភាព


ដោយ: Uddam

ប្រាសាទ​បន្ទាយស្រី​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ បន្ទាយស្រី​ ​ឃុំ​ដំដែក​ ​ស្រុក​សូទ្រនិគម​ ​ក្នុង​បរិវេណ​វត្ដ​ប្រាសាទ​បន្ទាយស្រី​ ចម្ងាយ​ប្រមាណ ​៣៤ ​គីឡូម៉ែត្រ នៅ​ទិស​ខាងកើត​ទីរួមខេត្ដ​សៀមរាប​ ​និង​មាន​ទី​តាំង​នៅ​ចំណុច​ ​UTM (X: 131521, Y: 10407207)

ប្រាសាទ​នេះ​ជា​សំណង់​ទោល​បែរ​មុខ​ទៅ​ទិស​ខាងកើត​ និង​មាន​ហោត្រៃ (មន្ទីរ​តម្កល់​គម្ពីរ​ផ្សេងៗ, បណ្ណាល័យ) ​ពីរ​បែរមុខ​ទៅ​ទិស​ខាងលិច ដែល​បច្ចុប្បន្ន​រលំ​បាក់​បែក​អស់​ហើយ ។ សម្ភារៈ​សំណង់​មាន​ថ្មភក់​ ​ថ្ម​បាយក្រៀម​ ​និង​ឥដ្ឋ​ ​ហើយ​មាន​ភាព​ទ្រុឌទ្រោម​ខ្លាំង​បណ្ដាល​មក​ពី​ធម្មជាតិ​ ​និង​មនុស្ស​ជីក​កកាយ​រក​វត្ថុ​បុរាណ​ និង​ការ​បោះបង់​ចោល​មិន​មាន​ថែរក្សា​ឱ្យ​បាន​ដិត​ដល់​ជា​យូរ​មក​ហើយ 

ប្លង់​តូប​ប៉ម​កណ្ដាល​មាន​រាង​ការ៉េ​មាន​ទ្វារ​ចូល​បួន​ទិស​ ​និង​រានហាល​រាង​កាកបាទ​ ​សង់​នៅ​ទី​ទម្រ​ពីរ​ជាន់​ ​និង​មាន​កំពែង​ព័ទ្ធ​ជុំវិញ​បី​ជាន់ ។ អត្ថបទ​លោក​ ​Lunet​ ​de​ ​La​ ​jonqiére​ ​បាន​រៀបរាប់​ត្រឹមតែ​កំពែង​ទី​១​ ​និង​ទី​២​ប៉ុណ្ណោះ ។ នេះ​ប្រហែលជា​លោក​មិន​បាន​សង្កេត​ឃើញ​ស្នាម​ទាំងនោះ​ទេ 

ប្រាសាទ​បន្ទាយស្រី​ពុំ​មាន​សិលាចារឹក​ប្រាប់​អំពី​ កាលបរិច្ឆេទ​អ្វី​ទាំងអស់ ។ ហេតុនេះ​ឆ្លង​តាម​ការ​ស្រាវជ្រាវ​កន្លង​មក​ ​និង​ការ​ប្រៀបធៀប​លើ​សំណង់​ស្ថាបត្យកម្ម​ ​និង​រចនាសម្ព័ន្ធ​ប្រាសាទ​ ​គឺ​ប្រាសាទ​នេះ​មាន​លក្ខណៈ​ដូច​ប្រាសាទ​តាកែវ​ ​ភិមានអាកាស​ ​ភ្នំ​ជីសូរ​ ​ឯកភ្នំ​ ដែល​ជា​សំណង់​សាង​ឡើង​នៅ​សតវត្ស​ទី​១១​ ​ក្នុង​រចនាប័ទ្ម​ឃ្លាំង​រាជ្យ​ព្រះបាទ​សូរ្យវរ្ម័ន​ទី​១ ។ ម្យ៉ាង​វិញ​ទៀត​បើ​យោង​តាម​អ្នកស្រី​ ​Coral​ ​Rémusat​ ​ដែល​បាន​ធ្វើការ​សិក្សា​ទៅ​លើ​សំណង់​ស្ថាបត្យកម្ម​ ​និង​ការ​តុបតែង​លម្អ​បាន​ចាត់​ចូល​ប្រាសាទ​នេះ​ទៅ​ក្នុង​រចនាប័ទ្ម​ឃ្លាំង​ ​ដោយ​សម្អាង​លើ​ហោជាង​ ​ផ្ដែរ​ ​ទ្វារ​ ​សសរ​ពេជ្រ​ ​សសរ​ផ្អោប​ ​និង​បដិមា​សាស្ដ្រ 

សព្វថ្ងៃ​ប្រាសាទ​បន្ទាយស្រី​ដំដែក​ ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ និង​ទទួល​ខុសត្រូវ​របស់​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ​នៃ​ អាជ្ញាធរ​អប្សរា ។ ក្រុមការងារ​របស់​នាយកដ្ឋាន​បាន​រៀបចំ​គំរោង​យុទ្ធសាស្ដ្រ​តាម​ដំណាក់កាល​ នីមួយៗ​ដើម្បី​សង្គ្រោះ​ប្រាសាទ​នេះ​ពី​ការ​បំផ្លាញ​ដោយ​ដើម​ឈើ​តូច​ ​ធំ​ ​សត្វ​ ​និង​សកម្មភាព​ទុច្ចរិត​របស់​មនុស្ស៕