សុខភាព និងសម្រស់
រូបភាព
យោងតាមការសិក្សាជាច្រើនពីអ្នកជំងឺដែលទទួលរងបញ្ហាឆ្អឹងខ្នង ទម្លាប់ប្រចាំថ្ងៃមួយចំនួនបានបំផ្លាញសរីរាង្គមួយនេះឱ្យទៅជាកោងខូច និងបង្កគ្រោះថ្នាក់ដល់រាងកាយបាន តែមនុស្សមិនបានចាប់អារម្មណ៍ឡើយ។ ដូច្នេះបើអ្នកធ្លាប់មានបញ្ហាឈឺឆ្អឹងខ្នង គួរក្រឡេកទៅមើលថា រាល់ថ្ងៃមានបានធ្វើសកម្មភាពដូចខាងក្រោមនេះដែរឬទេ? បើមាន គួរបញ្ឈប់វាជាបន្ទាន់ ជៀសវាងយឺតពេល!
១-លើករបស់ធ្ងន់ៗ៖រលើករបស់ធ្ងន់ៗ ទោះបីមួយភ្លែតក៏ដោយអាចបណ្ដាលឱ្យឆ្អឹងខ្នងមានបញ្ហា ប្រសិនបើអ្នកមិនដឹងពីវិធីលើកវាឱ្យបានត្រឹមត្រូវ។ ការឱនដែលខុសប្រក្រតីនឹងធ្វើឱ្យឆ្អឹងនៅត្រង់ខ្នងទៅជាឈឺ។
២-កាយវិការខុសប្រក្រតី៖មិនថាអង្គុយនៅតុធ្វើការ មើលទូរទស្សន៍ ឬធ្វើអ្វីផ្សេងទេ ត្រូវប្រាកដថាអ្នកមានឥរិយាបថត្រឹមត្រូវ មិនដូច្នោះទេ អ្នកនឹងមានអារម្មណ៍ថាចុកខ្នងចុកចង្កេះ ដែលយូរៗទៅ នឹងបង្កបញ្ហាធ្ងន់ធ្ងរមិនខាន។
៣-គេងលើពូកទន់ពេក៖ការគេងលើពូនទន់ល្មើយគឺជាក្ដីសុខសម្រាប់ដំណេក ប៉ុន្តែបើអ្នកជ្រើសរើសពូកដែលទន់ជ្រុលពេក បានន័យថា ពូកដែលពេលគេងពីលើវាទន់ចុះក្រោមជ្រៅពេក នឹងធ្វើឱ្យឆ្អឹងខ្នងកោងតាមសភាពកោងទន់របស់ពូកនោះដែរ។ ហេតុនេះ គួរជ្រើសរើសពូកណាដែលទន់ តែមិនជ្រាយទន់ចុះក្រោមតាមទម្ងន់ខ្លួនរបស់អ្នក ទើបអាចទប់ឆ្អឹងខ្នងឱ្យត្រង់បាន។
៤-អង្គុយយូរៗពេក៖បើការងាររបស់អ្នកទាមទារឱ្យអង្គុយយូរ អ្នកគួរចេះធ្វើចលនា ឬកំរើកសាច់ដុំឱ្យបានញឹកញាប់ ដោយសារការអង្គុយច្រើនម៉ោងជាប់គ្នានឹងបណ្ដាលឱ្យខ្នងរបស់អ្នកទៅជាឈឺចាប់។ ដូចនេះ គួរងើបដើរចេញពីកៅអីធ្វើការខ្លះ ដូចជាទៅបន្ទប់ទឹក ឬពត់ពែនខ្លួនលើកៅអី ជៀសវាងការអង្គុយសំកុកជាប់គ្នាយូរពេក។
៥- យួរកាបូប ឬស្បោងធ្ងន់ៗពេក៖ការទម្លាក់ដៃយួរស្បោង ឬកាបូបដែលធ្ងន់នឹងទម្លាក់ទម្ងន់ទាំងអស់ទៅលើស្មា ដៃ និងខ្នងរបស់អ្នកក្នុងការទប់របស់ទាំងនោះ ដែលនឹងធ្វើឱ្យដងខ្លួនគ្មានលំនឹងត្រឹមត្រូវ។ ដំណោះស្រាយ គឺបើអ្នកត្រូវយួររបស់ធ្ងន់ៗ គួររំលែកវាជាពីរចំណែក ហើយយួរដោយដៃម្ខាងៗក្នុងទម្ងន់ប្រហាក់ប្រហែលគ្នា ទើបដងខ្លួន ជាពិសេសឆ្អឹងខ្នងអាចទប់លំនឹងបាន។
៦-ពត់ខ្លួនមិនបានត្រឹមត្រូវ៖ការធ្វើលំហាត់យូហ្កា ឬលំហាត់ប្រាណប្រភេទផ្សេងទៀតដែលតម្រូវឱ្យពត់ខ្លួនចុះឡើងក៏អាចធ្វើឱ្យមានបញ្ហាដល់ឆ្អឹងខ្នងផងដែរ បើអ្នកធ្វើវាមិនបានត្រឹមត្រូវ។ ដូច្នេះត្រូវប្រាកដថា អ្នកបានស្ដាប់ការណែនាំពីអ្នកជំនាញច្បាស់លាស់ពីវិធីធ្វើលំហាត់ប្រាណទាំងនេះឱ្យមានសុវត្ថិភាព និងមានសុខភាពល្អ។
៧-បើកបរលើផ្លូវរលាក់៖ការបើកបរលើផ្លូវរលាក់នឹងធ្វើឱ្យរាងកាយរបស់អ្នកមានចលនារលាក់ចុះឡើងដូចគ្នា។ ជាពិសេសការធ្វើដំណើរលើផ្លូវរយៈពេលយូរ ក៏អាចបណ្ដាលឱ្យខ្នងរបស់អ្នកទៅជាចុកចាប់ រោយចង្កេះបានដែរ។ វិធីដោះស្រាយ គឺនៅពេលធ្វើដំណើរផ្លូវឆ្ងាយ គឺឈប់សម្រាកឱ្យបានញឹកញាប់ ដើម្បីខ្នងបានសម្រាក មិនប្រឹងទប់លំនឹងដងខ្លួនដូចពេលកំពុងបើកបរ៕អត្ថបទដោយ៖ អ៊ាង សុផល្លែត