ព័ត៌មានកសិកម្ម
រូបភាព
១.ការរៀបចំដីសម្រាប់ដាំ
-ដីដែលអាចដាំ ដំណាំសណ្តែកដីបាន គឺជាប្រភេទល្បាយខ្សាច់ ពោលគឺជាដីមានសភាពធូរ
-ការរៀបចំដី គឺត្រូវភ្ជួរដីហាលអាចម៍ដីទុកចោលរយៈពេល ១៥ថ្ងៃ។ ធ្វើបែបនេះដើម្បីកប់រុកជាតិផ្សេងៗឱ្យរលួយក្លាយជាជីជាតិ ពិសេសធ្វើឱ្យដីធូរល្អ និងងាយស្រួលឱ្យដំណាំចាក់ឫស ហើយមើមបានល្អ
-ភ្ជួរប្រែត្រឡប់ដីមួយសារទៀត
-យកដីដំបូកផេះដើមកន្ទ្រាងខែត្រមកកាត់ចិញ្ច្រាំឱ្យខ្លីៗ
-បាចនៅលើដីដែលត្រូវដាំ
-រាស់បំបែកដីឱ្យរាបស្មើ ដើម្បីយកស្មៅចង្រៃចេញ ហើយងាយស្រួលក្នុងការដាំដុះ និងមិនឱ្យក្រិន។
២.រដូវកាល និងវិធីក្នុងការដាំដុះ
-សណ្តែកដីអាចដាំបានចាប់ពីខែចែត្រទៅ ពោលគឺមុនចូលឆ្នាំខ្មែរ និងមានរយៈពេលដាំប្រមាណ ៤ ទៅ ៥ខែ។
-សណ្តែកដីជាប្រភេទរុក្ខជាតិដែលមិនត្រូវការដីមានជាតិសំណើមខ្លាំងពេកទេ ត្រឹមសើមល្មម និងស្ងួតល្មម ទើបអាចលូតលាស់បានល្អ
-គួររំលឹកផងដែរថា សណ្តែកដីអាចធន់ទ្រាំនឹងកម្តៅបានមិនលើសពី ៣៨អង្សាសេឡើយ បើសីតុណ្ហភាពលើសពីនេះវាមិនអាចផ្តល់ផលបានល្អឡើយ និងធ្វើឱ្យយើងបាត់បង់ទិន្នផល។
៣.ការជ្រើសរើសេពូជ
-តាមបទពិសោធន៍របស់ប្រជាកសិករ គឺមិនបានទៅទិញនៅលើទីផ្សារក្នុងស្រុក ឬក្រៅស្រុកឡើយ ពួកគាត់និយមចែករំលែកពូជតៗគ្នា ក្រោយរដូវប្រមូលផលពួកគាត់រក្សាទុកពូជដោយខ្លួនឯងវិញម្តង ដោយមិនចាំបាច់ទៅសុំចែកគេទៀតឡើយ គ្រប់គ្នាធ្វើរបៀបនេះដូចៗគ្នា។
-ទោះជាយ៉ាងពូជដែលគួរជ្រើសរើស គឺជ្រើសយកតែពូជណាដែលមានមើមថ្លោសល្អ
-ការជ្រើសពូជសម្រាប់ដាំដុះនៅរដូវកាលបន្ទាប់ ក្រោយរកបានពូជដែលល្អហើយត្រូវយកទៅហាលថ្ងៃឱ្យស្ងួតល្អ មុនយកទៅរក្សាទុក ចៀសវាងការបំផ្លាញដោយសត្វល្អិតដូចជា ក្មូតជាដើម។
៤.ការថែទាំ
-សណ្តែកដីហាក់មានភាពងាយស្រួលជាងដំណាំផ្សេងៗបន្តិច ព្រោះវាអាចរស់បានសឹងមិនចាំបាច់ស្រោចទឹក
-ក្នុង១អាទិត្យ ស្រោចទឹកតែ ១ ទៅ ២ដង ប៉ុណ្ណោះ
-គួរតែធ្វើស្មៅឱ្យបានទៀងទាត់ ព្រោះបើស្មៅដុះលឿនជាងសណ្តែកដី វានឹងបង្អាក់ដល់ការលូតលាស់នៃដំណាំ។
៥.ការប្រមូលផល
-ក្រោយដាំរយៈពេលពី ២ ទៅ ២ខែ១៥ថ្ងៃ ឬអាចឈានដល់ពី ៣ ទៅ ៤ខែ អាចប្រមូលផលបាន
-ការប្រមូលផលអាស្រ័យលើពូជដែលដាំ ពូជស្រាលឆាប់បានប្រមូលផល ពូជធ្ងន់មានរយៈពេលយូរបន្តិច តែអាចទទួលបានទិន្នផលច្រើនជាង និងមានមើមថ្លោសៗល្អជាង
-ដាំម្តងអាចប្រមូលផលបានតែ ១លើកតែប៉ុណ្ណោះ ដោយចាប់ផ្តើមពីខែចែត្រទៅ មានរយៈពេល ៤ ទៅ ៥ខែ មុនរដូវភ្លៀវចូលមកដល់៕
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត