????????» វិធីចិញ្ចឹមមាន់កុំឲ្យឈឺ និងងាប់ (សម្រាប់ការចិញ្ចឹមជាលក្ខណៈគ្រួសារ)

2151

​            មាន់​ដែល​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺ​រួចហើយ ​អាច​និយាយបានថា យើង​បាន​បញ្ចៀស​នូវ​ជម្ងឺមួយចំនួន​ កុំ​ឲ្យ​ឆ្លង​ដល់​មាន់​ដែល​កំពុង​ចិញ្ចឹម ប៉ុន្តែ​បើ​យើង​មិនបាន​ផ្ដល់​វ៉ាក់សាំង​ឲ្យ​វា​នោះទេ ​មានន័យ​ថា យើង​កំពុង​ប្រថុយ​ជាមួយ​ការខាតបង់​មួយ​យ៉ាង​ធំ ព្រោះ​មាន់​មួយចំនួនធំ ឬក៏​ទាំងអស់ អាច​ងាប់ បន្តបន្ទាប់​គ្នា​។​

​            ការផ្ដល់​វ៉ាក់សាំង​ឲ្យ​មាន់បាន​ត្រឹមត្រូវ​តាម​អាយុកាល​របស់​វា ​អាចធ្វើ​ឲ្យ​ការ​ប្រឈម​ចំពោះ​ការខាតបង់​ថយ​មក​នៅត្រឹម​តិចតួច​ប៉ុណ្ណោះ នេះ​ក៏​ព្រោះតែ​ជម្ងឺ​មាន់​កាចៗ​ធ្វើ​ឲ្យ​មាន់​ឈឺ និង​ងាប់​ត្រូវបាន ការពារ​ជាមុន ដូចនេះ​ការ​ប្រថុយ​ត្រូវបាន​កាត់បន្ថយ​បាន​ច្រើនណាស់​។ ក្នុងករណី​ដែលមាន់​ត្រូវ​បានផ្ដល់​វ៉ាក់សាំង​រួចហើយ តែ​កើតមាន​ជម្ងឺ ជម្ងឺ​នោះ​អាច​គ្រាន់តែ​ជា​ជម្ងឺ អាច​ព្យាបាល​បាន ដែល​ភាគច្រើន​គឺ​បណ្ដាលមកពី​ចិញ្ចឹម​មាន់​លែង​ឲ្យ​ដើរ​ស៊ី​ចំណី​ផ្ដេសផ្ដាស តាម​កន្លែង​មាន​ភក់ជ្រាំ ទី​មិន​ស្អាត​នានា ឬក៏​វា​ស៊ី​ប៉ះ​របស់​ដែលមាន​ដុះ​ផ្សិត ស្អុយ ផ្អូម ដូច្នេះ​ការ ព័ទ្ធ​សំណាញ់​ឃាំង​វា គឺជា​ប្រការ​មួយ​ល្អ​បំផុត និង​ប្រសើរ​ជាង​ការលែង​ឲ្យ​វា​ដើរ​ដោយ​សេរី​។

បើ​អាច​ធ្វើបាន​ដូចខាងលើ​អត្រា​ងាប់​របស់​មាន់​គឺមាន​តិច​ណាស់ ដូច្នេះ​ ការខាតបង់ និង​ការ​ស្ដាយ ដោយមាន់​ងាប់​សឹង​អាច​ចៀសបាន​ទាំងស្រុង​។​

>>កត្តា​ចម្បង​ដែល​បណ្ដាល​ឲ្យ​មាន់​ឈឺៈ៖

– ផ្ដល់​ទឹក​មិន​ស្អាត​ឲ្យ​មាន់ ឬ​ផ្ដល់​ទឹក​មិន​គ្រប់គ្រាន់​ឲ្យ​វា​

– ចិញ្ចឹម​ដោយ​មិនបាន​ឃាំង បណ្ដាល​ឲ្យ​វា​ឆ្លង​ជម្ងឺ​ពី​ទី​ផ្សេង ឬ​សត្វ​ដទៃ​

– ផ្ដល់​ចំណី​ដែល​ដុះ​ផ្សិត ឬ​ផ្អូម​

– មិនបាន​ផ្ដល់​ចំណី​មាន​សារធាតុចិញ្ចឹម​គ្រប់គ្រាន់​ដល់​វា​

– មិនបាន​ចាក់​វ៉ាក់សាំង​ការពារ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​អាយុ​មាន់​

– ចិញ្ចឹម​មាន់​លាយ​ជាមួយ​សត្វ​ដទៃ​ដូចជា ឆ្កែ ឆ្មា ទា គោ ក្របី​

– សត្វ​មូស កណ្ដុរ និង​សត្វល្អិត​ដទៃ​អាចជា​ប្រភព​ចម្លង​ជម្ងឺ​ដល់​មាន់​

– ទ្រុងមាន់​គួរ​មាន​សំណាញ់​មុង ឬ​ស្បៃ ហុំ​ព័ទ្ធ​ពេលយប់​ការពារ​ពី​មូស និង​សត្វ​ដទៃ​

– សំអាត​ទ្រុងមាន់​រាល់ថ្ងៃ​កុំ​ឲ្យ​សត្វល្អិត​មាន​ឳ​កាស​មក​រស់​លាយឡំ​ជាមួយ​លាមក​មាន់​

– បរិយាកាស​នៃ​កន្លែង​រស់នៅ​របស់​មាន់​ទទួលរង​កំដៅ​ខ្លាំងពេក ឬ​ខ្យល់​ខ្លាំងពេក​

– មិនបាន​យកចិត្តទុកដាក់​ក្នុងការ​ចិញ្ចឹម​ឲ្យ​ខ្ជាប់ខ្ជួន​។​

>>វិធី​មួយចំនួន​សម្រាប់​បញ្ចៀស​ជម្ងឺ​មាន់៖

– ប្រើ​ខ្ទឹមស បុក​ឲ្យ​ម៉ត់​លាយ​ជាមួយ​ចំណី​ក្នុង​អត្រា 4% (​រាល់ថ្ងៃ​)

– ប្រើ​ខ្ញី បុក​ឲ្យ​ម៉ត់​លាយ​ជាមួយ​ចំណី​ក្នុង​អត្រា 3% (​រាល់ថ្ងៃ​)

– ផ្ដល់​ទឹកស្អាត​លាយ​ជាមួយ​មេ EM ឬ EXM ចំណុះ​10ml លាយ​ទឹកស្អាត 1​លីត្រ ដាក់​ឲ្យ​មាន់​ផឹក​ពី​តូច​រហូតដល់​ធំ ត្រូវ​ដូ​ថ្មី​រាល់ថ្ងៃ​

– ចំណី​មាន់​ត្រូវ​លាយ​បន្ថែម​វីតាមីន ព្រី​ម៉ិច និង​មេ​ចំណី​

>> ចំណី​ដែល​ធ្វើ​ឲ្យ​មាន់​ឆាប់​ធំ ​គឺ​៖

10% – បាយ​ដាំ​ពី​ចុងអង្ករ ឬ​អង្ករ​ថោកៗ​

40% – ពោតក្រហម​បុក​បំបែក​ឲ្យ​ល្អិត​រួច​ស្ងោរ ឬ​ឆៅ​ក៏បាន​

20% – កន្ទក់​ធុន​ល្អ មិនមែន​កន្ទក់​កិន​ពី​អង្កាម​

2% – EM មេ​EM ឬ​EXM លាយ​រួច​

3% – គួរ​លាយ​បន្ថែម​កាល់ស្យូម (​ម្សៅ​ងាវ​) ឲ្យ​មេមាន់​ជា​ចំណី​ដោយឡែក​សម្រាប់តែ​មេមាន់​

4% – ស្ករ​រងូ​, ស្ករ​កាក​អំពៅ​

15% – ត្រកួន​, ស្លឹក​ឆា​យ៉ា​, ស្លឹក​ក​ន្ធុ​ម​ថេត​, (​តាមរក​បាន​)

4% – កាកដូង​អាច​រកបាន​ពី​កន្លែង​លក់​ដូង ឬ​ខ្ទិះដូង​ក្នុង​ផ្សារ​

2% – ព្រី​ម៉ិច​

របប​ចំណី​ខាងលើ​អាច​ល្អៀង​ពីគ្នា​តិចតួច​បាន ចំពោះ​មាន់​ចិញ្ចឹម​យក​សាច់​វិញ​នោះ​គួរ​បន្ថែម ប្រេងឆា ឬ​ខ្លាញ់ត្រី​ប្រមាណ​4% ទៅក្នុង​ចំណី តែ​ត្រូវ​លាយ​សម្រាប់តែ​ឲ្យ​មាន់​ស៊ីក្នុង​1​ថ្ងៃ មិនត្រូវ លាយ​ទុក​ស​ម្រា​បើ​ច្រើន​ថ្ងៃ​ឡើយ​។​

​            ការផ្ដល់​ចំណី​ត្រូវ​លាយ​ជាមួយ​ខ្សាច់​ខ្លះ​ផង ដើម្បី​ឲ្យ​ការរំលាយ​អាហារ​របស់​មាន់​ងាយ ទោះ​មិន បានដាក់​ក៏​មិន​ក៏​មិន​ថ្វី តែ​គួរតែ​ដាក់​។ ចំណី​មាន់​គួរ​ដាក់​ក្នុង​ស្នូក​វែង ដើម្បី​ចៀសវាង​កុំ​ឲ្យ​មាន់​ជាន់ កំពប់ និង​ការពារ​កុំ​ឲ្យ​មាន់​ជាន់​លើ​ចំណី​ផង​។​

សម្រាប់​កា​មន្ទិល​ចំពោះ​ការប្រើប្រាស់​ថ្នាំ​ព្យាបាល​មាន់​ឈឺ គួរតែ​ពិគ្រោះ​ជាមួយ​អស់លោកអ្នក ជំនាញ​ខាង​ក្រសួងកសិកម្ម ផ្នែក​ចិញ្ចឹម​មាន់ ឬ​អ្នកជំនាញ​ខាង​អង្គការក្រៅរដ្ឋាភិបាល​នានា​។ ការ​សួរ​ឲ្យ​បាន​ច្រើន​ទៅ​អ្នកជំនាញ គឺជា​ការសំខាន់​ណាស់ ព្រោះ​អាចជួយ​ឲ្យ​យើង​កើនឡើង​នូវ ការយល់ដឹង​កាន់តែ​ប្រសើរ និង​ចៀសបាន​នូវ​ការខាតបង់​ប្រាក់កាស​។

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here