⏩បច្ចេកទេសដាំស្លឹកគ្រៃ ⏭ ???? មានវីដេអូ

868

ស្លឹកគ្រៃ គឺ​ជា​ដំណាំ​ស្លឹក​មួយ​ប្រភេទ​ដែល​គេ​ត្រូវ​ការ​វា ជំនួយ​ក្នុង​គ្រឿងផ្សំ​សម្រាប់​មុខ​ម្ហូប​ស្ទើរ​គ្រប់​ប្រភេទ ដើម្បី​បំពេញ​សេចក្តី​ត្រូវ​ការ​ប្រចាំ​ថ្ងៃ។

* ការជ្រើសរើសពូជ៖

មុន​ដាំ​ស្លឹកគ្រៃ ត្រូវ​ជ្រើសរើស​ដើម​ស្លឹកគ្រៃ​ដែល​មាន​ដើម​ល្អ ដែល​មិន​រង​ការ​បំផ្លាញ​ណា​មួយ​ពី​សត្វ​ចង្រៃ​នោះ​ឡើយ។

ស្លឹកគ្រៃ​មាន​ពី​ប្រភេទ គឺ​ប្រភេទ​ស្លឹកគ្រៃ​អំបោះ និង​ស្លឹកគ្រៃ​ត្រែង។ ស្លឹកគ្រៃ​ត្រែង ដើម​ពណ៌​ក្រហម ហើយ​មាន​ដើម​រឹង​ពិបាក​ហាន់ ចំណែក​ស្លឹកគ្រៃ​អំបោះ​មាន​ដើម​ស្រួយ​មាន​ជាតិ​ទឹក​ច្រើន និង​ងាយ​ស្រួល​ហាន់​ជាង។ តែ​ក្នុ​ស្លឹកគ្រៃ​អំបោះ ជា​ពូជ​ប្រភេទ​ដែលមាន​តម្រូវ​ការ​ទីផ្សារ​ច្រើន​ជាង។

* ការរៀបចំដីដាំ៖

– ត្រូវ​រៀបចំ​រណ្ដៅមានទំហំ១,៥​តឹក ជម្រៅ​រណ្ដៅ ២០ ទៅ ៣០​សង់ទីម៉ែត្រ ហើយ​គម្លាត​រវាង​រណ្ដៅ​មួយ​ទៅ​រណ្ដៅ​មួយ​ប្រវែង ៦ ទៅ ៧​តឹក ប៉ុន្តែ​កញ្ញា​ថា ក្នុង​មួយ​រណ្ដៅៗ​ដាំ​បាន​តែ ១​ដើម​ប៉ុណ្ណោះ ធ្វើ​បែប​នេះ​ដើម្បី​សន្សំ​សំចៃ​ពូជ។

– បន្ទាប់​មក​យើង​ដាក់​កម្ទេច​ស្លឹក​ឈើ​ងាប់ ហើយ​ដាក់​ជី​លាមក​សត្វ​ធម្មជាតិ​ច្របល់​បញ្ចូល​គ្នា​ដាក់​ក្នុង​រណ្ដៅ​នោះ ស្រោច​ទឹក​វា​ចាំ​យក​ដើម​មក​ដាំ។

* វិធីដាំ៖

– គេ​ដាំ​ដើម​ស្លឹកគ្រៃ​ភ្លាមៗ​ក៏​បាន ឬ​ផ្សាំ​គល់​វា​ឲ្យ​ដុះ​ឫស​សិន​ក៏​បាន ប៉ុន្តែ​បើ​ចង់​ឲ្យ​ស្លឹកគ្រៃ​ដុះ​ល្អ និង​ឆាប់​លូត​លាស់​លឿន គួរ​តែ​ផ្សាំ​វា​ឲ្យ​ដុះ​ឫស ៣​ថ្ងៃ ចាំ​យក​ទៅ​ដាំ។

– ស្លឹកគ្រៃ គេ​អាច​ដាំ​វា​បាន​ច្រើន​របៀប អាច​ដាំ​តាម​ភ្លឺ​ព័ន្ធ​ជុំវិញ​ស្រះ ភ្លឺ​ស្រែ ជុំវិញ​ផ្ទះ អាច​ដាំ​លើក​ជា​រង ដាំ​ចម្រុះ​ជាមួយ​រុក្ខជាតិ​ផ្សេង​ទៀត​ក៏​បាន ប៉ុន្តែ​បើ​ដាំ​លក្ខណៈ​ចម្រុះ​ល្អ​ជាង ព្រោះ​វា​អាច​បំពេញ​ជីជាតិ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ បើ​ស្លឹកគ្រៃ​ដែល​​ដាំ​ដាច់​វា​ដាច់​ម្នាក់​ឯង វា​ល្អ​ដែរ តែ​មាន​ស្លឹក​ពណ៌​លឿង ក្រហម អត់​សូវ​ល្អ តែ​បើ​យើង​ដាំ​វា​ក្បែរ​ដើម វា​ដើម​ស្លឹក​កន្ធំថេត និង​ដើម​អង្គាដី ឃើញ​ថា​ស្លឹក​របស់​វា​លាស់​ខ្ចីៗ និង​ដើម​ថ្លោស​ល្អ។

* ការថែទាំ៖

ដោយសារ​ស្លឹកគ្រៃ​ជា​ដំណាំ​ងាយ​ស្រួល​ដាំ មិន​សូវ​មាន​សត្វ​ចង្រៃ​បំផ្លាញ ដូច្នេះ​គ្រាន់​តែ​ស្រោច​ទឹក​ក្នុង​មួយ​សប្ដាហ៍​តែ​ពីរ​ដង​ប៉ុណ្ណោះ គឺ​ពេល​ព្រឹក និង​ពេល​ល្ងាច។ ដោយឡែក​ជី​បំប៉ន​វិញ ស្លឹកគ្រៃ​ត្រូវ​ការ​ប្រភេទ​ស្លឹក​ឈើ​រលួយ​ដាក់​ក្បែរ​គល់​ជា​ការ​ស្រេច។ ពេល​ដែល​យើង​ដាំ​បាន​រយៈពេល ១​អាទិត្យ វា​ចាប់​ផ្ដើម​លាស់​ត្រួយ ហើយ​នៅ​ពេល​បាន​អាយុ​ពី ៤ ទៅ ១៥​ថ្ងៃ វា​ចាប់​ផ្ដើម​ដុះ​កូន​តូច។ រយៈពេល​នេះ យើង​ចាប់​ផ្តើម​ដាក់​កម្ទេចកម្ទី និង​ជ្រោយ​គល់​វា​ដើម្បី​បាន​លូត​លឿន។

* ការប្រមូលផល៖

ពេលស្លឹកគ្រៃ​មាន​អាយុ ៦​ខែ អាច​ប្រមូល​ផល​បាន​ពេញលេញ ប៉ុន្តែ​ស្លឹកគ្រៃ​អាយុ​បាន ៤​ខែ គេ​អាច​ប្រមូល​ផល​បាន​បណ្ដើរៗ​ហើយ។ រយៈពេល ៦​ខែ ជា​អាយុ​អាច​ប្រមូល​ផល​បាន ហើយ​កុំ​ទុក​យូរ​ពេក ព្រោះ​បើ​យើង​ទុក​ឲ្យ​លើស​ពី​នេះ វា​ខាត​សេដ្ឋកិច្ច​វិញ​ទេ។

ដំណាំ​ស្លឹកគ្រៃ ក៏​ជា​ឱសថ​បន្ថយ​ជាតិ​ពុល​ក្នុង​រាង​កាយ ព្រម​ទាំង​ជួយ​បន្ថយ​សម្ពាធ​ឈាម​ខ្ពស់ ប៉ូវ​ភ្នែក ប៉ូវ​ឆ្អឹង និង​ធ្មេញ​ផង​ដែរ។ ជាង​នេះ​ទៀត ស្លឹកគ្រៃ​ក៏​ជួយ​កម្ចាត់​សត្វ​ល្អិត​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ លើស​ពី​នេះ ស្លឹកគ្រៃ​ក៏​មាន​គុណ​តម្លៃ​ជាច្រើន និង​សម្បូរ​ទៅ​ដោយ​សារធាតុ​ដែល​មាន​ប្រយោជន៍​ជាច្រើន​មុខ ដូចជា ជាតិ​រ៉ែ វីតាមីន និង​អង់ស៊ីម រួម​នឹង​ជីវជាតិ​សំខាន់​ច្រើន​ទៀត ដែល​មនុស្ស​ត្រូវ​ការ​ជា​ចាំបាច់ ដើម្បី​ឲ្យ​មាន​សុខភាព​ល្អ។

អត្ថបទដកស្រង់ពី វិទ្យុអាស៊ីសេរី

សូមថ្លែងអំណរគុណចំពោះវីដេអូជំនួយ៖ CEDAC និង PNN

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here