ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

ឱសថធម្មជាតិព្យាបាលទាចទឹក

09-Jun-2018 03:28 PM

រូបភាព


ដោយ: Uddam

សូមបងប្អូនមកស្វែងយល់ពីជំងឺទាចទឹកជាមុនសិន។
១. ជំងឺទាចទឹកជាអ្វី?
វត្ដមានទឹកដក់នៅក្នុងស្រោមពោះ ហើយមិនមានឈាម នោះគេឱ្យឈ្មោះថាទាចទឹក។ ជំងឺទាចទឹក គឺជាជំងឺមួយប្រភេទ ដែលមិនមែនជាជំងឺតំណពូជ ហើយវាអាចកើតមានលើមនុស្សគ្រប់វ័យ ដែលបណ្ដាលមកពីបណ្ដាជំងឺផ្សេងៗ។ ម្យ៉ាងវិញទៀត ជំងឺ មួយប្រភេទនេះ វាមិនមែនកើតមានក្នុងរយៈពេលត្រឹមមួយថ្ងៃ ឬមួយខែនោះទេ មេរោគអាចសម្ងំនៅក្នុងខ្លួនមនុស្សចាប់ ពី៥-១០ឆ្នាំ ទើបស្ដែងចេញជារោគសញ្ញា។ វាអាចធ្វើឱ្យអ្នកជំងឺប៉ោងពោះធំ ដែលមើលទៅហាក់បីដូចជាអ្នកមានផ្ទៃពោះ ឬមនុស្សដែលមាន ក្បាលពោះធំដូច្នោះដែរ។


២. រោគសញ្ញាជំងឺទាចទឹក
ចំពោះរោគសញ្ញាជំងឺទាចទឹក គឺវាអាស្រ័យទៅលើមូលហេតុរបស់ជំងឺនីមួយៗដែលបង្កឡើង។ ប៉ុន្ដែគេអាចសន្និដ្ឋានថា មានកើតជំងឺទាចទឹកបានដោយសារគេសង្កេតទៅលើសភាពរបស់អ្នកជំងឺ និងរោគសញ្ញាមួយចំនួនដែលបង្ហាញឡើង។
-ដំណាក់កាលដំបូង ៖ ដំបូងឡើយអ្នកជំងឺអាចមានអាការដូចជាហើមដៃ ឬហើមជើង រាងកាយស្លេកស្លាំង លឿងភ្នែក (បណ្ដាលពីជំងឺថ្លើម) តឹងពោះ ឧស្សាហ៍ហត់ និងថប់ដង្ហើម។ ម្យ៉ាងទៀតគេអាចដឹងដោយសារធ្វើការពិនិត្យដោយឱ្យអ្នកជំងឺដេក ផ្អៀង រួចសង្កេតមើលទៅលើពោះ និងយកដៃស្ទាបបង្អូសលើពោះ ឬគោះស្ដាប់សម្លេងទឹកនៅក្នុងពោះ។ លើសពីនេះដើម្បីឱ្យបានដឹង ច្បាស់ គេអាចប្រើវិធីសាស្ដ្របែបទំនើប ដោយការឆ្លុះអេកូសាស្ដ្រ ធ្វើការថតវិទ្យុសាស្ដ្រ ឬស្កែន។


-ដំណាក់កាលធ្ងន់ធ្ងរ ៖ ឈានចូលដល់ដំណាក់កាលនេះ អ្នកជំងឺចាប់ធ្វើទុក្ខពិបាកនៅក្នុងខ្លួនជាខ្លាំង។ រោគសញ្ញាមួយចំនួន ត្រូវបានចេញយ៉ាងច្បាស់។ ពោះរបស់អ្នកជំងឺចាប់ផ្ដើមធំ តឹង និងមានសភាពភ្លឺរលោង។ ផ្ចិតប៉ោងឡើងធំខុសពីធម្មតា។


៣. មូលហេតុបង្កជំងឺទាចទឹក
ជំងឺទាចទឹកមិនមែនកើតមានដោយឯកឯងនោះទេ។ វាកើតឡើងដោយសារជំងឺដទៃទៀតមួយចំនួន បណ្ដាលមកពី ៖
– ជំងឺក្រិន និងរលាកថ្លើម
– ជំងឺដុំនៅក្នុងថ្លើម (មហារីកថ្លើម)


-ជំងឺនៅក្នុងដុំក្រពះ(មហារីកក្រពះ)
-ជំងឺដុំនៅក្នុងពោះវៀនធំ(មហារីកពោះវៀន)
-ជំងឺដុំនៅក្នុងស្រោមខ្លាញ់ពោះវៀន


-ជំងឺដុំនៅក្នុងដៃស្បូន
-ជំងឺដុំនៅក្នុងលំពែង និងបណ្ដាលមកពីជំងឺរបេងពោះវៀន។


ទោះបីជាជំងឺទាចទឹកជាជំងឺដែលកើតឡើងដោយសារការបង្កពីជំងឺដទៃទៀតយ៉ាងណាក៏ដោយ ប៉ុន្ដែភាគច្រើនគេសង្កេតឃើញថា វាច្រើនឡើងចំពោះមនុស្សដែលចូលចិត្ដយកស្រាធ្វើជាមិត្ដ។ ការទទួលទានស្រាច្រើនលើសកម្រិត អាចបណ្ដាលឱ្យកើត ជំងឺក្រិនថ្លើមបាន។ ព្រោះការទទួលទានស្រាអាចបណ្ដាលឱ្យថ្លើមរលាករ៉ាំរ៉ៃ ធ្វើឱ្យការចរាចរឈាមទៅបម្រុងថ្លើមមិនស្រួល បណ្ដាល ឱ្យថ្លើមបាត់បង់នូវសមត្ថភាពធ្វើការ ដែលជាហេតុបង្កឱ្យកើតមានជំងឺក្រិនថ្លើម។ ដោយឡែកចំពោះស្ដ្រីមួយចំនួនក្នុងប្រទេសកម្ពុជា ជាពិសេសស្ដ្រីនៅតាមទីជនបទ បន្ទាប់ពីសម្រាលកូន ពួកគាត់ទទួលទានស្រារហូតដល់ ៣០ទៅ៤០លីត្រសម្រាប់កូនមួយនាក់។ គាត់ទទួលទានស្រាច្រើនលើសចំណុះទៅហើយ ចុះទម្រាំគាត់សម្រាលកូនរហូតដល់ទៅ ៥-៧នាក់ តើគាត់ត្រូវទទួលទានស្រាអស់ប៉ុន្មាន? នេះគឺជាការប្រឈមមុខទៅនឹងការកើតជំងឺក្រិនថ្លើម ដែលជាប្រភពនៃជំងឺទាចទឹក។


តោះមកស្វែងយល់ពីឱសថធម្មជាតិព្យាបាលទាចទឹក ដូចខាងក្រោម៖

ឈ្មោះរុក្ខជាតិ៖ ដង្ហិតឈ្នាង ដង្ហិតខ្មោច


ព្យាបាល៖ ទាចទឹក


ផ្នែកប្រើប្រាស់៖ គ្រាប់
វិធីធ្វើ និងប្រើប្រាស់៖
-យកគ្រាប់ហាលឱ្យស្ងួត


-យកទៅលីងឆុងទឹកផឹក
-ប្រើ 1 – 3 គ្រាប់ ក្នុងមួយថ្ងៃ។


សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត