ម៉ាស៊ីនត្រជាក់មានគុណសម្បតិ្ត តែក៏មានផលប៉ះពាល់ជាច្រើនដល់សុខភាពរបស់អ្នកផងដែរ!

256

ប្រសិន​បើ​អ្នក​ចូល​ចិត្ត​ប្រើ​ម៉ាស៊ីន​ត្រជាក់​ពេញ​មួយ​ថ្ងៃ​ អ្នក​គួរ​តែ​កាត់​បន្ថយហើយ។​ ម៉ាស៊ីន​ត្រជាក់ក៏​មាន​ផល​ប៉ះពាល់​ចំពោះសុខភាពដែរ ​ដែល​អ្នក​មិន​ដែល​ចាប់​អារម្មណ៍​។​ យើងនឹង​ប្រាប់​អ្នក​ពី​ផល​ប៉ះ​ពាល់មួយចំនួន ​ដែលអ្នកគួរយល់ដឹងថាតើមានអ្វីអ្វីខ្លះ៖

 

១.​ ភ្នែក​ស្ងួត

ភ្នែក​ស្ងួត​អាច​ធ្វើ​ឱ្យ​រមាស់​ និង​ឈឺ​ ពេល​ខ្លះ​វា​ក៏​អាច​ធ្វើ​ឱ្យការមើលឃើញ​របស់​អ្នក​កាន់​តែ​យ៉ាប់​ទៅៗ​។ ហើយ​អ្នក​ដែល​មាន​បញ្ហា​នេះ​ច្រើន​ដោយ​សារ​តែ​ការ​ប្រើ​ប្រាស់​ម៉ាស៊ីន​ត្រជាក់​ច្រើន​ និង​មិន​បាន​សម្អាត​ឱ្យ​ទៀង​ទាត់។​

 

២.​ ស្បែក​ស្ងួត​ និង​រមាស់

នៅ​ពេល​ដែល​អ្នក​ត្រូវ​កម្តៅ​ថ្ងៃ​ក្តៅ​ខ្លាំង​គួប​ផ្សំ​ជាមួយ​នឹង​ម៉ាស៊ីន​ត្រជាក់​ទៀត​នោះ​ ស្បែក​អ្នក​នឹង​រមាស់​ និង​ស្ងួត។​ ភាពត្រជាក់ស្ងួតចេញពីម៉ាស៊ីនត្រជាក់អាចធ្វើឱ្យស្បែករបស់ឡើងស្ងួត រមាស់ និងពេលខ្លះអាចនឹងមានបញ្ហារបកស្បែកផងដែរ។

 

៣.​ ឈឺ​ក្បាល​ និង​រោគ​ប្រកាំង​(ឈឺ​មួយ​ចំហៀង​ក្បាល)

ផល​ប៉ះ​ពាល់​ខ្លាំង​បំផុត ​គឺ​អ្នក​ប្រើ​ម៉ាស៊ីន​ត្រជាក់​ច្រើន​តែ​ឈឺ​ក្បាល​។​ ការ​ឈឺ​ក្បាល​នោះ​អាច​បណ្តាល​មកពី​ការ​ខ្សោះ​ជាតិ​ទឹក​ខ្លាំង​ពេក​ និង​មេរោគ​នៅ​ជាប់​ម៉ាស៊ីន​ត្រជាក់។​

 

៤.​ ការ​ខ្សោះ​ជាតិ​ទឹក​

ដោយសារតែរាងកាយរបស់អ្នកទទួលរងនូវភាពត្រជាក់ស្ងួតពីម៉ាស៊ីនត្រជាក់នោះហើយ ដែលធ្វើឱ្យរាងកាយរបស់អ្នកខ្វះជាតិទឹកនៅក្នុងខ្លួន និងស្បែកនោះ។ អ្នក​មាន​អារម្មណ៍​ថា​ចង់​ផឹក​ទឹក​ច្រើន​ នៅ​ពេល​ម៉ាស៊ីន​ត្រជាក់​កាន់​តែ​ត្រជាក់​។​ អត្រា​នៃ​ការ​ខ្សោះ​ជាតិ​ទឹក​នៅ​ក្នុង​បន្ទប់​មាន​ម៉ាស៊ីន​ត្រជាក់​ខ្ពស់​ជាង​បន្ទប់​ដែល​ប្រើ​កង្ហារ។ ដើម្បីឱ្យស្បែក និងរាងកាយរបស់អ្នកមានសំណើម អ្នកគួរតែទទួលទានទឹកឱ្យបានច្រើនតាមដែលអ្នកធ្វើបាន។

 

៥.​ អស់​កម្លាំង​

អ្នក​គួរ​តែ​កាត់​បន្ថយ​ម៉ាស៊ីន​ត្រជាក់​នៅ​ក្នុង​បន្ទប់​ ឬ​កន្លែង​ធ្វើ​ការ​ខ្លះ​ហើយ​ ព្រោះ​វា​ធ្វើ​ឱ្យ​អ្នក​អស់​កម្លាំង​ដោយ​ការ​ខ្សោះ​ជាតិ​ទឹក។​ អ្នក​អាច​មាន​អារម្មណ៍​ថា​ខ្ជិល​ធ្វើ​ការ​ និង​គ្មាន​កម្លាំង​កំហែង។

 

៦.​ បញ្ហា​ដង្ហើម​

ច្រមុះ​ ភ្នែក​ និង​ បំពង់​ក​អ្នក​អាច​នឹង​ឧស្សាហ៍​ឈឺ ​ដោយ​សារ​តែ​ប្រើ​ប្រាស់​ម៉ាស៊ីន​ត្រជាក់​ច្រើន​ពេក​។​ អ្នក​អាច​មាន​អាការៈ​តឹង​ច្រមុះ​ ស្ងួត​បំពង់​ក​ ឬ​អាច​ឈាន​ដល់​ការ​រលាក​ច្រមុះ។​ ដូច​ដែល​ការ​សិក្សា​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ ២៨% ​នៃ​អ្នក​ប្រើ​ប្រាស់​ម៉ាស៊ីន​ត្រជាក់​មាន​បញ្ហា​ដង្ហើម​ និង​ការ​រលាក​។​

 

៧. រាងកាយលែងស៊ាំនឹងកម្តៅ

នៅពេលដែលអ្នកនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ច្រើនពេកទៅ រាងកាយរបស់អ្នកឆាប់ស៊ាំនឹងបរិយាកាសត្រជាក់ណាស់។ រាងកាយរបស់អ្នកនឹងផ្លាស់ប្តូរ មិនអាចទប់ទល់នឹងភាពក្តៅស្អុះស្អាប់បានដូចមុន ដោយងាយនឹងបែកញើស ពិបាកទ្រាំនឹងអាកាសធាតុក្តៅ បើទោះជាកម្តៅអាចទ្រាំបានយ៉ាងណាក៏ដោយ ជាពិសេសរដូវក្តៅខ្លាំងតែម្តង។

 

៨.​ ជំងឺ​ហឺត​ និង​ប្រតិកម្ម​ (Allergies)

ម៉ាស៊ីន​ត្រជាក់​ក៏​អាច​ធ្វើ​ឱ្យ​អ្នក​រង​ប្រតិកម្ម​ និង​មាន​ជំងឺ​ហឺត​ថែម​ទៀត​ផង។​ សម្រាប់​ដែល​ប្រតិកម្ម​តែង​តែ​កន្តាស់​គ្រប់​ពេល​ ជា​ពិសេស​នៅ​ពេល​ដែល​ម៉ាស៊ីន​ត្រជាក់​មិន​ស្អាត។​

 

៩. ងាយនឹងឆ្លងជំងឺ

ចំហាយត្រជាក់ស្ងួតចេញពីម៉ាស៊ីនត្រជាក់ដែលចូលទៅក្នុងសួត និងចរន្តត្រជាក់វិលវល់ៗនៅតែក្នុងបន្ទប់មួយបិទជិត អាចធ្វើឱ្យមេរោគបាក់តេរី វីរុស និងជំងឺផ្សេងៗងាយនឹងឆ្លងចូលទៅក្នុងរាងកាយរបស់អ្នកណាស់។ នោះបានន័យថាមេរោគទាំងឡាយនឹងមិនទៅណានោះទេ ហើយប្រសិនជាមាននរណាម្នាក់មានជំងឺ វានឹងឆាប់ឆ្លងទៅមនុស្សម្នាក់ផ្សេងទៀតលឿនណាស់ ជាពិសេសគឺ ជំងឺក្អក និងផ្តាសាយតែម្តង។

 

១០. រោគខ្ជិលច្រអូស

ខ្យល់ និងចំហាយត្រជាក់ចេញពីម៉ាស៊ីនត្រជាក់ អាចធ្វើឱ្យអ្នកមានបញ្ហាស្ពឹកស្រពន់ និងខ្ជិលច្រអូសបាន។ ដូច្នេះហើយបានជាអ្នកជំនាញ បានធ្វើការណែនាំឱ្យអ្នកដែលតែងតែប្រើប្រាស់ម៉ាស៊ីនត្រជាក់ជាប្រចាំ គួរតែចំណាយពេលខ្លះយ៉ាងហោច ៣ ទៅ ៤ម៉ោង ក្នុងមួយថ្ងៃនៅបរិយាកាសធម្មតានៅខាងក្រៅ ដើម្បីសម្រួលរាងកាយ។

 

សម្រួលអត្ថបទដោយ៖ SP

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here