ហេតុផលសំខាន់៥យ៉ាង ជាអ្វីដែលអ្នកមិនគួររំលងឬមិនទទួលទានអាហារពេលព្រឹកឡើយ

228

មនុសុ្សយើង​មាន​ទម្លាប់​ខុសៗ​គ្នា​រឿង​ញ៉ាំ​អាហារ​។ អ្នក​ខ្លះ​គិត​ថាញ៉ាំ​អាហារ​ពេល​ព្រឹក​នាំ​ឱ្យ​ ​ខាត​ពេល​ ចាំ​​ញ៉ាំ​​អាហារ​ថ្ងៃ​ត្រង់​សរុប​តែ​ម្តង​ទៅ​ល្អ​ជាង​។ ឯ​អ្នក​ខ្លះ​គិត​ថា បើរវល់​តែ​ញ៉ាំ​អាហារ​ពេល​ព្រឹក​ពិត​ជា​ទៅ​ធ្វើ​ការ​មិន​ទាន់​ទេ ព្រោះ​គ្រាន់​តែ​ក្រោក​ពី​ដំណេក​ ងូត​ទឹក ​តែង​ខ្លួន​ហើយ សល់​ពេល​ល្មម​ត្រឹម​ជិះ​ទៅ​ដល់​កន្លែង ហើយ​ចូល​ធ្វើ​កា​រតែ​ម្តង​។

 

អ្នក​ខ្លះ​ទៀត​គិត​ថា ត្រឹម​តែ​កាហ្វេ​មួយ​ពែងឬ​មួយ​កែវ​ អាច​ជំនួស​អាហារ​ពេល​ព្រឹក​បាន​ហើយ​។ តាម​ពិត​ទៅអាហារ​ពេល​ព្រឹក​ គឺ​ជា​អាហារ​ពេល​ដែល​សំខាន់​ជាង​គេ​បង្អស់​។ ខាង​ក្រោម​នេះ​ជា​ហេតុ​ផល៥យ៉ាង​ ដែល​អ្នក​មិន​គួរ​រំលងឬ​មិន​ញ៉ាំ​អាហារ​ពេល​ព្រឹកឡើយ៖

 

១. មិនញ៉ាំអាហារពេល​ព្រឹកធ្វើឱ្យអ្នកមាន​អារម្មណ៍​ឆាប់​ខឹង

មិនញ៉ាំអាហារពេល​ព្រឹក​នឹង​ធ្វើ​ឱ្យ​អ្នក​ឆាប់​អស់​កម្លាំង និង​មាន​អារម្មណ៍​មិន​ល្អ​។ មិន​បាន​ញុាំ​ ​ ​អាហារ​ពេល​ព្រឹកក្រពះ​ពិត​ជា​ខឹង ហើយ​វា​ក៏​នឹង​មិន​ឱ្យ​អ្នក​នៅ​សុខ​បាន​ផង​ដែរ បើ​ទោះ​ជា​ខំ​ធ្វើមិនដឹង​យ៉ាង​ណា​ក៏​ដោយ​។ អ្នក​ដែល​ញុាំអាហារ​ពេល​ព្រឹក​នឹង​មាន​ភាព​នឹង​ធឹង​ក្នុង​អារម្មណ៍​ជាង​អ្នក​ដែល​មិន​ទទួល​ទាន​អាហារ​ពេល​ព្រឹក។

 

២. សតិបញ្ញាចុះ​ខ្សោយ និង​ភ្លេច​ភ្លាំង​ច្រើន

ការសិក្សាស្រាវ​ជ្រាវ​មួយ​ពី​ករណី​នេះ​ត្រូវ​បាន​គេ​ធ្វើ​ឡើង​ក្នុង​រង្វង់​កូន​សិស្ស​ កម្រិត​បឋម​សិក្សា​មួយ​។ លទ្ធផល​បង្ហាញ​ថាការ​ចង​ចាំ​រយៈ​ពេល​ខ្លី​របស់​ក្មេងៗ ​ដែល​មក​​សាលា​ដោយ​មិន​បាន​ញ៉ាំ​អាហារ​ពេល​ព្រឹក​មាន​កម្រិត​ទាប​ជាង​ក្មេង ​ដែល​បាន​ទទួល​ទាន​អាហារ​ពេល​ព្រឹក​។ លទ្ធផល​បាន​ពី​ការ​ស្រាវ​ជ្រាវ​មួយ​ផ្សេង​ទៀត​ពី​ក្រុម​សិស្ស​ជំទង់​ក៏​បង្ហាញ​ស្រដៀង​គ្នា​នឹង​លទ្ធផល​របស់​សិស្ស​បឋម​សិក្សា​ខាង​លើ​ផង​ដែរ។

 

៣. អាច​ធ្វើ​ឱ្យ​អ្នក​កាន់​តែ​ឡើង​ទម្ងន់

ពេលអ្នករំលងមិន​ញុាំ​អាហារ​ពេល​ព្រឹក​​ព្រលឹម រាង​កាយ​អ្នក​ត្រៀម​ជា​ស្រេច​ក្នុង​ការ​រក្សា​ទុក​ថាមពល​។ ពេល​អ្នក​ចាប់​ញ៉ាំរាង​កាយ​នឹង​មិន​អាច​ដុត​កម្លោច​កាឡូរី​បាន​ត្រឹម​ត្រូវ​នោះ​ទេ ពោល ​គឺ​រាងកាយ​នឹង​ត្រូវ​រក្សា​ថាមពល​ទុក​ប្រើ​នា​ពេល​ក្រោយ​ទៀត ​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ការ​រំលាយ​អាហារ​ត្រូវ​បាន​កាត់​បន្ថយ​។ ចំណុច​នេះ​ក៏​នឹង​ធ្វើ​ឱ្យ​អ្នក​ប្រឈម​នឹង​ការ​ឡើង​ទម្ងន់​ជាង​អ្នក​ដែល​ទទួល​ទាន​អាហារ​ពេល​ព្រឹក​ផង​ដែរ​។ ការ​មិន​ញ៉ាំ​អាហារ​ពេល​ព្រឹក វា​ក៏​នឹង​ធ្វើ​ឱ្យ​អ្នក​អាច​នឹង​ទទួល​ទាន​អាហារ​មិន​ត្រឹម​ត្រូវ​ផ្សេងៗ​ទៀត​ផង​ដែរ​។​

 

៤. ប្រឈមនឹង​សុខភាព​បេះដូង

តាមការស្រាវជ្រាវ​មួយ​ឱ្យ​ដឹង​ថា ការ​រំលង​អាហារ​ពេល​ព្រឹក​ធ្វើ​ឱ្យ​យើង​ប្រឈម​នឹង​ការ​គាំង​បេះដូង​ជាង​អ្នក​ដែល​ញ៉ាំ​អាហារ​ពេល​ព្រឹក ព្រោះ​អ្នក​មិន​ញ៉ាំ​អាហារ​ពេល​ព្រឹក​ងាយ​ទទួល​រង​នឹង​អាការៈ​ឡើង​ឈាម​ ដែល​ធ្វើ​ឱ្យ​សុខភាព​បេះដូង​ស្ថិត​ក្នុង​ភាព​ប្រឈម។

 

៥. មានការប្រឈម​ខ្ពស់​ទៅ​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី ២

ប្រការនេះកាន់តែ​គ្រោះ​ថ្នាក់​សម្រាប់​ស្ត្រី​។ ការ​ស្រាវ​ជ្រាវ​មួយ​ឱ្យ​ដឹង​ថាស្ត្រី​ជ្រើស​មិន​ទទួល​ទាន​អាហារ​ពេល​ព្រឹក​ឱ្យ​បាន​ត្រឹម​ត្រូវ​មាន​កម្រិត​ប្រឈ​ម​ទៅ​នឹង​ជំងឺ​ទឹក​នោម​ផ្អែម ៥៤% ភាគ​រយ ​ជាង​អ្នក​ទាំង​ឡាយ​ណា​ដែល​ញុាំ​អាហារ​ពេល​ព្រឹក។

 

តោះចាប់ផ្តើមរីករាយនឹងអាហារពេលព្រឹក ដើម្បីសុខភាពអ្នក និងកូនៗរបស់អ្នក។

 

សម្រួលអត្ថបទដោយ៖ កូនពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here