ស្ពានបុរាណកំពង់ក្ដីស្រុកជីក្រែងខែត្រសៀមរាបសាងសង់ក្នុងរាជ្យព្រះបាទជយវរ្ម័ន !!!

341

ស្ពានបុរាណកំពង់ក្ដីស្រុកជីក្រែងខែត្រសៀមរាបសាងសង់ក្នុងរាជ្យព្រះបាទជយវរ្ម័នទី៧ដែលតភ្ជាប់ពីរាជធានីអង្គរទៅភ្នំជីសូក្នុងខែត្រតាកែវបច្ចុប្បន្នក្នុងសតវត្សរ៍ទី១២។ ស្ពានបុរាណកំពង់ក្ដីមានទទឹង៨ម៉ែត្របណ្ដោយ៨៧ម៉ែត្រនិងមានជើងទម្រ២៧សង់ពីថ្មបាយក្រៀម(Laterite) និងមានចម្លាក់នាគពីថ្មភក់(Sandstone)ជាបង្កាន់ដៃស្ពាន។

ផ្លូវគមនាគមន៍ដែលយើងចាត់ទុកថាសំខាន់ហើយសំបូរបែបជាងគេនោះ គឺផ្លូវគមនាគមន៍ទាំងឡាយដែលសាងសង់ឡើងនៅក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី៧ នៅចុងស.ត.ទី១២ ដើមទី១៣នៃ គ.ស. ។ យើងហ៊ានអះអាងដូច្នេះ គឺដោយសារមានស្ពានធំ ដូចជាស្ពានកំពង់ក្ដីជាដើម ដែលជាស្ពានមួយយ៉ាងសំខាន់ក្នុងចំណោមស្ពានទាំងឡាយដែលផ្សារភ្ជាប់ទីក្រុងអង្គរធំ ទៅកាន់អាណាខេត្តផ្សេងៗ ដូចជាកំពង់ធំ កំពង់ចាម និងកណ្ដាលជាដើម ។

យើងឯកភាពទៅលើការសន្និដ្ឋានថា ស្ពាននេះធ្វើឡើងសម្រាប់ដឹកជញ្ជូនទ័ពដំរី សេះ និងថ្មើរជើង ក៏ប៉ុន្តែយើងមិនត្រូវបំភ្លេចនូវតួនាទីសេដ្ឋកិច្ចនោះទេ ពោលគឺសម្រាប់វិស័យពាណិជ្ជកម្ម ។
ស្ពានបុរាណកំពង់ក្ដី ឬប្រទឹស ដែលធ្វើអំពីថ្មបាយក្រៀម ក្នុងរាជ្យរបស់ព្រះបាទជ័យវរ្ម័នទី៧ មានកំពស់ ២៧ម៉ែត្រ ទទឹង ១០,៣ម៉ែត្រ និងប្រវែងប្រមាណជា ១១៥ម៉ែត្រ ស្ថិតនៅទិសខាងត្បូងឆៀងខាងកើតតាមបណ្ដោយផ្លូវជាតិលេខ៦ ពីទីក្រុងភ្នំពេញទៅកាន់ទីក្រុងសៀមរាប ។

ស្ពាននេះមានសសរចំនួន ២០ ហើយសសរនីមួយៗមានកម្រាស់ ១.៥ម៉ែត្រ ទៅ២ម៉ែត្រ ហើយម្យ៉ាងវិញទៀត មានទ្វារទឹកស្ថិតនៅរវាងចន្លោះសសរនីមួយៗ។ បើប្រៀបធៀបទៅនឹងស្ពានទ័ពទៅខេត្តបន្ទាយមានជ័យដែលមានបណ្ដោយ ១៤៩ម៉ែត្រ និងទទឹង១៤ម៉ែត្រ និងស្ពាននៅខេត្តពិមាយ ស្ពានកំពង់ក្តីជាស្ពានទី២ ដែលសំខាន់ជាងគេ ។សូមរំលឹកថា ទូទាំងប្រទេសកម្ពុជា ស្ពានតូចធំទាំងឡាយដែលបានគ្របដណ្ដប់លើផែនដីខ្មែរនាសម័យអង្គរដែលសេសសល់រហូតមកដល់សព្វថ្ងៃមានចំនួនមិនតិចជាង១០០ស្ពានទេ ។

នេះសរឲ្យឃើញថា ស្ពានទាំងនោះ គឺជាផ្នែកមួយយ៉ាងសំខាន់នៃវិស័យស្ថាបត្យកម្មដែលគេមិនត្រូវមើលរំលងឡើយ ហើយវាក៏ជាផ្នែកមួយនៃខឿនវប្បធម៌ជាតិខ្មែរផងដែរ ។

សូមជម្រាបផងដែរថា ស្ពានកំពង់ក្ដីសាងសង់អំពីថ្មបាយក្រៀម តាមរចនាបថបាយ័ន ហើយមានក្បាច់ដែលតុបតែងដោយរូបនាគនៅក្បាលស្ពាន ។ ការរៀបថ្មដាក់បន្តុបលើគ្នាប្រើអ័ក្សដើម្បីទ្រលំនឹងហៅថា vault។ ចន្លោះពិសេសរវាងសសរនីមួយៗគឺការហូរទឹក។

សូមជម្រាបផងដែរថា កត្តាដែលអនុញ្ញាតឲ្យយើងសន្និដ្ឋានបានថា ស្ពានកំពង់ក្តី គឺជាស្នាព្រះហស្ថរបស់ព្រះបាទជ័យវរ្ម័នទី៧ គឺមានពីរជាចម្បង ១- ក្បាច់ក្បូរដែលលំអរស្ពាននោះ ដូចជាក្បាលនាគ រូបរាងនៃទេវរូប និងគ្រុឌជាដើម ជាលក្ខណៈសិល្បៈបែបបាយ័នយ៉ាងពិតប្រាកដ។

ទី២- នាគរាជញី-ឈ្មោលទាំងពីរ ដែលជាបង្កាន់ដៃនៃស្ពានមិនមែនស្ថិតនៅក្នុងឥរិយាបថលូនជាប់និងដី ដូចករណីនាគនៅប្រាសាទបាគង និងប្រាសាទព្រះវិហារ ដែលត្រូវបានសាងសង់ឡើងក្នុងរជ្ជកាលរបស់ព្រះបាទយសោវរ្ម័នទី១ នាចុងស.វទី៩ ដើមស.វទី១០នោះទេ។ ខាងលើនេះ គឺជាភស្តុតាងបញ្ជាក់ នូវ ចំណាស់ស្ពានកំពង់ក្តីដោយសុក្រិត្យ៕

ប្រភព៖ លោក ឈុំ បូរាន

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here