ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

សុជីវធម៌ក្នុងការទទួលភ្ញៀវ

14-Jan-2019 02:22 PM

រូបភាព


ដោយ: Uddam

យុវភរិយាទាំងឡាយ តែងបានទទួលការចេះដឹងខ្លះៗហើយអំពីរបៀបទទួលភ្ញៀវនៅប្រទេសយើង ដើម្បីធ្វើអោយភ្ញៀវរបស់អ្នកនាងមានភាពសប្បាយរីករាយ ហើយសរសើរអំពីអ្នកនាង អ្នកនាងគួរប្រកាន់ឥរិយាបថជាអ្នកថ្លៃថ្នូរ គ្រប់ពេលវេលាទាំងអស់។

ការទទួលភ្ញៀវនៅផ្ទះ៖ កាលបើអ្នកនាង និងស្វាមីអ្នកនាងស្រុះស្រួលចិត្តគ្នាអញ្ជើញភ្ញៀវ ឲ្យមកពិសាភោជនាហារកំសាន្តនៅក្នុងផ្ទះអ្នកនាង អ្នកនាងជាម្ចាស់ផ្ទះដ៏ចំណាន ត្រូវមានកូនសៀវភៅតូចសម្រាប់កត់សេចក្ដីផ្សេងៗ ព្រោះភាពរវល់របស់អ្នកនាងអាចបណ្ដាលអោយអ្នកនាងភ្លេចចំណងដែលគិតពីមុនថានឹងរៀបធ្វើអ្វីខ្លះ។ នៅក្នុងកូនសៀវភៅនោះ អ្នកនាងត្រូវកត់ឈ្មោះភ្ញៀវដែលអ្នកនាងបានអញ្ជើញអោយមករួបរួម គឺមានប៉ុន្មាននាក់ កូនក្មេងប៉ុន្មាន ដើម្បីស្រួលគិតស្មានដល់ធ្វើម្ហូបទុកបម្រុង។ បុរសជាស្វាមីគួរជួយភារៈកិច្ចរបស់ភរិយាខ្លះៗផងក្នុងរឿងនេះ គឺត្រូវជួយពិគ្រោះជាមួយភរិយាលោកពីម្ហូបអាហារដែលលោកចូលចិត្ត។

តាមធម្មតាការលៀងភោជនាហារនៅតាមផ្ទះមួយកាលមួយគ្រានេះគេតែង អញ្ជើញភ្ញៀវអោយមកពិសានៅវេលាល្ងាចគឺតាំងពីម៉ោង ៦ ទៅទល់នឹងម៉ោង ៨។ លុះជិតដល់ម៉ោងហើយ លោក និងលោកស្រីជាម្ចាស់ផ្ទះ គួរប្រុងខ្លួនចាំទទួលភ្ញៀវទាំងពីររូប។ បានសេចក្ដីថា កាលបើភរិយាលោកស្លៀកពាក់យ៉ាងស្អាតបានត្រឹមត្រូវចាំទទួលភ្ញៀវ លោកមិនត្រូវទៅស្លៀកសារុងគគ្រក់ សម្រាន្ត រឺធ្វើការអ្វីៗជាប់ដៃខ្លាំងទៀតឡើយព្រោះលោកបានសំរេចចិត្តរួចមកហើយថា លោកចំណាយពេលវេលាល្ងាចនេះដើម្បីទទួលភ្ញៀវ។

ពេលភ្ញៀវអញ្ជើញមកដល់ អ្នកនាងនឹងលោកជាម្ចាស់ផ្ទះត្រូវក្រោកឡើងទទួលភ្ញៀវ។ ពេលភ្ញៀវអញ្ជើញមកដល់ អ្នកនាងនិងលោកជាម្ចាស់ផ្ទះត្រូវក្រោកឡើងទទួលភ្ញៀវ ហើយជូនទៅរកកន្លែងសមគួរសិន មិនគប្បីបក់ដៃហៅភ្ញៀវអោយចូលមក ហើយយកនៃចង្អុលអោយភ្ញៀវទៅរកកន្លែងអង្គុយនោះទេ។

អ្នកនាងគួររកកន្លែងមួយល្អប្រពៃមានបរិយាកាសស្អាតស្អំរៀបចំដោយស្នាដៃដ៏វិចិត្ររបស់អ្នកមាន ដើម្បីអោយអង្គុយលេងមួយស្របក់សិនក៏បាន រឺក៏អញ្ជើញទៅរកកន្លែងពិសាភោជនាហារតែម្ដងក៏បាន។ អ្នកនាងជាម្ចាស់ផ្ទះ ឬលោកជាម្ចាស់ផ្ទះ មិនគប្បីហៅភ្ញៀវឲ្យយកចិត្តទុកដាក់មើលរបស់ចំលែក ឬថ្លៃថ្នូររបស់អ្នកនាងឡើយហើយមិនគួរនិយាយថា ” ផ្ទះខ្ញុំស្អាតណាស់ ល្អណាស់ ទូលាយណាស់ ឬ វត្ថុនេះទើបនឹងទិញមកពីបរទេស ” ទេ អ្នកនាងគួរទុកឲ្យភ្ញៀវគេសម្លឹងមើលខ្លួនគេចុះ បើគេឃើញ ហើយសាកសួរដោយសរសើរអ្នកនាង អ្នកនាងមិនត្រូវបញ្ចេញឫកពាសប្បាយជ្រុល ព្រោះការសរសើរនេះ ឬបញ្ចេញពាក្យថា ” ខ្ញុំសប្បាយណាស់ ព្រោះខ្ញុំខំតុបតែង ឬខំសម្អាត ។ល។ នោះទេ។

អ្នកនាងគួរបញ្ចេញឥរិយាបថឲ្យភ្ញៀវឃើញថា អ្នកនាងសប្បាយចិត្តចំពោះភ្ញៀវមិនមែនសប្បាយចិត្តដោយអង្គុយមើលចង្អេរលើកខ្លួនឯងនោះទេ។ តាមពិតតម្លៃទាំងអស់នេះ ភ្ញៀវរបស់អ្នកនាងបានយល់តាមឥរិយាបថរបស់អ្នកនាងដោយពិតប្រាកដ។ អ្នកនាងអញ្ជើញគេមកសប្បាយ សម្រាប់បង្ហាញស្នាដៃរៀបចំរបស់នាងក៏ពិតមែនហើយតែអ្នកនាងមិនមែនអញ្ជើញមកសម្រាប់លើកតម្កើងអ្នកនាង និងស្វាមីអ្នកនាង ហើយហាក់ខ្ពើមរអើម ឬមើលងាយភ្ញៀវដែលមានឋានៈទាបជាងអ្នកនាងនោះទេ។ អ្នកទាប អ្នកក្រដែលបានឃើញឥរិយាបថដ៏ប្រសើរគួរសមឥតខ្ចោះ របស់អ្នកនាង និងស្វាមីអ្នកនាងអ្នកនោះសរសើរពីអ្នកនាងជាងទ្រព្យសម្បត្តិដែលគេមិនដែលឃើញនោះទៅទៀត។

ការរៀបម្ហូបអាហារសម្រាប់ភ្ញៀវ អ្នកនាងគួររៀបកុំឲ្យខ្វះ ហើយជាពិសេសទោះបីអ្នកនាងឃ្លានបាយក្ដាំងយ៉ាងណាក៏ដោយអ្នកនាងខំប្រឹងអត់ធ្មត់ទៅចុះកុំយក បាយក្ដាំងមកអោយភ្ញៀវឃើញអោយសោះ ព្រោះខ្លាចក្រែងភ្ញៀវយល់ថាអ្នកនាងខ្វះបាយ ។ កាលបើភ្ញៀវពិសាអស់សម្ល ឬឆា អ្នកនាងគួរយកចានមួយថ្មីទៀតដួសមកបន្ថែមលើចាន ដែលអស់នៅលើតុគឺមិនត្រូវយកចានដែលអស់នោះទៅដួសពីឆ្នាំងមកទេ។

ម្យ៉ាងទៀតម្ហូបអាហារដែលទុកសម្រាប់ថែម អ្នកនាងគួររៀបទុកមួយតុក្បែរនោះ សោះរវល់នឹងដើរចុះឡើងៗទៅឯចង្ក្រានបាយ។ បើអ្នកនាងចង់បន្ថែមអ្វីមួយ អ្នកនាងមិនចាំបាច់សួរភ្ញៀវទេ ព្រោះភ្ញៀវមានការចាំបាច់នឹងនិយាយតបមកវិញថា ” គ្រប់គ្រាន់ហើយអរគុណហើយ ” ។ នៅពេលបន្ថែមម្ហូបអាហារ អ្នកនាងត្រូវមានការប្រុងប្រយ័ត្នឲ្យមែនទែន គឺមិនត្រូវលើកសម្លទឹក ឬឆាឲ្យហៀរកំពប់ប្រឡាក់ខោអាវភ្ញៀវឡើយ ហើយគួររកចន្លោះល្មមសម្រាប់ដាក់ម្ហូប គឺមិនត្រូវធ្វើឲ្យប៉ះកែវប៉ះចានរណុងរណាំងសោះឡើយ។

លុះពិសាភោជនាហារហើយ អ្នកនាងមិនត្រូវបង្ខំឲ្យភ្ញៀវចេញទៅភ្លាមៗទេឯភ្ញៀវក៏មិនត្រូវនៅដំអក់ទាល់តែហួសអធ្រាត្រដែរ។ អ្នកនាងជាម្ចាស់ផ្ទះត្រូវធ្វើកិរិយាឲ្យរីករាយនឹងភ្ញៀវដរាប មិនត្រូវនិយាយប្រាប់ថា ខ្ញុំរវល់ទៅនេះទៅនោះ ឬចុកខ្នងរោយចង្កេះ ឬស្ងាបសាចុះឡើងឡើយ។

លុះភ្ញៀវអញ្ជើញចេញទៅ អ្នកនាង និងស្វាមីគួរជូនដំណើរភ្ញៀវរហូតដល់មាត់ទ្វារផ្ទះហើយអ្នកនាងអញ្ជើញឲ្យគេមកលេងទៀតពេលទំនេរ ដែលគេអាចមកបាន។ ឯភ្ញៀវគឺគួរនិយាយអរគុណម្ចាស់ផ្ទះ ហើយនិយាយថានឹងមកលេងទៀតទោះបីជាភ្ញៀវមិនបានមកទៀត ឬក៏ជាប់រវល់ទៅខេត្តក្រៅឆ្ងាយៗក្ដី។

ដកស្រង់ចេញពីសៀវភៅ សុជីវធម៌