សាច់គោអាំងជ្រលក់ទឹកត្រីអំពិលទុំរសជាតិហឹរ ប្លែកឆ្ងាញ់អស់ទាស់

177

គ្រឿងផ្សំ៖ សាច់គោ (សាច់ផុយជាប់ខ្លាញ់) ៨០០ក្រាម, អំបិល ១ស្លាបព្រាកាហ្វេ, ម្រេចម៉ត់ ២ស្លាបព្រាកាហ្វេ, ប្រេងសណ្តែក ២ស្លាបព្រាបាយ, ទឹកប្រេងខ្យង ២ស្លាបព្រាបាយ, ប័រ ១ស្លាបព្រាបាយ។ គ្រឿងផ្សំទឹកជ្រលក់៖ ទឹកអំពិលទុំ ៤ស្លាបព្រាបាយ,​ ទឹកក្រូចឆ្មារ ១ស្លាបព្រាបាយ, ទឹកត្រី ៤ស្លាបព្រាបាយ, ស្ករ ៣ស្លាបព្រាបាយ, ម្ទេសហុយ ៣ស្លាបព្រាបាយ, អង្ករលីង ២ស្លាបព្រាបាយ, ស្លឹកជីរណា ឬស្លឹកខ្ទឹមហាន់, ខ្ទឹមក្រហមហាន់ស្តើង (មិនដាក់ក៏បាន), បន្លែអន្លក់ ការ៉ុត សណ្តែកកួរ ស្ពៃក្តោប… តាមចំណូលចិត្ត។

វិធីធ្វើ៖

១.សាច់គោកាត់ជាបន្ទះធំល្មម យកសមដែកចាក់លើសាច់ឲ្យសព្វ (ដើម្បីពេលប្រឡាក់ចូលជាតិល្អ) រួចដាក់អំបិល ម្រេច ទឹកប្រេងខ្យង និងប្រេងសណ្តែកចូល ប្រឡាក់ជាមួយសាច់ឲ្យសព្វល្អ ទុក ១០នាទី

២.ធ្វើទឹកជ្រលក់ លាយទឹកអំពិលទុំ ស្ករ ទឹកត្រី ទឹកក្រូចឆ្មារ ម្ទេសហុយ លាយចូលគ្នា រួចដាក់អង្ករលីងចូល កូរចូលគ្នា ហើយដាក់ស្លឹកជីរ ឬស្លឹកខ្ទឹមចូល និងខ្ទឹមក្រហមចូល ជាការស្រេច

៣.ដាំខ្ទះ (ខ្ទះធម្មតា ឬខ្ទះបន្ទះដែកសម្រាប់អាំងសាច់) លាបប័រឲ្យសព្វ រួចយកសាច់គោដាក់ចូល ចំអិនឲ្យឆ្អិនល្មមតាមចំណូលចិត្ត

៤.រួចរាល់អស់ហើយយកសាច់គោហាន់ជាដុំៗ តាមចំណូលចិត្ត ហូបជាមួយបន្លែអន្លក់ ជ្រលក់ជាមួយទឹកត្រីអំពិលទុំរសជាតិហឹរ ឆ្ងាញ់អស់ទាស៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here