វីធីក្នុងការដាំដើមម្រុំ ដែលជា​ឱសថព្យាបាលជំងឺ និងផ្តល់គុណប្រយោជន៍យ៉ាងច្រើនទៀត

118

ម្រុំជា​រុក្ខជាតិ​ងាយ​ដាំ​តាមវិធីផ្សាំ ឬតាមវិធីបណ្តុះគ្រាប់បន្តពូជ មានឈ្មោះល្បីសម្រាប់​ផលិត​ជា​ឱសថព្យាបាល​ជំងឺ​ផ្សេងៗ​ និង​ជា​បន្លែ​ដ៏​មាន​ឱជារស​ឆ្ងាញ់ផងដែរ។​

វិធីក្នុងការដាំដុះដើមម្រុំ៖

១​.ដាំតាមវិធីផ្សាំ

ដាំម្រុំតាមវិធីផ្សាំ​ឲ្យផលឆាប់រហ័ស ហើយងាយថែណាស់ ដោយគ្រាន់តែកាត់មែកប៉ុនកដៃ កាត់ប្រវែងប្រហែល កន្លះម៉ែត្រ ដោតទៅដី គ្របស្លឹកឲ្យមានម្លប់ ហើយស្រោចទឹកមិនយូរថ្ងៃទេ ម្រុំនឹងដុះជាកូនរុក្ខជាតិឲ្យស្លឹកភ្លាមៗមិនយូរអាទិត្យឡើយ។ បើដោតដាំ នៅលើដីល្បាប់ នោះម្រុំរិតតែហុចផលល្អខ្លាំងឡើង។

២.ដាំតាមវិធីបណ្តុះគ្រាប់បន្តពូជ

បើដាំដោយការបណ្ដុះ​គ្រាប់​ដាំ គឺ​ដើម​ម្រុំ មាន​អាយុ​វែងឲ្យ​ផល​​បាន​យូរ​ឆ្នាំ ដូចជា​ដំណាំ​មៀន ដំណាំ​ស្វាយ​ដែរ។ ពេលបណ្ដុះ​គ្រាប់​ម្រុំ គេត្រូវ​រើស​យក​គ្រាប់​ណាដែល​ច្របាច់​ទៅ​រឹងណែន​ល្អយក​ទៅ​បណ្ដុះ ទើបអាច​ដុះ​ជាកូនដំណាំ​ល្អ គឺគេយក​គ្រាប់​ម្រុំនោះ ដាក់​រុំស្បៃ​​ជ្រលក់​ទឹកឲ្យ​គ្រាប់​វា​សើមរីក​នៅ​ក្នុង​ស្បៃ ២ ​ទៅ ​៣​យប់​សិន។ នៅ​ពេល​គ្រាប់​នោះ​បែក​សំបក​មាត់ចាប ទើប​យក​វា​ទៅ​កប់​បន្ថើរៗ នៅ​ក្នុង​កន្ទោង​ស្លឹក​ចេក។ គេ​កេវ​កន្ទោង ហើយ​ដាក់​ដី​ល្បប់ ឬដីជីរ​ធម្មតា ហើយយក​គ្រាប់​ ២-៣គ្រាប់ ដែលបែកមាត់ចាប ទៅកប់ក្នុងកន្ទោងនោះ បន្ទាប់មកគេយកកន្ទោងទៅតម្រៀបគ្នា ហើយធ្វើរបងព័ទ្ធកុំឲ្យមាន់កកាយចឹកគ្រាប់នោះយកឆី ហើយយកថ្នាំបាញ់រះៗ បន្តិចៗការពារកុំឲ្យ​ស្រមោច​ចូល​រំលីង បណ្តូលពន្លករាងដូច​ចង្កូម​ឆ្កែ​ ដែល​ទើបដុះចេញ​មកសៗ ដូច​សណ្ដែក​បណ្ដុះ​។

កាលណាបណ្តូលពន្លកនេះរំលើងទៅ ដើមម្រុំលែងដុះហើយ។ បើដាំ​នៅ​ខែ​ក្ដៅ​ គេត្រូវ​ស្រោច​ទឹកពី​លើ​កន្ទោង​ឲ្យ​ជោគល្អ ហើយ​យកចំបើង ឬ​ស្លឹក​ចេកទុំ​ងាប់ៗ ទៅ​គ្រប​ពី​លើ​កន្ទោងបន្ថយ​កំដៅកុំ​ឲ្យ​ចំហាយ​ក្ដៅ​ខ្លាំងទៅលើ​កន្ទោង អាចនាំ​ឲ្យ​ស្វិតបណ្ដូល​គ្រាប់​ពូជ ដែល​ទើប​ចេញ​ពន្លក ដែល​នៅ​ខ្ចី​នោះឲ្យងាប់វិញបាន។ បើ​នៅ​ខែ​ភ្លៀងវិញ​ គេគ្រាន់តែការពារ​គ្រាប់​បណ្ដុះ​ទើប​ចេញ​ពន្លក​នោះ កុំ​ឲ្យ​សត្វ​ស្រមោច ឬ​កណ្ដុរជាដើម វា​ស៊ី​បណ្ដូលតែប៉ុណ្ណោះ។ ក្រោយពីកូនឈើដុះធំបន្តិចហើយ ទើបគេយកដំណាំនោះទៅដាំនៅលើដី ដើម្បីឲ្យកូនដំណាំអាចដុះលូតលាស់ធំធាត់យ៉ាងសេរី៕

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here