វិធីសាស្រ្តដាំពោតបារាំង (Okra)

1008

អូក្រា (Okra) ជាដំណាំមកពីតំបន់អាហ្វ្រិកកណ្ដាល ប្រទេសអេត្យូពី (Ethiopia)។ នៅប្រទេសកម្ពុជា ដំណាំអូក្រានេះ ត្រូវគេហៅថា ពោតបារាំង ឬដៃនាង ទៅតាមការនិយមហៅតាមតំបន់។ អូក្រា ឬពោតបារាំង គេអាចយកទៅកែច្នៃជាម្ហូបបានច្រើនប្រភេទ ដោយការចម្អិនក៏បាន និងហូបឆៅក៏បាន។

តើការដាំដំណាំអូក្រា ឬពោតបារាំង យ៉ាងដូចម្ដេច ដើម្បីដុះលូតលាស់បានល្អ?

ទីផ្សារក្នុងទីក្រុងភ្នំពេញបច្ចុប្បន្ននេះ ត្រូវការអូក្រា ឬពោតបារាំង នៅពេលដែលពលរដ្ឋកាន់តែច្រើន ត្រូវការផ្លែពោតបារាំង នេះ ដើម្បីធ្វើជាបន្លែផ្សំក្នុងអាហារ។

ស្របពេលដែលអូក្រា ជាដំណាំដែលធន់នឹងភាពរាំងស្ងួតខ្លាំង ឬកម្ដៅខ្លាំង ពិសេសមិនសូវត្រូវការជីបំប៉នច្រើន បានជំរុញឲ្យក្រុមគ្រួសារកសិករនៅក្នុងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ចាប់អារម្មណ៍ដាំដំណាំប្រភេទនេះ។

លោក ស៊ឹម រុំ ជាកសិករដាំដំណាំអូក្រា ឬពោតបារាំង បានជោគជ័យដោយដាំតាមបែបធម្មជាតិ ស្ថិតនៅភូមិទូល ឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ លើកឡើងថា ដំណាំនេះផ្តល់ផលប្រយោជន៍យ៉ាងច្រើនទាំងនៅក្នុងជីវភាពប្រចាំថ្ងៃ និងសុខភាព ព្រមទាំងអត្ថប្រយោជន៍ជាច្រើនទៀត៖ «គេយកទៅហាន់វាហើយ រួចយកទៅហាលថ្ងៃ ឆុងហូបដូចតែ វាជួយជំនួយសន្លាក់ ហើយគេអាចយកផ្លែវាហូបឆៅក៏បាន ដើម្បីជំនួយជាតិរំអិលក្រពះ»។

ឯកសារស្រាវជ្រាវរបស់មជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថា សេដាក (CEDAC) បង្ហាញដែរថា ដំណាំអូក្រា មានផ្ទុកជីវជាតិវីតាមីនអា (A) វីតាមីនសេ (C) ហើយសម្បកវាសម្បូរទៅដោយជាតិដែក កាល់ស្យូម (CA) សារធាតុខ្លាញ់ ផេះ និងមានសារធាតុចិញ្ចឹមផ្សេងៗជាច្រើនទៀត។ ឯកសារដដែលបញ្ជាក់ទៀតថា ជាតិសរសៃដ៏ល្អក្នុងដំណាំនេះ អាចជួយទប់ទល់ជាតិស្ករនៅក្នុងឈាម មិនឲ្យឡើងខ្លាំង ជួយឲ្យពោះវៀនធំងាយស្រួលបញ្ចេញចោល ជួយការពារនូវរោគទល់លាមកបានល្អ អាចប្រើប្រាស់ជាថ្នាំសម្រាប់ព្យាបាលដំបៅ និងរលាក ជួយសម្រួលដំណើរការរបស់សួត និងបំបាត់ការឈឺចាប់បំពង់ក រួមនឹងអត្ថប្រយោជន៍សំខាន់ៗជាច្រើនទៀត។

បន្ទាប់ពីបានរៀបរាប់ពីអត្ថប្រយោជន៍ដំណាំពោតបារាំង រួចមក ម្ចាស់ចម្ការម្នាក់នេះ ឲ្យដឹងបន្តថា ផ្លែពោតបារាំង ផ្ដល់ផលក្នុងរយៈពេល ៥០ ទៅ ៦០ថ្ងៃ។ ជាងនេះទៀត ពោតបារាំង ដែលលោកដាំលក់ឲ្យទីផ្សារសេដាកនៅភ្នំពេញ ១គីឡូក្រាម ក្នុងតម្លៃ ៥.៥០០រៀល។

មកដល់ត្រង់ចំណុចនេះ លោក ស៊ឹម រុំ បានឲ្យដឹងបន្តថា ដំណាំពោតបារាំង ដែលលោកដាំបែបធម្មជាតិ មានជាង ៥០០ដើម ជាប្រភេទពូជមកពីប្រទេសម៉ាឡេស៊ី (Malaysia) និងប្រទេសប៊ូតង់ (Bhutan) ដែលអាចរកបានតាមរយៈអង្គការសេដាក។ លោក ស៊ឹម រុំ អះអាងថា ពូជទាំងពីរនេះមានរបៀបដាំដូចគ្នា។

 

លោកបន្តថា មុនដាំ ចាំបាច់ត្រូវកាប់ដីជម្រៅ ២តឹក ទំហំ ២,៥តឹក និងគម្លាតពីរណ្ដៅមួយទៅរណ្ដៅមួយចាប់ពី ០,៥ម៉ែត្រទៅ ១ម៉ែត្រ។ បន្ទាប់មក យកជីកំប៉ុសដែលមានប្រភេទដីបាតបឹង លាមកគោ ដាក់ចូលក្នុងរណ្ដៅនោះ ដើម្បីរក្សាសំណើមដី៖«ដាំវាអត់ខុសពី ពោតយើងទេ វាទាមទារដីល្អ អានេះបើយើងចង់ចៀសគីមី យើងដាំដំណាំនេះវាត្រូវហើយ គ្រាន់តែយកដីបាតត្រពាំង និងជីកំប៉ុសមកលាយគ្នា ដាក់ចូលរណ្ដៅដែលបានរៀបចំរួចជាការស្រេច»។

លោក ស៊ឹម រុំ បន្តថា បន្ទាប់ពីរៀបចំរណ្ដៅរួចមក លោកថា គេអាចដាំវាដោយកូនក៏បាន ដោយគ្រាប់ក៏បាន ប៉ុន្តែលោកជ្រើសរើសការដាំដំណាំនេះដោយគ្រាប់ ព្រោះងាយធំធាត់លឿន ចំណេញពេលវេលាថែទាំ។ ប៉ុន្តែលោកថា មុនដាំ ត្រូវយកគ្រាប់របស់ពោតបារាំង ទៅត្រាំទឹកមួយយប់សិន ក្រោយមកយកគ្រាប់ដែលបានត្រាំទឹករួចនោះ ទៅដាំក្នុងរណ្ដៅដោយក្នុងមួយរណ្ដៅដាក់គ្រាប់ពោតបារាំង មួយគ្រាប់ តែត្រូវជ្រើសរើសយកគ្រាប់ណាដែលណែនល្អ៖ «បើយើងដាំគ្រាប់វា ធន់ជាង វាដឹងតែរស់ហើយ តែបើយើងដាំកូន អាល័យតែទៅដកកូន ទៅឆ្កឹះកូនវាស្វិត ពន្យារពេលយូរ តែបើដាំគ្រាប់វាដឹងរស់ហើយ»។

តើរបៀបថែទាំដំណាំអូក្រា ឬពោតបារាំង មានអ្វីខ្លះ?

លោក ស៊ឹម រុំ បានឲ្យដឹងទៀតថា ពោតបារាំង មិនត្រូវការជ្រោយដី បោចស្មៅ ហើយវាមិនសូវត្រូវការថែទាំច្រើននោះទេ។ ប៉ុន្តែលោកថា ដើម្បីថែទាំដំណាំពោតបារាំង ទាន់តម្រូវការទីផ្សារ លោកគ្រាន់តែថែទាំវាដោយប្រើជីកំប៉ុសធម្មជាតិ ដូចជាទឹកនោមគោ លាមកគោ ស្រោចក្បែរដើមពោតបារាំង ជាការស្រេច។ ជាងនេះទៀត លោកថា បើខែវស្សា ស្រោចទឹកមួយសប្ដាហ៍ ១ដងបានហើយ តែបើរដូវប្រាំង ទាមទារស្រោចទឹកញឹកញាប់បន្តិច៖«សំខាន់ គឺរឿងទឹកហ្នឹងហ្មង ឲ្យតែគ្រប់គ្រាន់ជាការស្រេច ហើយយើងថែមជីលាមកគោ ទឹកនោមគោ ទឹកនោមមនុស្ស លាយជាមួយគ្នាយកទៅស្រោចក្បែរចន្លោះដើមវារឹតតែល្អ»។

ឯកសារសេដាក ស្ដីពីបច្ចេកទេសដាំដំណាំអូក្រា ឬពោតបារាំង បានឲ្យដឹងដែរថា ស្លឹករបស់អូក្រា មានរាងដូចជាម្រាមដៃដែលមានរាងឆែកៗចាប់ពី ៥ ទៅ ៧ឆែក។ អូក្រា មានដើមបែកមែក និងមានកម្ពស់ ១២០សង់ទីម៉ែត្រ ឬអាចខ្ពស់ជាងនេះ។ ផ្ការបស់វាមានពណ៌លឿង ស ក្រហម ឬស៊ីជម្ពូ ហើយផ្កាមានប្រាំត្របក អាស្រ័យទៅតាមប្រភេទពូជ។

នៅប្រទេសកម្ពុជា ដំណាំអូក្រា ដែលកសិករនិយមដាំដុះជាងគេ ភាគច្រើនប្រភេទពូជដែលមានផ្កាព័ណ៌ស៊ីជម្ពូ និងពណ៌លឿង។

ឯកសារដដែល ក៏បានឲ្យដឹងដែរថា អូក្រា ជាដំណាំប្រភេទថ្មី ដូច្នេះមិនសូវមានសត្វចង្រៃបំផ្លាញនោះទេ។

ទន្ទឹមគ្នានេះ ម្ចាស់ចម្ការពោតបារាំង ម្នាក់នេះអះអាងដែរថា ចម្ការពោតបារាំង ជាង ៥០០ដើមរបស់លោក មិនដែលមានសត្វចង្រៃមកបំផ្លាញនោះឡើយ។ លោកបានណែនាំឲ្យកសិករ ចេះដាំដំណាំឆ្លាស់គ្នា ដើម្បីទទួលបានទិន្នផលខ្ពស់៖ «កាលណាយើង ដាំមិនដូរមុខបន្លែ វាបណ្ដាលឲ្យស៊ាំដី កើតសត្វល្អិត ដូចសាមុនខ្ញុំដាំដំណាំប៉េងប៉ោះទេ តែសាក្រោយនេះ ខ្ញុំដាំពោតបារាំង វិញ ចឹងសត្វល្អិតចង្រៃអាវាស៊ីប៉េងប៉ោះ វាងាប់បាត់ហើយ ចឹងវាអត់មកស៊ីពោតបារាំង ទៀតទេ»។

លោក ស៊ឹម រុំ ជាកសិករដាំដំណាំពោតបារាំង បានជោគជ័យដោយដាំតាមបែបធម្មជាតិ យល់ថា ដំណាំពោតបារាំង បានក្លាយជាទិសដៅសំខាន់របស់ក្រុមគ្រួសារលោក ដើម្បីលើកស្ទួយកម្រិតជីវភាពប្រចាំថ្ងៃ។ កសិកររូបនេះ ជំរុញឲ្យកសិករដទៃទៀត ងាកមកដាំដំណាំពោតបារាំង ឲ្យបានច្រើន ហើយលោកក៏ស្នើឲ្យស្ថាប័នពាក់ព័ន្ធ បង្កើនការផ្សព្វផ្សាយពីសារសំខាន់នៃដំណាំប្រភេទនេះ ព្រោះដំណាំនេះជាដំណាំប្រភេទថ្មី និងកំពុងពេញនិយមក្នុងតម្រូវការទីផ្សារនៅកម្ពុជា៕

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here