វិធីសាស្រ្តក្នុងការដាំដំណាំត្រសក់ផ្អែម ឲ្យបានល្អ និងផ្អែមឆ្ងាញ់​!!

286

វិធីសាស្រ្តក្នុងការដាំដំណាំត្រសក់ផ្អែម ឲ្យបានល្អ និងផ្អែមឆ្ងាញ់
ការថែទាំ ប្រភេទពូជដែលលក់បានថ្លៃ និងការផ្សំថ្នាំការពារបែបធម្មជាតិ
សូមជួយចែករំលែកបន្តដល់បងប្អូនកសិករយើងផង!

ត្រសក់ផ្អែម ឬ មេឡុន ជាដំណាំដែលមិនសូវមានការដាំដុះនៅក្នុងប្រទេសកម្ពុជាទេ។ ប៉ុន្តែ កសិករនៅតំបន់មួយចំនួននិយមដាំ ព្រោះមានការនិយមចូលចិត្តបរិភោគ និងមានតំលៃថ្លៃនៅលើទីផ្សារ។ ខាងក្រោមនេះគឺជាវិធីសាស្រ្តក្នុងការដាំដំណាំត្រសក់ផ្អែម៖


១-ការជ្រើសរើសដីដាំ និងការរៀបចំដី
-ដីដែលត្រូវដាំត្រសក់ផ្អែមត្រូវជ្រើសរើសដីខ្ពស់មិនលិចទឹកនៅរដូវវស្សាតែចំពោះរដូវប្រាំងអាចដាំនៅលើដីស្រែ ប៉ុន្តែត្រូវនៅជិតប្រភពទឹកដើម្បីងាយស្រួលក្នុងការស្រោចស្រព
-មុនដាំត្រូវភ្ជួរដីហាលចោល១សប្តាហ៍បន្ទាប់មកបាចជីលាមកសត្វពុកផុយ ឬជីកំប៉ុស្ត រួចភ្ជួរបង្កប់ជីទៅក្នុងដី ទុកចោលរយៈពេល២ថ្ងៃទើបរាស់ឲ្យស្មើរូចកាប់ជារណ្តៅដាំដោយទុកចន្លោះ ពីរណ្តៅមួយ ទៅរណ្តៅមួយ ៣តឹក ។


២-ការជ្រើសរើសពូជ៖
ពូជត្រសក់ដែលត្រូវជ្រើសរើសដាំមាន ៣ ប្រភេទ :
១-ពូជសាច់ពណ៌លឿង(សូវ៉ិត) នាំមកពីប្រទេសថៃ
២-ពូជសំបកលឿង សាច់ពណ៌ខៀវ(ពូជស៊ីថង) នាំមកពីប្រទេសថៃ
៣-ពូជសំបកខៀវ សាច់ខៀវ(ពូជតាខាយ) នាំមកពីប្រទេសចិន ការដាំត្រសក់ទាំង ៣ពូជនេះ គឺតម្រូវទៅតាមទីផ្សារ ។


៣-ការបណ្តុះកូន៖
-មុនដាំ ត្រូវយក គ្រាប់ទៅបណ្តុះដាក់ក្នុងថង់ប្លាស្ទិក
-លាយដីជាមួយជីកំប៉ុស្តច្របល់ឲ្យសព្វ ដាក់ចូលក្នុងថង់រួចយកគ្រាប់ទៅបណ្តុះដោយដាក់ ១ គ្រាប់ក្នុងមួយថង់។ បណ្តុះកូនរួច ត្រួវគ្របវារយៈពេល ៣ថ្ងៃ ៣យប់ និងស្រោចទឹកថែទាំរហូតដល់រយៈពេល ១០ថ្ងៃ ទើបអាចយកកូនទៅដាំក្នុងរណ្តៅ ។


៤-ការដាំ៖-មុនដាំត្រូវរៀបចំរណ្តៅដោយដាក់ជីកំប៉ុស្តឬជីលាមកគោទាឬមាន់(ទ្រាប់បាត) ក្នុងមួយរណ្តៅ១ បង្គីដោយដាំចន្លោះពីគុម្ពមួយ ទៅមួយ ៣តឹក
-ពេលដាំរួចត្រូវស្រោចទឹកបន្ទាប់មកយកកៅស៊ូប្លាស្ទិកមកគ្របពីលើរង(កៅស៊ូនោះចោះរន្ធតូចៗដើម្បីឲ្យមានខ្យល់ចេញចូល)- ការគ្របកៅស៊ូនេះ គឺដើម្បីការពារដីមានសំណើម និងមិនមានសត្វល្អិតបំផ្លាញ ព្រមទាំងមិនឲ្យស្មៅដុះផង ។


៥-ការថែទាំ៖- ក្នុងមួយថ្ងៃត្រូវស្រោចទឹក១ដង
-នៅពេលត្រសក់ដុះបានអាយុពី ២០-៣០ថ្ងៃ ត្រូវដាក់ជីបំប៉នបន្ថែមដោយប្រើជីលាមកមាន់ និងជីកំប៉ុស្ត (ដាក់ជីបំប៉ននៅចន្លោះរង)
-ត្រសក់ដុះបាន៧សន្លឹក ត្រូវធ្វើការចងទ្រើងឲ្យត្រសក់វារឡើងនៅពេលកូនត្រសក់មានស្លឹក១៤ត្រូវបេះខ្នែង ដែលមានក្រោមស្លឹកទី៤នោះចោល។នៅលើសន្លឹកទី១៤ នោះត្រូវទុក ខ្នែង ៣ វិញសំរាប់ទុកយកផ្លែ


-ហើយនៅពីលើខ្នែងទាំង៣ដែលទុកនោះបើមានខ្នែងផ្សេងទៀតដុះមកត្រូវបេះវាចោល
-ចំពោះ ត្រសក់ផ្លែល្អ គឺនៅចន្លោះខ្នែងទី១៤ នេះទៅដល់ខ្នែង ១៦ លើខ្នែងទាំងបីនេះមានផ្លែ៣ តែយើងត្រូវទុកតែមួយផ្លែទេ ដោយជ្រើសរើសផ្លែណាដែលល្អជាងគេ
-ត្រសក់ច្រើនជួបប្រទះបញ្ហា ដង្កូវចោះស្លឹក និងជំងឺស្លឹកក្រហម ក្នុងការទប់ទល់ជាមួយសត្វល្អិតបំផ្លាញ យើងត្រូវប្រើថ្នាំផ្សំពីរុក្ខជាតិដូចខាងក្រោម:


+ធាតុផ្សំមាន៖-គ្រាប់ប៉ិកួៈ៥គីឡូក្រាមគ្រាប់ស្លាក់៥គីឡូក្រាមគ្រាប់ស្លែង៥គីឡូក្រាមបណ្តូលពេជ្រ១០គីឡូក្រាម។
+វិធីធ្វើ :-យកធាតុផ្សំខាងលើនេះមកចិញ្ច្រាំឲ្យម៉ដ្ឋ រួចដាក់ក្នុងពាង បន្ទាប់មកចាក់ទឹកដាក់ត្រាំចំនួន២៤០ លីត្រទុករយៈពេល ១៥ថ្ងៃ ទើបអាចយកទៅប្រើប្រាស់បាន ក្នុងរយៈពេលរក្សាទុក លោកអ្នកបើកគម្របពាងកូរ ១ថ្ងៃម្តង ដើម្បីឲ្យថ្នាំឆាប់កាច់ ។
+វិធីប្រើប្រាស់៖-នៅពេលប្រើ ត្រូវយកទឹកថ្នាំ ៣លីត្រ លាយជាមួយទឹកធម្មតាចំនួន២០ លីត្របាញ់ស្រោចទៅលើត្រសក់(ស្រោចនៅពេលល្ងាច)។ថ្នាំនេះអាចបណ្តេញសត្វបានគ្រប់ប្រភេទនៅលើដំណាំត្រសក់ផ្អែម៕

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here