វិធីបំបៅមែកល្មុតសម្រាប់យកទៅដាំ

503

– ជ្រើសរើសមែកបំពង់ដែលយើងចង់បាន ដែលធ្លាប់មានផ្លែស្រាប់
– ចៀរសំបកជុំវិញមែកប្រវែង ១តឹក ហើយកោសរំអិលចេញដើម្បីកុំឲ្យរលួយត្រង់មុខចៀរនោះ
– តាមបទពិសោធន៍ឃើញថា កាលណាមិនបានកោសរំអិលចេញ វាមិនដុះឫសទេ
– ក្រោយពីទុក ចោលរយៈពេល ២ ទៅ ៣ ថ្ងៃ ដើម្បីឲ្យមុខចៀរស្ងួតទើបយកដីដែលមានជីជាតិមករុំបិទ ជាមួយនឹងថង់ប្លាស្ទិក ដោយចងរិត ឲ្យណែននៅផ្នែកខាងលើ កណ្តាល ខាងចុង


– បន្ទាប់មក ត្រូវចាប់ផ្តើមបន្តក់ទឹកជាប់ជារៀងរាល់ថ្ងៃ រហូតដល់ដុះចេញឫស សៗ ទើបពន្យារការបន្តក់ទឹកមកនៅត្រឹម ២ ទៅ ៣ ថ្ងៃម្តង

– ក្រោយពីបំបៅហើយរយៈពេលមួយខែ គេសង្កេតឃើញឫសសៗ ដុះចេញមក ហើយបន្តទុករហូតដល់ ២ ឬ ៣ ខែទៀត ទើបកាត់យកទៅដាំ។ កាលណាយើងឆាប់កាត់យកទៅដាំពេកអាចបណ្តាលឲ្យដើមអន់។

*មានវិធីមួយទៀតដែលមានលក្ខណៈប្រហែលគ្នា គឺជ្រើសរើសមែកបំពង់ដូចគ្នា។ ប៉ុន្តែក្រោយពីចៀរ សំបកក្រឡឹងជុំវិញមែកប្រវែងកន្លះតឹកហើយ យកខ្លាញ់គោ (ខ្លាញ់ដុំ) មកជូតកន្លែងចៀរសំបកដើម្បីឲ្យឆាប់ដុះឫស រួចយកដី ដែលមានជីជាតិមកបិទ បន្ទាប់មក យកស្រកីដូងមករុំចងបិទពីក្រៅឲ្យជាប់ចងសងខាង

ក្រោយពីបំបៅហើយភ្លាម ត្រូវបន្តក់ទឹកព្រឹកល្ងាចរយៈពេលមួយអាទិត្យ រួចពន្យារការស្រោចទឹកពីរបីថ្ងៃម្តង។ ការបំបៅនេះ ទុករហូតដល់មួយខែកន្លះ ទៅ ២ ខែ ទើប អាចកាត់យកទៅដាំបាន។

ការចងរុំស្រោបពីលើដីយើងអាចប្រើស្រកីដូង ឬថង់ប្លាស្ទិកក៏បាន។ ប៉ុន្តែយកល្អប្រើ ស្រកីដូង ព្រោះវាងាយជប់ទឹកធ្វើឲ្យមានសំណើមជាប់ ហើយកាត់បន្ថយការស្រោចទឹក។ ចំពោះការលាបខ្លាញ់គោ គឺជំនួយ ឲ្យឆាប់ដុះឫស។

សរុបមក តាមបទពិសោធន៍ទាំងពីរខាងលើគឺ ដើម្បីបំបៅមែកល្មុតឲ្យដុះបានល្អ យើងត្រូវកត់សំគាល់លើលក្ខណៈ មួយចំនួនដូចខាងក្រោម៖

– ជ្រើសរើសយកមែកបំពង់មកបំបៅ
– កោសរំអិលចេញនៅមុខដែលត្រូវបំបៅ កុំឲ្យដោយសាច់ឈើ ។ កោសហើយអាចទុកឲ្យស្ងួត ឬលាបខ្លាញ់គោ
យកដីមានជីជាតិច្រើនមករុំបិទមុខបំបៅ


– ចង រុំប្លាស្ទិកឲ្យណែន ឬប្រើស្រកីដូង យកល្អប្រើស្រកីដូងធ្វើជាឧបករណ៍រុំចងមុខបំបៅ ព្រោះវាងាយជក់ទឹក ជាងស្បោងប្លាស្ទិក។
– បន្តក់ទឹកឲ្យសើមរៀងរាល់ថ្ងៃរយៈពេលមួយអាទិត្យ ទើបបន្ថយការស្រោចទឹក ២ ទៅ ៣ ថ្ងៃម្តង។
– បន្ថយការស្រោចទឹក នៅពេលដែលឃើញមុខបំបៅដុះពន្លកឫសសៗ៕


អត្ថបទ៖ ខេមបូឌាអេចបេ្រសញូស៍ / IT CAMBO
រូបភាពពី៖ Sothea Houy / Keo Chanbo

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here