វិធីបំបៅមែកល្មុតទៅដាំ វាឆាប់ផ្តល់ផលនិងលូតលាស់លឿនជាងដាំកូនរហូតដល់បីដង..!!

151

-ជ្រើសរើសមែកបំពង់ដែលយើងចង់បាន ដែលធ្លាប់មានផ្លែស្រាប់។
-ចៀរសំបកជុំវិញមែកប្រវែង១តឹកហើយកោសរំអិលចេញដើម្បីកុំឲ្យរលួយត្រង់មុខចៀរនោះ។
-តាមបទពិសោធន៍ឃើញថាកាលណាមិនបានកោសរំអិលចេញ វាមិនដុះឫសទេ។


-ក្រោយពីទុក ចោលរយៈពេល២ទៅ៣ថ្ងៃដើម្បីឲ្យមុខចៀរស្ងួតទើបយកដីដែលមានជីជាតិមករុំបិទ ជាមួយនឹងថង់ប្លាស្ទិកដោយចងរិតឲ្យណែននៅផ្នែកខាងលើ កណ្តាល ខាងចុង។
-បន្ទាប់មកត្រូវចាប់ផ្តើមបន្តក់ទឹកជាប់ជារៀងរាល់ថ្ងៃ រហូតដល់ដុះចេញឫស សៗទើបពន្យារការបន្តក់ទឹកមកនៅត្រឹម ២ ទៅ៣ថ្ងៃម្តង។

-ក្រោយពីបំបៅហើយរយៈពេលមួយខែ គេសង្កេតឃើញឫសសៗ ដុះចេញមក ហើយបន្តទុករហូតដល់ ២ឬ ៣ខែទៀត ទើបកាត់យកទៅដាំ។កាលណាយើងឆាប់កាត់យកទៅដាំពេកអាចបណ្តាលឲ្យដើមអន់។

++មានវិធីមួយទៀតដែលមានលក្ខណៈប្រហែលគ្នា គឺជ្រើសរើសមែកបំពង់ដូចគ្នា។ប៉ុន្តែក្រោយពីចៀរ សំបកក្រឡឹងជុំវិញមែកប្រវែងកន្លះតឹកហើយ យកខ្លាញ់គោ (ខ្លាញ់ដុំ) មកជូតកន្លែងចៀរសំបកដើម្បីឲ្យឆាប់ដុះឫស រួចយកដី ដែលមានជីជាតិមកបិទ បន្ទាប់មកយកស្រកីដូងមករុំចងបិទពីក្រៅឲ្យជាប់ ចងសងខាង។

ក្រោយពីបំបៅហើយភ្លាម ត្រូវបន្តក់ទឹកព្រឹកល្ងាចរយៈពេលមួយអាទិត្យ រួចពន្យារការស្រោចទឹកពីរបីថ្ងៃម្តង។ ការបំបៅនេះ ទុករហូតដល់មួយខែកន្លះ ទៅ ២ ខែ ទើប អាចកាត់យកទៅដាំបាន។

ការចងរុំស្រោបពីលើដីយើងអាចប្រើស្រកីដូង ឬថង់ប្លាស្ទិកក៏បាន។ ប៉ុន្តែយកល្អប្រើ ស្រកីដូង ព្រោះវាងាយជប់ទឹកធ្វើឲ្យមានសំណើមជាប់ ហើយកាត់បន្ថយការស្រោចទឹក។ ចំពោះការលាបខ្លាញ់គោ គឺជំនួយ ឲ្យឆាប់ដុះឫស។

++សរុបមក តាមបទពិសោធន៍ទាំងពីរខាងលើគឺ ដើម្បីបំបៅមែកល្មុតឲ្យដុះបានល្អ យើងត្រូវកត់សំគាល់លើលក្ខណៈ មួយចំនួនដូចខាងក្រោម៖

-ជ្រើសរើសយកមែកបំពង់មកបំបៅ។
-កោសរំអិលចេញនៅមុខដែលត្រូវបំបៅ កុំឲ្យដោយសាច់ឈើ។កោសហើយអាចទុកឲ្យស្ងួតឬលាបខ្លាញ់គោ
យកដីមានជីជាតិច្រើនមករុំបិទមុខបំបៅ។


-ចងរុំប្លាស្ទិកឲ្យណែន ឬប្រើស្រកីដូង យកល្អប្រើស្រកីដូងធ្វើជាឧបករណ៍រុំចងមុខបំបៅ ព្រោះវាងាយជក់ទឹក ជាងស្បោងប្លាស្ទិក។
-បន្តក់ទឹកឲ្យសើមរៀងរាល់ថ្ងៃរយៈពេលមួយអាទិត្យទើបបន្ថយការស្រោចទឹក២ទៅ៣ថ្ងៃម្តង។
-បន្ថយការស្រោចទឹក នៅពេលដែលឃើញមុខបំបៅដុះពន្លកឫសសៗ៕

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

សូមថ្លែងអំណរគុណចំពោះរាល់ប្រភពរូបថត។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here