វិធីធ្វើផ្អកកំពឹសឆ្ងាញ់!!

651

វិធីធ្វើផ្អកកំពឹសឆ្ងាញ់!!

គ្រឿងផ្សំ៖-កំពឹស ៥​ ចានចង្កិះ -អំបិល កន្លះ ចានចង្កិះ-រំដេងខ្ចី ១ជ្រុងប៉ុនពាក់កណ្ដាលក្ដាប់ដៃ ហាន់ជាសសៃៗ-ល្ហុងខ្ចី ១ផ្លែតូច ឈូសជាសសៃៗ ឬសាប់ក៏បាន-ស្ករត្នោត ២ស្លាបព្រាបាយ-អង្ករលីង៣ភាគ៤ចានចង្កិះ កិនឬបុកអោយហ្មត់

វិធីធ្វើ៖-លាងកំពឹស រើសអោយអស់កំទេចកំទីនិង​ចៃនៅ​ក្បាល​កំពឹស ​(ចៃនេះបណ្ដាល​អោយពុលរាគ​ក្អួត​កាលណា​ហូបប៉ះវា) ដាក់អោយស្រស់ទឹក សឹមវាល់អោយបាន​៥​ចានចង្កិះ លាយអំបិលកន្លះ​ចាន​ចង្កិះ  លាយអោយសព្វចូល​ជាតិ​គ្រប​អោយ​ស្អាត​កុំអោយរុយ​ពងបានទុកប្រហែល​កន្លះ​ម៉ោង​​ ទើបញាត់ចូលក្នុងកែវស្អាតមួយ ផ្អាប់ទុករយៈពេល​៥យប់ ​ត្រូវ​ញាត់អោយពេញ​ណែន​កុំ​អោយ​​មាន​សល់​ចន្លោះក្នុងកែវ បើនៅ​សល់​ចន្លោះត្រូវ​រោយអំបិល​ពីលើបន្តិច​រូច​ដាក់​ថង់​ស្អាត​ពី​លើ (ចន្លោះមិនពេញនេះ​អាចបណ្ដាល​អោយ​ផ្អក​ធំក្លិន​ខ្យល់​បាន)

-ក្រោយ​ពេល​ផ្អាប់​ទុកបាន​៥យប់ កូរស្ករត្នោតលើភ្លើងអោយក្រហមឈ្ងុយ រួចចាក់ទឹក១​ចាន​ចង្កិះ​ចូល​ឆ្នាំងស្ករនោះ ដាំរហូតពុះ។

-ចាក់កំពឹសដែលផ្អាប់ដាក់ក្នុងចានក្រឡូមធំស្រួលលាយ ទើបចាក់ទឹកស្ករកំពុង​ពុះចូល​កូរ​អោយ​សព្វ ទើបដាក់អង្ករលីង និងរំដេងហាន់ចូល លាយអោយសព្វ រួចញាត់ចូល​កែវវិញ​ (កុំអោយពេញពេក ខ្លាចពេលអង្ករលីងរីកនាំអោយហៀរទឹកចេញក្រៅ រួចទុកមួយ​យប់​ទៀត អោយអង្ករលីងកាច់ចូលជាតិ ទើបអាចដាក់ល្ហុងបាន បើដាក់ល្ហុងតែម្ដង ផ្អកនឹងធំក្លិនឆ្អាប)។

-បានទុកមួយយប់ហើយ ចាក់ពីកែវមកម្ដងទៀត មកលាយនឹងល្ហុងខ្ចីដែលបានសាប់ អោយសព្វ ទើបញាត់​ចូល​កែវ​វិញ ទុកមួយយប់ឬ២យប់ អាចពិសាបានហើយ។

ចំណាំ៖ពេលលាយហូប ភ្លក្ស​មើល​បើសិននៅ​ស្ទើរ​ផ្អែមឬមិនទាន់ជូរ  អាចថែមស្ករស និង​ក្រូច​ឆ្មារ​បន្តិចតាមចំណូលចិត្តអ្នកពិសា។ ផ្អកនេះគេអាចពិសាជាមួយបាយ ផ្ទាប់ពពាយខ្ចី ត្រសក់ ខ្ញីខ្ចី​ក៏បាន ឬអាចផ្ទាប់ជាមួយត្រីអណ្ដែងអាំងក៏បាន។ ដើម្បីរក្សាបានយូរថ្ងៃ អាចដាក់ក្នុង​ទូរ​ទឹកកក​ ហូបបានបួនប្រាំថ្ងៃដែរ។សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here