វិធីកែខៃដីដាំស្រូវដែលខ្សោះជីជាតិ ឬខូច ឱ្យមានជីជាតិឡើងវិញ

1037

ដី​ខ្សោះ​ជីជាតិ ឬ​ដី​ខូច គឺ​សំដៅ​លើ​ដី​ដែល​រឹង មិន​អាច​រក្សា​សំណើម​បាន​យូរ ហើយ​ដំណាំ​ដែល​ដាំ​ដុះ​នៅ​លើ​ដី​នោះ​មិន​សូវ​ល្អ និង​មិន​ផ្ដល់​ទិន្នផល​ច្រើន​ឡើយ បើ​មិន​ប្រើ​ជីគីមី​បន្ថែម​នៅ​ពេល​ដាំ​ដុះ​ម្ដងៗ។

*មូលហេតុធ្វើឱ្យដី​ខ្សោះ​ជីជាតិ ឬ​ដី​ខូច

​-មិន​បាន​ផ្ដល់​ជី​គ្រប់គ្រាន់​ដល់​ដី

-ទម្លាប់​ប្រើ​ជីគីមី​ច្រើន​ជាង​ជីធម្មជាតិ

-កត្តា​ប្រែប្រួល​អាកាសធាតុ

-ការ​ភ្ជួរ​រាស់​ដី​មិន​បាន​ត្រឹមត្រូវ

-មិន​ទប់​ភ្លឺស្រែ​ដើម្បី​រក្សា​ទឹក

-​មិន​ដាំ​ដំណាំ​ពពួក​សណ្ដែក​ធ្វើ​ជា​គម្រប​ដី​ក្រោយ​ពេល​ប្រមូល​ផល​ស្រូវ​រួច​ម្ដងៗ។

កត្តា​ទាំងនេះ ធ្វើ​ឲ្យ​ដី​កាន់​តែ​ហាប់ និង​ខ្សោះ​ជីជាតិ ហើយ​ឫស​ស្រូវ​ចាក់​មិន​បាន​ជ្រៅ​ចូល​ក្នុង​ដី ពុំ​មាន​ពពួក​សត្វ​ល្អិត​ក្នុង​ដី និង​គ្មាន​អុកស៊ីសែន ទើប​ដំណាំ​មិន​សូវ​ល្អ។

តើ​កសិករ​គួរ​ធ្វើ​បែប​ណា ដើម្បី​កែប្រែ​ដី​ដែល​ខ្សោះ​ជីជាតិ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​នោះ មក​ជា​ដី​មាន​ជីជាតិ​វិញ?

ដំណាំ​ស្រូវត្រូវការ​ដី​ដែល​អាច​ស្រូប​យក​ទឹក​យ៉ាង​ច្រើន​តាម​រយៈ​ឫស ហើយ​ឫស​ត្រូវការ​អុកស៊ីសែន​ដក​ដង្ហើម​គ្រប់គ្រាន់​នៅ​ក្នុង​ស្រទាប់​ដី។ ដើម្បី​ផ្ដល់​ទឹក និង​ខ្យល់​ឲ្យ​បាន​គ្រប់គ្រាន់​តាម​តម្រូវការ​របស់​ឫស​ស្រូវ កសិករ​ត្រូវ​ផ្ដល់​ជីជាតិ​គ្រប់គ្រាន់ ឬ​សមស្រប​ទៅ​តាម​លក្ខណៈ​រូប​ដែល​អាច​ធ្វើ​ឲ្យ​ទឹក​ជ្រាប​ចូល​ក្នុង​ស្រទាប់​ដី រក្សា​សំណើម​បាន​យូរ និង​អាច​ឲ្យ​ខ្យល់​ចេញ​ចូល ជាដើម។

ដូច្នេះកសិករត្រូវ៖

-ទប់​ភ្លឺស្រែ​ឲ្យ​បាន​ជាប់ ការពារ​កុំ​ឲ្យ​ទឹក​ហូរ​ច្រោះ​ជីជាតិ​ចេញ​ពី​ស្រែ

-​ភ្ជួរ​រាស់​ឲ្យ​បាន​បី​ដង​មុន​នឹង​ស្ទូង​ស្រូវ ដើម្បី​ឲ្យ​ដី​ម៉ដ្ឋ​ល្អ ទឹក​រត់​ក្នុង​ស្រែ​ស្មើ ដើម្បី​ងាយស្រួល​ដល់​ការ​បញ្ចូល​ទឹក ឬ​បាច​ជី​បន្ថែម

​-ប្រើ​ជីធម្មជាតិ​ឲ្យ​បាន​ច្រើន។ ក្នុង​ករណី​ដែល​កសិករ​ប្រើ​ជីគីមី គឺ​ត្រូវ​ប្រើ​ក្នុង​កម្រិត​មួយ​សមស្រប និង​ត្រឹមត្រូវ​ទៅ​តាម​ការ​ណែនាំ មិន​ដូច្នោះ​ទេ នឹង​ធ្វើ​ឲ្យ​ដី​កាន់​តែ​ខូច​លំបាក​នឹង​កែប្រែ​ឡើង​វិញ

សូម​កសិករ ភ្ជួរ​លុប​គល់​ជញ្ជ្រាំង​ក្រោយ​ប្រមូល​ផល ដាំ​បន្លែ និង​ពពួក​សណ្ដែក​លើ​ដី​ដែល​ខូច​នោះ បន្ថែម​ដី​ដំបូក ដី​ល្បាប់​បាត​ត្រពាំង ដើម្បី​បង្កើត​អាសូត (Nitrogen) និង​ខ្យល់​ក្នុង​ដី ទើប​ធ្វើ​ឲ្យ​ដី​មាន​ជីជាតិ​ឡើង​វិញ៕

**អានអត្ថបទបន្ថែម៖វិធីធ្វើថ្នាំសម្លាប់សត្វល្អិតតាមធម្មជាតិ**
* ធាតុផ្សំ៖

– ម្ទេស 1 kg

– ស្លឹក ឬសំបកស្តៅ 1 kg

– ស្លឹកទៀប 1 kg

– សំបកកន្ទួត 1 kg

– ខ្ទឹមស 0.5 kg

– ទឹកនោមសត្វ 15 លីត្រ

– ទឹកធម្មតា 10 លីត្រ

– វល្លិ៍ ឬ មើមបណ្តូលពេជ្រ 1 kg

* វិធីលាយ៖

-បុកធាតុផ្សំខាងលើ ហើយដាក់ត្រាំទឹកនោម និងទឹកធម្មតា ទុករយៈពេល 15ថ្ងៃ អាចប្រើបានហើយ ហើយកូរវាមួយថ្ងៃពីរដង។

* វិធីប្រើ៖

-ពេលប្រើ ទឹកថ្នាំ 1លីត លាយនឹងទឹក 15លីត្រ បាញ់លើដំណាំណាដែលជួបការបំផ្លាញពីសត្វល្អិតផ្សេងៗ។

សូមព្យាយាមប្រើប្រាស់ថ្នាំសម្លាប់ដែលផ្សំពីធម្មជាតិទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីទទួលបានសុខភាពល្អទាំងអ្នកផលិត និងអ្នកប្រើប្រាស់។

អត្ថបទ៖ អ៊ាង សុផល្លែត

☞☞☞ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

 

**អានអត្ថបទបន្ថែម៖» វិធីដាំបន្លែក្នុងផើង ធុង ឬកេសស្នោរ!**
– ត្រូវ‌ជ្រើសរើស‌ពូជអោយបានល្អ

– ដីដាំត្រូវយកដីបាតស្រះ ត្រពាំង‌ បឹង ទន្លេ ហាលអោយស្ងួត (ដើម្បីសំលាប់មេរោគ)

– ដំដីអោយម៉ដ្ឋ លាយជាមួយផេះ (សំណល់បន្លែ ផ្លែឈើ ស្លឹកឈើ កាប់តូចៗហាលអោយស្ងួតរួចដុតយកផេះ) និង‌ជីលាមកសត្វពុកផុយ‌ច្របល់‌ លាយចូលគ្នា ធ្វើបែបនេះ‌គឺដើម្បីអោយ‌ដីធូរ‌ដំណាំ‌ងាយចាក់ឫស។

– សម្រាប់ដំណាំស្ពៃពេលបំបែកកូនដាំរួច ត្រូវយកឫសកំផ្លោកកាប់អោយតូចៗហាលអោយស្ងួតមកគ្របពីលើ គល់អោយជិតការពារពេលស្រោច ទឹករលើងឫស និងរក្សាសំណើមបានរយៈពេលយូរ។

– ការ‌ដាំអាចដាក់ក្នុងអ្វីក៏បានដូចជា: ផើង ធុង ស្នោរ…

**ពិសេស‌ទៅទៀត‌អាចយកសំណល់ទឹកលាង ត្រី‌ សាច់ ស្រោចគល់ដំណាំគ្រប់មុខរាល់ថ្ងៃព្រោះវាមានជីវជាតិល្អ។ត្រូវព័ទ្ធសំណាញ់ការពារសត្វចាបកុំអោយមកមកចិកស៊ីបន្លែ (ពិសេស‌ស្ពៃ‌ )។

អត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here