ល្មុតដាំកូនមិនងាយបានផ្លែទេ! នេះជាវិធីបំបៅមែកល្មុតសម្រាប់យកទៅដាំឆាប់បានផ្លែ !!

119

-ជ្រើសរើសមែកបំពង់ដែលយើងចង់បាន ដែលធ្លាប់មានផ្លែស្រាប់។
-ចៀរសំបកជុំវិញមែកប្រវែង ១តឹក ហើយកោសរំអិលចេញដើម្បីកុំឲ្យរលួយត្រង់មុខចៀរនោះ។
-តាមបទពិសោធន៍ឃើញថា កាលណាមិនបានកោសរំអិលចេញ វាមិនដុះឫសទេ។
-ក្រោយពីទុក ចោលរយៈពេល ២ ទៅ ៣ ថ្ងៃ ដើម្បីឲ្យមុខចៀរស្ងួតទើបយកដីដែលមានជីជាតិមករុំបិទ ជាមួយនឹងថង់ប្លាស្ទិក ដោយចងរិត ឲ្យណែននៅផ្នែកខាងលើ កណ្តាល ខាងចុង។


-បន្ទាប់មក ត្រូវចាប់ផ្តើមបន្តក់ទឹកជាប់ជារៀងរាល់ថ្ងៃ រហូតដល់ដុះចេញឫស សៗ ទើបពន្យារការបន្តក់ទឹកមកនៅត្រឹម ២ ទៅ ៣ ថ្ងៃម្តង។

-ក្រោយពីបំបៅហើយរយៈពេលមួយខែ គេសង្កេតឃើញឫសសៗ ដុះចេញមក ហើយបន្តទុករហូតដល់ ២ ឬ ៣ ខែទៀត ទើបកាត់យកទៅដាំ។ កាលណាយើងឆាប់កាត់យកទៅដាំពេកអាចបណ្តាលឲ្យដើមអន់។

++មានវិធីមួយទៀតដែលមានលក្ខណៈប្រហែលគ្នា គឺជ្រើសរើសមែកបំពង់ដូចគ្នា។ ប៉ុន្តែក្រោយពីចៀរ សំបកក្រឡឹងជុំវិញមែកប្រវែងកន្លះតឹកហើយ យកខ្លាញ់គោ (ខ្លាញ់ដុំ) មកជូតកន្លែងចៀរសំបកដើម្បីឲ្យឆាប់ដុះឫស រួចយកដី ដែលមានជីជាតិមកបិទ បន្ទាប់មកយកស្រកីដូងមករុំចងបិទពីក្រៅឲ្យជាប់ ចងសងខាង។

ក្រោយពីបំបៅហើយភ្លាម ត្រូវបន្តក់ទឹកព្រឹកល្ងាចរយៈពេលមួយអាទិត្យ រួចពន្យារការស្រោចទឹកពីរបីថ្ងៃម្តង។ ការបំបៅនេះ ទុករហូតដល់មួយខែកន្លះ ទៅ ២ ខែ ទើប អាចកាត់យកទៅដាំបាន។

ការចងរុំស្រោបពីលើដីយើងអាចប្រើស្រកីដូង ឬថង់ប្លាស្ទិកក៏បាន។ ប៉ុន្តែយកល្អប្រើ ស្រកីដូង ព្រោះវាងាយជប់ទឹកធ្វើឲ្យមានសំណើមជាប់ ហើយកាត់បន្ថយការស្រោចទឹក។ ចំពោះការលាបខ្លាញ់គោ គឺជំនួយ ឲ្យឆាប់ដុះឫស។

++សរុបមក តាមបទពិសោធន៍ទាំងពីរខាងលើគឺ ដើម្បីបំបៅមែកល្មុតឲ្យដុះបានល្អ យើងត្រូវកត់សំគាល់លើលក្ខណៈ មួយចំនួនដូចខាងក្រោម៖

-ជ្រើសរើសយកមែកបំពង់មកបំបៅ។
-កោសរំអិលចេញនៅមុខដែលត្រូវបំបៅ កុំឲ្យដោយសាច់ឈើ ។ កោសហើយអាចទុកឲ្យស្ងួត ឬលាបខ្លាញ់គោ
យកដីមានជីជាតិច្រើនមករុំបិទមុខបំបៅ។
-ចងរុំប្លាស្ទិកឲ្យណែន ឬប្រើស្រកីដូង យកល្អប្រើស្រកីដូងធ្វើជាឧបករណ៍រុំចងមុខបំបៅ ព្រោះវាងាយជក់ទឹក ជាងស្បោងប្លាស្ទិក។


-បន្តក់ទឹកឲ្យសើមរៀងរាល់ថ្ងៃរយៈពេលមួយអាទិត្យ ទើបបន្ថយការស្រោចទឹក ២ ទៅ ៣ ថ្ងៃម្តង។
-បន្ថយការស្រោចទឹក នៅពេលដែលឃើញមុខបំបៅដុះពន្លកឫសសៗ៕

អត្ថបទ៖IT CAMBO
រូបភាពពី៖ Sothea Houy / Keo Chanbo

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here