រឿងព្រេងពីបុរាណទាក់ទងនឹងភ្នំគូលែន ដែលជាប់ជំនឿតាំងពីយូរលង់មកហើយ !!

311

បើ​យោង​តាម​រឿង​ព្រេង​ពី​បុរាណ ព្រះ​សមណគោត្តម មុន ​នឹង​ព្រះ​អង្គ​យាង​ចូល​ព្រះ​បរិនិព្វាន ព្រះ​អង្គ​បាន​យាង​ជាមួយ​ព្រះ​អានន្ត​ដែល​ជា​ក្មួយ និង​ជា​សិស្ស​ជំនិត​របស់​ព្រះអង្គ​ ដោយ​បារមី​បែង​ភាគ​របស់​ព្រះអង្គ​មក​សំណាក់​ប្រោស​សត្វ​នៅ​ភ្នំ​គូលែន​ដែល​ ពេល​នោះ​មាន​ឈ្មោះ​ថា “ព្រះ​ឱទ្យាន​ដូន​ទាវ” ។ នៅ​ពេល​នោះ​ ទឹក​សមុទ្រ​គ្រប​ដណ្ដប់​ជុំ​ជិត​តំបន់​នោះ​នៅ​សល់​តែ​កោះ​ភ្នំ​គូលែន​មួយ​ប៉ុណ្ណោះ​ដែល​លេច​ចេញ​ពី​ទឹក ។

ទេសភាព​ដ៏​ត្រកាល​នេះ​ហើយ ដែល​ប្រហែល​បាន​ទាក់​ទឹក​ព្រះទ័យ​ព្រះ​ពុទ្ធអង្គ ។ នៅ​លើ​ភ្នំ​នោះ​មាន​ដើម​ធ្លក​មួយ​ដើម​ធំ ប្រកប​ដោយ​មែក​ធាង​ត្រសុំ​ត្រសាយ​សាខា​បែក​ស្លឹក​ស៊ុបទ្រុប​ចោល​ម្លប់​ ត្រឈុំ​ត្រឈៃ ។ ព្រះ​អង្គ​ក៏​សម្រេច​យាង​ទៅ​សម្រាក​នៅ​ក្រោម​ដើម​ធ្លក​នោះ ។ នៅ​ជិត​គល់​ដើម​ធ្លក​នោះ​មាន​រូង​មួយ​ធំ​ដែល​ជា​ផ្លូវ​ចេញ​ចូល​របស់​ស្ដេច​ ភុជង្គនាគ និង​វបរិវា ដែល​តែង​តែ​ចេញ​មក​​លេង​កំសាន្ត​នៅ​ទីនោះ ដោយ​ដំណែង​ខ្លួន​ជា​មនុស្ស​លោក​ដោយ​ហេតុ​នេះ​ហើយ បាន​ជា​ដី​នៅ​ទីនោះ​រាប​ស្មើ​ល្អ​អនេក ។ គ្រាណា​បាន​ឃើញ​ព្រះពុទ្ធអង្គ​ហើយ ​រុក្ខទេវតា​ដែល​រក្សា​ដើម​ធ្លក​នោះ​ក៏​ជប់​អស្សនៈ​មួយ​ថ្វាយ​ព្រះ​អង្គ ដែល​មាន​ជា​បល្លង្ក​បិទ​បាំង​ដោយ​ក្លោះ ​ថែម​ទាំង​ប្រដាប់​ដេញ​មូស​ និង​ផ្លិត ។ មិន​តែ​ប៉ុណ្ណោះ រុក្ខទេវតា​នោះ​បាន​តម្លើង​បន្ថែម​នូវ​ឆ័ត្រ​ពណ៌​ស​មួយ​យ៉ាង​ធំ​សម្រាប់​ពួក ​ទេវតា​ដ៏​ច្រើន​ដែល​យាង​មក​បង្គុំ​គាល់​ព្រះ​ជិនស្រី ដើម្បី​ស្ដាប់​ព្រះ​ធម្មទេសនា ។

នៅ​យាម​ទី​១​នៃ​រាត្រី​នោះ​ ស្ដេច​ភុជង្គនាគ និង​បរិវារ ក៏​បាន​ចេញ​មក​ក្រោម​ដើម​ធ្លក​ដូច​សព្វ​មួយ​ដង ដើម្បី​មក​កំសាន្ត​សប្បាយ​ដូច​ធម្មតា ។ គ្រា​ណា​បាន​ឃើញ​ព្រះពុទ្ធអង្គ ស្ដេច​ភុជង្គនាគ​មាន​ការ​ភ្ញាក់​រំភើប​អបអរ​ជា​អនេក ក្រាប​ថ្វាយ​បង្គុំ ហើយ​ក៏​អរត្តនា​​និមន្ត​ព្រះអង្គ​សម្ដែង​ព្រះ​ធម្មទេសនា​ ដើម្បី​ប្រោស​ពួក​នាគ​ឲ្យ​បាន​រំដោះ​ផុត​ពី​វដ្ដ​សង្សា ។ ព្រះ​សម្មាសម្ពុទ្ធ​ក៏​ព្រះ​អង្គ​ទ្រង់​ព្រះ​សណ្ដាប់​យល់​ព្រម​ជា​ហេតុ​ធ្វើ ​ឲ្យ​ស្ដេច​ភូជង់​នាគ​ត្រេក​អរ​យ៉ាង​ក្រៃលែង ។

នៅ​ព្រឹក​ព្រហាម​នៃ​ថ្ងៃ​បន្ទាប់​ ក្នុង​ឱកាស​ព្រះ​អង្គ​កំពុង​ភាវនាធម៌ ព្រះបរម​គ្រូ​ទ្រង់​បាន​ធ្វើ​ព្រះ​ទំនាយ​ដូច​តទៅ​ថា ៖ ទៅ​អនាគត កោះ​គោក​ធ្លក​នេះ នឹង​ក្លាយ​ទៅ​ជា​ព្រះរាជាណាចក្រ​មួយ​ដ៏​ធំ ហើយ​សម្បូរ​សប្បាយ​យ៉ាង​ក្រៃលែង ដែល​នឹង​មាន​ឈ្មោះ​ថា នគរ​គោកធ្លក ។ ចំណែក​សត្វ​ត្រកួត​ដែល​បាន​លូន​ចេញ​មក​ស្ដាប់​ព្រះធម្មទេសនា ហើយ​ដែល​ព្រះ​អង្គ​បោះ​ម្ហូប​ទិព្វ​ឲ្យ​ជា​អាហារ​នោះ​ អនាគត​ជាតិ​ទៅ​នឹង​ទៅ​កើត​ជា​មួយ​ព្រះរាជ​បុត្រ​នៃ​ព្រះ​ចៅ​ឥន្ទ្រព័ត្រ​ នៃ​ប្រទេស​ឥណ្ឌា ។ ក្រោយ​មក​ ព្រះរាជ​បុត្រ​នេះ​នឹង​យាង​មក​សោយ​រាជ្យ​នៅ​នគរ​គោកធ្លក​នេះ ដោយ​យក​ព្រះរាជ​បុត្រី​នៃ​ស្ដេច​ភុជង្គនាគ​ជា​ព្រះ​អគ្គ​មហេសី ។

ព្រះ​មហាក្សត្រ​ខ្មែរ​ដំបូង​បង្អស់​នេះ​ហើយ​ដែល​ទ្រង់​ព្រះនាម​ថា ព្រះ​ថោង តាម​រឿង​ព្រេង និង​ព្រះបាទ​កៅណ្ឌិន្យវរ្ម័ន តាម​ប្រវត្តិសាស្ត្រ​ជាតិ រីឯ​ព្រះរាជ​បុត្រី​​ស្ដេច​ភុជង្គនាគ​​មាន​ព្រះ​នាម​ថា នាង​នាគ​ តាម​រឿង​ព្រេង និង​ព្រះ​នាង​សោមា តាម​ប្រវត្តិសាស្ត្រ​ជាតិ ។ក្សត្រ​ទាំង​ពីរ​អង្គ​នេះ នឹង​ទៅ​ជា​ប្រភព​នៃ​ព្រះរាជ​វង្ស​ព្រះច័ន្ទ្រ​នៅ ​ប្រទេស​ខ្មែរ ។ ដើម្បី​ជា​រង្វាន់​ដល់​ព្រះរាជ​បុត្រ​ទាំង​ទ្វេហា​នេះ ព្រះ​ចៅ​ភុជង្គនាគ​បាន​សម្ដែង​ព្រះ​ឥទ្ធិឫទ្ធិ​បូម​ស្រូប​យក​ទឹក​ចេញ​ពី​ បរិវេណ​កោះ​គោក​ធ្លក ដើម្បី​ពង្រីក​ដី​កោះ​នេះ​ឲ្យ​បាន​ទៅ​ជានគរ​មួយ​ធំ ​រួច​ហើយ​ព្រះអង្គ​ក៏​ទ្រង់​ស្ថាបនា​ទីក្រុង​មួយ​ដ៏​ធំ​ថ្វាយ​ទៀត (ប្រភព​ខ្លះ​បាន​អះអាង​ថា ព្រះពុទ្ធអង្គ​តែ​ម្ដង​ដែល​បាន​ផ្លុំ​កម្ចាត់​ទឹក​សមុទ្រ​ឲ្យ​ទៅ​ឆ្ងាយ ដើម្បី​ជួយ​ឲ្យ​នគរ​នេះ​កើត​ជា​រូបរាង​ឡើង) ។

និមិត្ត​រូប​អាពាហ៍​ពិពាហ៍​របស់​ព្រះ​ថោង និង​នាង​នាគ ក៏​បាន​ចូល​ទៅ​ក្នុង​ទំនៀម​ទម្លាប់​ខ្មែរ​ចាប់​តាំង​ពី​ពេល​នោះ​មក ហើយ​ព្រះ​មហាក្សត្រ​មហានគរ​តែង​តែ​គោរព​ទំនៀម​ទម្លាប់​នេះ​ជា​រៀង​រហូត​មក​ ដោយ​ធ្វើ​ឧបកិច្ចកម្ម​យាង​ទៅ​រួម​មេត្រី​ជាមួយ​នាង​នាគ​រាល់​រាត្រី​នៅ​លើ​ កំពូល​ភ្នំ​ព្រះ​ក្រឡា​បន្ទំ ។ ក្នុង​រឿង​នេះ អ្នក​​ការទូត​​ចិន​ឈ្មោះ ជីវ តាក្វាន់​ ដែល​បាន​ស្នាក់​អាស្រ័យ​នៅ​មហានគរ​បាន​សរសេរ​ថា “ចំណែក ​ប្រាសាទ​មាស​ដែល​នៅ​ក្នុង​ព្រះរាជ​វាំង​នោះ ព្រះរាជា​ទ្រង់​យាង​ទៅ​ផ្ទំ​​នៅ​លើ​កំពូល​ប្រាសាទ​នោះ​រាល់​រាត្រី ។ អ្នក​ស្រុក​និយាយ​ជា​ទួទៅ​ថា នៅ​ក្នុង​ព្រះក្រឡាបន្ទំ​​នោះ​មាន​សត្វ​ពស់​មួយ​មាន​ក្បាល​៩ ដែល​ជា​ម្ចាស់​ទឹក​ដី​នៃ​ព្រះរាជាណាចក្រ ។

ពស់​នេះ​និមិត្ត​រូប​ខ្លួន​ចេញ​នៅ​ទី​នោះ​រាល់​យប់​ជា​ស្ត្រី ហើយ​ថា​ព្រះរាជា​ទ្រង់​រួម​មេត្រី​ជា​មួយ​សត្វ​ពស់​នេះ​ជា​បឋម​សិន​ជានិច្ច” ប្រពៃណី​នេះ មិន​គ្រាន់​តែ​ត្រូវ​បាន​ព្រះ​មហាក្សត្រ​មហានគរ​គោរព​ប្រតិប្តិ​តាម​ ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ត្រូវ​បាន​ប្រជារាស្ត្រ​ខ្មែរ​ទាំង​មូល​យក​មក​ជា​គំរូ​តាំង​ពី​ បូរាណ​កាល​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ ។ នៅ​ក្នុង​ពិធី​រៀប​មង្គលការ ប្រពៃណី​នេះ​ចាត់​ទុក​ជា​វគ្គ​មួយ​សំខាន់​បំផុត​ដែល​មិន​អាច​ជៀសវាង​បាន ហើយ​ភ្លេង​ដែល​លេង​កំដរ​វគ្គ​នេះ លាន់​ឮ​ពិរោះ​លន្លង់​លន្លោច​ អណ្ដែត​អណ្ដូង​គួរ​ឲ្យ​នឹង​ស្រណោះ​យ៉ា​ក្រៃ​លែង ។ ដោយ​ហេតុ​វត្តមាន​ដ៏​ពិសេស​ពិសារ​របស់​ព្រះពុទ្ធអង្គ​នៅ​ទី​កោះ​គោកធ្លក​នេះ កោះ​នេះ​ក្លាយ​ទៅ​ជា​កន្លែង​ដែល​ពួក​ទេវតា​តែង​យាង​មក​ក្រសាល​គ្រប់ៗ​ អង្គ ។ ដោយ​អាស្រ័យ​លើ​ការ​ទាំង​នេះ​ហើយ បាន​ជា​ភ្នំ​គូលែន​ត្រូវ​ចាត់​ជា​ភ្នំ​សក្តិសិទ្ធិ​ ជា​ទី​សក្ការៈ​បូជា​យ៉ាង​ខ្លាំង​ ទី​១ ដោយ​វត្តមាន​ព្រះ​ពុទ្ធ ទី​២ ដោយ​ព្រះពុទ្ធ​ទំនាយ ហើយ​ទី​៣ ដោយ​វត្តមាន និង​លំនៅ​ស្ថាន​នៃ​ពពួក​ទេវតា ។

 

ប្រភព៖ ឈូកខ្មែរ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here