របៀបធ្វើសៀង

494

សណ្តែកសៀងមានផលប្រយោជន៍ ច្រើនណាស់ក្នុងជីវភាពរស់នៅរបស់កសិករ យើងអាចកែច្នៃវាបានច្រើនរបៀបសំរាប់បរិភោគ ដូចជា យកទៅធ្វើជាសៀង ទឹកសណ្តែក ទឹកស៊ីអ៊ីវ ៘ សូមបង្ហាញជូនបងប្អូនកសិករអំពីការផលិតសៀងតាមរបៀបសាមញ្ញដូចខាងក្រោម :

១. ធាតុផ្សំ
ក្នុងការផលិតសៀង យើងត្រូវការវត្ថុធាតុមួយចំនួនដូចតទៅ : សណ្តែកសៀង (១៥ គ.ក្រ) ម្សៅការពារកុំឲ្យដុះផ្សិត (១០០ក្រាម) ប៊ីចេង (១០០ ក្រាម) ស្ករត្នោត (១ គីឡូក្រាម) អំបិល (៨ គីឡូក្រាម) ទឹកស៊ីអ៊ីវខាប់ (១ ដបកន្លះ) ល័ក្ខ (៤ កញ្ចប់) និងទឹក (១០ លីត្រ) ។

២. របៀបជ្រើសរើសគ្រាប់សណ្តែកសៀង
ក្នុងការធ្វើសៀង យើងត្រូវជ្រើសរើសគ្រាប់សណ្តែកសៀងឲ្យបានល្អ ទើបធ្វើសៀងទៅមានរសជាតិឆ្ងាញ់ ។ ឯរបៀបជ្រើសរើសគ្រាប់មានដូចខាងក្រោម :
– ជ្រើសរើសយកគ្រាប់ធំល្អ មិនមានខ្មូតស៊ី
– អុំរែងឲ្យស្អាត កុំឲ្យមានដោយកំទេចថ្ម ឬដី
– ជ្រើសរើសយកគ្រាប់សណ្តែកសៀងដែលថ្មីប្រសើរជាងគ្រាប់ទុកយូរខែឆ្នាំ ។

៣. របៀបត្រាំសៀង
ក្រោយពីជ្រើសរើសគ្រាប់សណ្តែកសៀងបានល្អហើយ យើងត្រូវយកវាទៅ :
– ត្រាំក្នុងចានដែក ឬកាធុន ដោយប្រើទឹកថ្លាត្រជាក់ត្រាំរយៈពេល ២៤ ម៉ោង
– ត្រាំរួចត្រូវលាងទឹក ៣-៤ ដង ដើម្បីឲ្យអស់សំបក និងកំទេចដីដែលមាននៅជាប់នឹងគ្រាប់ ។ ពេលនោះគ្រាប់សៀងរីកទំហំធំជាងមុន ២ ដង ។

៤. របៀបស្ងោរសណ្តែកសៀង
ក្នុងការស្ងោរសណ្តែកសៀង យើងប្រើទឹកដែលថ្លាល្អ និងថែរក្សាភ្លើងឲ្យឆេះស្មើល្អ មិនរអាក់រអួល ទើបគ្រាប់សណ្តែករីកផុយស្មើគ្នា (ស្ងោរល្មមឆ្អិនយើងអាចញ៉ាំបាន) ។ ពេលស្ងោរ យើងត្រូវដាក់អំបិលចូលបន្តិចបានហើយ (កន្លះស្លាបព្រា) ប្រសិនបើយើងដាក់អំបិលច្រើនពេកធ្វើឲ្យគ្រាប់សណ្តែករឹង ។

៥. ហាលសណ្តែកសៀង
ក្រោយពីស្ងោររួចយើងត្រូវហាល សណ្តែកសៀងក្រោមពន្លឺថ្ងៃរយៈពេល ៦ ម៉ោង នៅលើកន្ទេល ឬក្រណាត់កៅស៊ូហើយពង្រាយវាឲ្យបានស្តើងស្មើល្អ ដើម្បីឲ្យឆាប់ស្ងួត ។

៦. ផ្អាប់សណ្តែកសៀង
បន្ទាប់ពីហាលហើយ យើងយកសណ្តែកសៀងទៅផ្អាប់ក្នុងពាង ឬខាប់រយៈពេល ២ ថ្ងៃ ដើម្បីឲ្យសៀងចាប់ផ្តើមកកើតមេនៅក្នុងខាប់ ។ កុំផ្អាប់នៅក្នុងកញ្ច្រែង ជាហេតុនាំឲ្យសៀងខូចជូរ និងរលួយ។

៧. របៀបផ្សំគ្រឿង និងផ្អាប់សៀងទឹកសំរេច
នៅពេលចុងក្រោយនេះ យើងត្រូវលាយគ្រឿងផ្សំដូចខាងក្រោម :
យកអំបិល ៨ គីឡូក្រាម លាយជាមួយទឹកក្តៅ ១០ លីត្រ ហើយកូរវាឲ្យរលាយ រួចយកស្ករត្នោត ១ គីឡូក្រាម ទៅកំឡោចឲ្យមានក្លិនឈ្ងុយ និងពណ៌ក្រហមល្អ ទុកឲ្យត្រជាក់ហើយច្របល់លាយជាមួយសណ្តែកសៀង ១៥ គីឡូក្រាម ដែលបានផ្អាប់ទុក ។ បន្ទាប់មក យកប៊ីចេង ១០០ ក្រាម ម្សៅការពារកុំឲ្យដុះផ្សិត ១០០ ក្រាម ល័ក្ខ ៤ កញ្ចប់ និងទឹកស៊ីអ៊ីវខាប់ ១ ដបកន្លះ ច្របល់លាយជាមួយសណ្តែកសៀងឲ្យសព្វ ទើបយកទៅដាក់ត្រាំក្នុងទឹកអំបិលដែលបានកូរទុកឲ្យត្រជាក់នោះ ។ បន្ទាប់មកផ្អាប់ទុកក្នុងរយៈពេលកំណត់មួយ ។

សូមបញ្ជាក់ថា : ម្សៅការពារដាក់កុំឲ្យដុះផ្សិតក្នុងសៀង នៅពេលដែលយើងរក្សាទុក ល័ក្ខប្រើឲ្យសៀងមានពណ៌ក្រហមស្អាតល្អ ។ បងប្អូនកសិករដែលមានបំណងចង់ធ្វើសៀងបរិភោគ សូមសាកល្បងតាមវិធីខាងលើ លមើល តើមានរសជាតិឆ្ងាញ់ និងទុកបានយូរយ៉ាងណា?


ប្រភពអត្ថបទ៖ ខេមបូឌាអេចបេ្រសញូស៍

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here