មូលហេតុអ្វី បានជាពិធីបុណ្យឯករាជ្យត្រូវបានធ្វើឡើងនៅវិមានឯករាជ្យ? សូមមើលប្រវត្តិវិមានឯករាជ្យនិងវីដេអូដ៏ស្រស់ស្អាតនៅពេលលិច

86

មូលហេតុអ្វី បានជាពិធីបុណ្យឯករាជ្យត្រូវបានធ្វើឡើងនៅវិមានឯករាជ្យ?  តើវិមានឯករាជ្យសាងសង់ឡើងនៅឆ្នាំណា?

ក្រោយការទាមទារឯករាជ្យបាន ពីអាណានិគមន៍បារាំងនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។វិមានឯករាជ្យ ត្រូវបានកសាងឡើង និងសម្ពោធនៅឆ្នាំ១៩៥៨ ក្នុងរាជ្យព្រះបាទ នរោត្តមសុរាម្រិត(១៩៥៥-១៩៦០) ជាព្រះរាជបិតាសម្តេចព្រះ នរោត្តម សីហនុ។

វិមានឯករាជ្យស្ថាបនាឡើង ដើម្បីជានិមិត្តរូបបញ្ជាក់ថា ប្រទេសកម្ពុជាបានទទួលឯករាជ្យពីប្រទេសបារាំង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ហើយក៏ដើម្បីគោរពវិញ្ញាណក្ខ័ន្ធ អ្នកដែលបានស្លាប់ ដើម្បីបុព្វហេតុផ្សេងៗដើម្បីជាតិ និងដើម្បីប្រារព្ធនូវសេរីភាព និងឯករាជ្យភាព រួចពីការគ្រប់គ្រងរបស់បារាំងជាង90ឆ្នាំ។

កាលពីមុន វិមានឯករាជ្យ ត្រូវបានគេហៅថា ជាស្តូបអនុស្សាវរីយ៍ឯករាជ្យ មានទីតាំងយ៉ាងខ្ពស់ត្រដែតនៅ ចំកណ្តាលរង្វង់មូលរវាងមហា វិថីព្រះនរោត្តម និង រុក្ខវិថីព្រះសីហនុ ចំកណ្តាលរាជធានីភ្នំពេញ។

វិមានឯករាជ្យ គូរប្លង់ដោយស្ថាបត្យករខ្មែរជើងចាស់ដ៏ល្បីល្បាញម្នាក់ គឺលោក វណ្ណ មូលីវណ្ណ ដែលមានកម្ពស់២០ម មាន៥ថ្នាក់ ដោយយកលំនាំតាមរាងផ្កាឈូកក្រពុំ តាមគំរូរចនាបថរបស់អង្គរ លំអដោយក្បាលពស់នាគរាជដ៏មានអំណាចចំនួន១០០ (១ជាន់២០-១ជ្រុង៥) ដែលរំលេចចេញយ៉ាងច្បាស់នូវម៉ូដរបស់ប្រាង្គប្រាសាទអង្គរវត្តយើង។ ហើយអ្នកទទួលការសាងសង់វិមានឯករាជ្យ តាមប្លង់របស់លោក វណ្ណ មូលីវណ្ណ គឺលោក តឹង វឿត ជាស្ថាបត្យករដ៏ល្បីល្បាញនាសម័យនោះផងដែរ។

ចំពោះក្បាលពស់នាគរាជចំនួន ១០០នេះ មានឯកសារខ្លះ បានពន្យល់ថា យកតាមចំនួនឆ្នាំ ដែលប្រទេសកម្ពុជា ស្ថិតនៅក្រោមអាណានិគមនិយមបារាំង ជិតមួយសតវត្សរ៍ (១សតវត្សរ៍ មាន១០០ឆ្នាំ) គឺ៩០ឆ្នាំ (១១ សីហា ១៨៦៣ ដល់ ថ្ងៃទី៩ វិច្ឆិកា ១៩៥៣)។

គួរលឹកផងដែរថាក្នុងឆ្នាំ២០០៧ សាលារាជធានីភ្នំពេញ បានស្ថាបនានិងកែលម្អរវិមានឯករាជ្យឲ្យមានសម្រស់កាន់តែប្រសើរឡើងថែមមួយកម្រិតទៀត គួរជាទីទាក់ទាញ ដូចជាដាក់ភ្លើងពណ៌ចម្រុះភ្លឺនៅពេលយប់ និងសួនបាញ់ទឹកប្តូរពណ៌នៅជុំវិញខឿនជាដើម។

ឆ្នាំ២០១២ រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចជួសជុល និងកែលំអជាលើកទី២ ដើម្បីអោយហើយមុនថ្ងៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ២០១២។

ចំណុចដែលគួរឲ្យចាប់អារម្មណ៍បំផុតនៅថ្ងៃជិតលិចជាពេលដែល ព្រះអាទិត្យជិតអស្តង្គត បានធ្វើវិមានឯករាជ្យចោលនូវស្រមោលមកលើរូបចម្លាក់ ដោយបង្ហាញឲ្យឃើញនូវការចាក់ស្រេះនៃរចនាបថ និងធ្វើឲ្យវិមានឯករាជ្យទាំងមូល ភ្លឺចិញ្ចែងចិញ្ចាំងចេញជាពណ៍មាសគួរជាទីទាក់ភ្នែក។(សូមមើលវីដេអូ)

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here