មានអ្នកធ្លាប់ទៅលេងកោះសង្សារនៅ? វាជាទីឋានសួគ៌នៃទេសចរ ស្នេហាធម្មជាតិ ដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់ទៅលេងម្តងហើយម្តងទៀត (មានវីដេអូ)

584

ខេត្តព្រះសីហនុ៖ កោះសង្សារ (Song Sa) ដែលស្ថិតនៅបណ្ដុំកោះរុង មានរមណីយដ្ឋានដែលមាន វីឡាឈើ ប្រណីត ២៧ ខ្នង ស្វាគមន៍ភ្ញៀវ។ វាស្ថិតនៅ ប្រជុំកោះរុង ភាគនិរតី នៃតំបន់ឆ្នេរសមុទ្រកម្ពុជា ទេសភាពខ្សាច់សក្បុសហ៊ុមព័ទ្ធ ផ្ទះឈើប្រក់ស្បូវប្រណីត បានក្លាយជាឋានសួគ៌ពិតរបស់ភ្ញៀវទេសចរ។ នោះគឺជារមណីយដ្ឋានកោះសង្សារ ដែលផ្សារភ្ជាប់នឹងគម្រោងអភិរក្សធម្មជាតិជីវៈចម្រុះ និងសត្វព្រៃ ។

ខុសពីឆ្នេរសមុទ្រដែលមានមនុស្សម្នាកកកុញនៅទីនេះហ្វូងមច្ឆជាតិហែលឆ្វែលឆ្វាត់លោតផុតពីទឹកសមុទ្រពណ៌ខៀវថ្លាឆ្វង់ខណៈបក្សាបក្សីសំចតកាយនៅលើមែកដើមកោងកាងយ៉ាងក្លាហាន។

ទិដ្ឋភាពទាំងនោះ គឺជាលទ្ធផលនៃគម្រោងអភិរក្សរបស់កោះសង្សារដែលធ្វើឲ្យរមណីយដ្ឋាននេះមានស្ដង់ដារ ខុសពីកន្លែងកម្សាន្តទូទៅ។ ស្ថិតនៅចម្ងាយ ២៩ គីឡូម៉ែត្រ ពីកំពង់ផែខេត្តព្រះសីហនុរមណីយដ្ឋានកោះទាំង២ នេះមានបុគ្គលិកផ្ទះបាយ អ្នកច្នៃម៉ូដអគារ និងមគ្គុទ្ទេសក៍សុទ្ធតែលំដាប់ផ្កាយ។ ភ្ញៀវដែលប្រាថ្នាមកកម្សាន្ត នៅទីនេះអាចធ្វើដំណើរតាមទូក ឬក៏ឧទ្ធម្ភាគចក្រក៏បាន។

នៅជុំវិញកោះពោរពេញ ទៅដោយជីវិតក្រោមបាតសមុទ្រ ឯនៅផ្ទៃគោកវិញក៏សម្បូរទីកម្សាន្តផងដែររួមមាន កន្លែងហាត់ប្រាណ ភោជនីយដ្ឋាន ចំនួន២ មជ្ឈមណ្ឌលសម្រាប់កក់ដំណើរកម្សាន្ត ជួលយានជំនិះផ្សេងៗ ក៏ដូចជាលេងកីឡាក្នុង និងលើទឹក។

ក្នុងចំណោមកោះទាំង២ កោះបង គឺជាកោះ ដែលមានទិដ្ឋភាពស្រស់បំព្រង និងគ្របដណ្ដប់ទៅដោយរុក្ខជាតិធំៗដូចក្នុងព្រៃភ្នំ។ នៅទីនោះមិនមានស្លាកសញ្ញាប្រាប់ផ្លូវអ្វីច្រើនទេ ពោលគឺភ្ញៀវអាចដើរលេងទស្សនាបក្សាបក្សី និង តំបន់ឆ្នេរមាន ដុំសិលាដ៏ស្ងប់ស្ងាត់ និងលន្លង់លន្លោច។ ទេសភាពបែបនេះបានក្លាយជាចំណីចក្ខុមួយដ៏កម្រនៅប្រទេសកម្ពុជា។

សំណង់ផ្ទះវីឡាឈើនៅកោះសង្សារនេះត្រូវបានរចនាដោយស្នាដៃ របស់អ្នកស្រីមើលីតាហាន់ធ័រ ដែលមានភាគហ៊ុនជាម្ចាស់កោះនេះផងដែរ។ ទេសភាពថ្ងៃហៀបលិចនៅផ្ទះវីឡាឈើប្រណីតមានអាងទឹកប៉ប្រ៉ះទឹកសមុទ្រនៅឯកោះសង្សារ។

ផ្ទះវីឡាឈើទាំង ២៧ខ្នង នេះមានស្ដុកទៅដោយស្រាបៀរ និងស្រាសាំប៉ាញ។ ភ្ញៀវដែលមកស្នាក់នៅទីនេះនឹងត្រូវបាន ទទួលស្វាគមន៍ ដោយឈុតសាច់បន្ទះ និងឈីស ព្រមទាំងកំដរដោយសូរតន្ត្រីបបោសអង្អែលសោតាផងដែរ។

នៅក្នុងបន្ទប់គេងគ្រឿងសង្ហារិមទាំងឡាយមានក្បូរក្បាច់រចនាល្អសោភា។ ជញ្ជាំងត្រូវបានលម្អដោយផ្ទាំងគំនូរ និងចម្លាក់ឈើម៉ូដខុសៗគ្នា ។ រីឯបន្ទប់ទឹក ក៏មានបំពាក់ដោយទឹកផ្កាឈូកធ្លាក់ចំពីលើកេសាដូចតំណក់ទឹកភ្លៀង និងអាងទឹកថ្មម៉ាបដ៏រលើបរលោងដែលភ្ញៀវអាចត្រាំកាយបណ្ដើរគយគន់ទេសភាពឆ្នេរសមុទ្រតាមបង្អួចបណ្ដើរ។

កោះសង្សារទាំងគូស្ថិតនៅគម្លាតពីគ្នាមិនដល់ ១គីឡូម៉ែត្រផង ហើយភ្ញៀវអាចឆ្លងទៅវិញទៅមកតាមរយៈ ស្ពានឈើលើទឹក។ ផ្ទះវីឡាឈើដ៏ប្រណីត ចំនួន ២៧ខ្នង បានបំផុសខ្លួនចេញពីព្រៃព្រឹក្សា តំបន់ឆ្នេរ និងខ្លះទៀតស្ថាបនាលេចចេញពីផ្ទៃសាគរ។

នៅខាងក្រោយផ្ទះវីឡាទាំងនោះក៏មានអាងហែលទឹកលយ ប៉ប្រ៉ះផ្ទៃសមុទ្រ ធ្វើឲ្យអ្នកហាក់បីដូចជាកំពុងត្រាំទឹកប្រៃឥតកោះត្រើយ។ សម្រាប់អាហារ វិញភ្ញៀវអាចធ្វើការកុម្ម៉ង់ ហៅតាមបញ្ជីមុខ ម្ហូបដើម្បីយកមកទទួលទាននៅក្នុងបន្ទប់ ឬ ខ្ចូស។

មិនដូច្នោះទេភ្ញៀវ ក៏អាចទៅទទួលទានអាហារខ្មែរ អឺរ៉ុប ឬម្ហូបកូនកាត់ដែលច្នៃដោយមេចុងភៅល្បីឈ្មោះនៅភោជនីយដ្ឋានទាំងពីរបស់កោះសង្សារ។ ម្ហូបដែលល្បីរួមមាន ឆាមឹកអ៊ីតាលី និងការីភ្លៅកង្កែប។

សូមទស្សនាទេសភាពដ៏អស្ចារ្យ គ្មានពីរ និងវីដេអូនៅខាងក្រោម៖

 

ថ្វីដ្បិតតែមកដល់ភ្លាមអ្នកមានអារម្មណ៍ថាហាក់បានមកដល់កោះដាច់ស្រយាលក៏ពិតមែនប៉ុន្តែនៅទីនេះមានសកម្មភាពកម្សាន្ត ជាច្រើនរង់ចាំអ្នកមិនឲ្យនៅទំនេរគេងញ៉ាំអាហារ និង ស្រាតែមួយមុខនោះទេ។ នៅពេលព្រឹកព្រហាម គ្រូបង្វឹកអាចជួយបង្ហាត់ យោគៈដល់អ្នក។ នៅពេលព្រះអាទិត្យអស្ដង្គតបុគ្គលិកក៏អាចជូនអ្នកទៅទស្សនាភាពយន្តនៅរោងកុនឯកជនលើកោះនេះផងដែរ។

កោះសង្សារមិនត្រឹមជាទីកម្សាន្ត នោះទេវាក៏ជាកន្លែង ផ្សារភ្ជាប់មនោសញ្ចេតនារបស់អ្នកទៅនឹងវប្បធម៌ជីវភាពរបស់ប្រជាជនកម្ពុជាផងដែរ។ នៅទីនេះភ្ញៀវអាចមានឱកាសចូលរួមបុណ្យប្រពៃណីដែលមានវត្តមានព្រះសង្ឃប្រោះព្រំ។

ទន្ទឹមនឹងនោះមគ្គុទេ្ទសក៍របស់ អ្នកក៏អាចនាំអ្នកទៅលេងព្រៃកោងកាងដែលជាមរតកធម្មជាតិបន្សល់ទុកមកជាច្រើនទសវត្សរ៍មកហើយ។

កោះសង្សារ ក៏មានគម្រោងអភិរក្សជីវិតសត្វក្នុងទឹកដើម្បីអាចឲ្យភ្ញៀវ រីករាយនឹងការហែលជ្រមុជទឹកគយគន់ធម្មជាតិក្រោមបាតសមុទ្ររាក់ៗ។ រីឯនៅលើគោកឯណោះ វិញភ្ញៀវក៏អាចទស្សនាពូជសត្វស្លាបច្រើនប្រភេទនៅកោះបងផងដែរ៕

 

សូមជួយចុច Share បន្តរអោយគ្រប់គ្នាបានដឹង ដើម្បីជួយលើកស្ទួយវិស័យទេសចរណ៍

អត្ថបទ៖ http://bc-news.com

Video Credit: Successful-ជោគជ័យ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here