ប្រាសាទភ្នំបូកជាភ្នំមួយក្នុងចំណោមភ្នំទាំង៣នៃយសោធរបុរៈ

344

ប្រាសាទភ្នំបូកជាភ្នំមួយក្នុងចំណោមភ្នំទាំង៣នៃយសោធរបុរៈ។ភ្នំ២ផ្សេងទៀត គឺ ភ្នំក្រោម និងភ្នំបាខែង។ នៅលើកំពូលភ្នំនេះ មានប្រាសាទមួយដែលមានប្រាង្គធំ ៣ ដែលមានទំហំប៉ុនគ្នាសង់លើខឿនថ្មភក់១និង ប្រាសាទតូចៗ ចំនួន៤(ធម្មសាលា)ធ្វើអំពីថ្មភក់២និងឥដ្ឋ២បែរមុខទៅរកប្រាង្គធំទាំង៣។

ប្រាង្គធំៗទាំង៣នេះប្រាង្គកណ្ដាលកសាងដើម្បីឧទ្ទិសដល់ ព្រះសិវៈប្រាង្គខាងជើងឧទ្ទិសដល់ព្រះវិស្ណុ និងប្រាង្គខាងត្បូងឧទ្ទិសដល់ព្រះព្រហ្ម ។ ក្នុងន័យសាសនា ប្រាសាទភ្នំបូក ដែលត្រូវបានស្ថាបនាក្នុងរាជ្យ ព្រះបាទយសោវម៌្មទី១(889–899)ស្ថិតក្នុងរចនាបថបាខែង បានធ្វើឲ្យប្រជានុរាស្ត្រគ្រប់លំដាប់ថ្នាក់ទទួលបានការពារពី អាទិទេព ត្រីមូតិ (ព្រះព្រហ្ម ព្រះវិស្ណុ និងព្រះសិវៈ) និងជាសញ្ញានៃការឯកភាពជាតិយ៉ាងរឹងមាំ ។

នៅពេលដែល ព្រះបាទយសោវម៌្មទី ១ ទ្រង់ជ្រើសរើសរកទីទួលខ្ពស់មួយសម្រាប់ធ្វើជាស្នូលរាជធានីក្នុងន័យសាសនា ព្រះអង្គបានជ្រើសរើសយក ភ្នំបាខែង ក៏ដោយសារ ភ្នំបូក ស្ថិតនៅឆ្ងាយពីប្រភពទឹក (ទន្លេសាប) និងមានកម្ពស់ខ្ពស់ (២២១ ម៉.) ឯ ភ្នំក្រោម វិញស្ថិតនៅជិតនឹងប្រភពទឹក (ទន្លេសាប) ពេក ។

ម៉្យាងវិញទៀត ភ្នំបាខែង មានកម្ពស់ទាបល្មម និងស្ថិតនៅចំកណ្ដាលភ្នំទាំង ២ ។ ផ្ទុយពី ប្រាសាទភ្នំបាខែង ដែលកសាងដើម្បីឧទ្ទិសដល់ ព្រះសិវៈ ក្នុងរូបភាពជា លិង្គ ដែលមាននាមថា យសោធរេស្វរៈ ប្រាសាទភ្នំបូក និងប្រាសាទភ្នំក្រោមត្រូវបានកសាងដើម្បីឧទ្ទិសដល់ អាទិទេព ត្រីមូតិ ។

ប្រាសាទភ្នំបូក និងប្រាសាទភ្នំក្រោម មានប្លង់គំរូដូចគ្នាបេះបិទ ដោយគ្រាន់តែ ប្រាង្គកណ្ដាលនៃប្រាសាទភ្នំក្រោម ធំជាងប្រាង្គទាំង ២ ដែលអមសងខាង ។ ព្រះកេសបដិមា ត្រីមូតិ ត្រូវបាន លោក Louis Delaporte នាំយកទៅស្រុកបារាំងនៅឆ្នាំ ១៨៧៣ ហើយសព្វថ្ងៃតម្កល់ទុកនៅសារមន្ទីរ Guimet ។


បច្ចុប្បន្ន ប្រាសាទភ្នំបូក ស្ថិតក្នុងសភាពបែកបាក់ជាដំណំ ។ កំពូលនៃប្រាង្គកណ្ដាល និងប្រាង្គខាងត្បូងបានបាក់ធ្លាក់ចុះ និងរាយប៉ាយពេញទីធ្លា ។ ឯប្រាង្គខាងជើង ទោះជាស្ថិតក្នុងសភាពប្រសើរជាងប្រាង្គទាំង ២ ទៀតក៏ដោយ ក៏មានការខូចខាតជាច្រើនផងដែរ ។

ធម្មសាលា ២ ដែលធ្វើអំពីឥដ្ឋ បានបាក់បែកខូចអស់ទៅហើយ ចំណែកឯ ធម្មសាលា ២ ទៀតដែលធ្វើអំពីថ្មភក់ស្ថិតក្នុងសភាពទ្រុឌទ្រោម ដោយសារតែមានដើមផ្កាចំប៉ី ដុះចំពីលើ ធម្មសាលា ទាំង ២ នេះ ។ ឯកំពែងថ្មបាយក្រៀម និងគោរបុរៈទាំង ៤ បានខូចខាតបាត់បង់អស់ទ្រង់ទ្រាយដើម ។


នៅជ្រុងអាគ្នេយ៍ គោរបុរៈ ខាងកើតមានវិហារពុទ្ធសាសនាមួយដែលត្រូវបានគេស្ថាបនាមកថ្មី ប្រហែលជាក្រោយសង្គ្រាមស៊ីវិល ប៉ុន្តែបច្ចុប្បន្នពុំមានព្រះសង្ឃគង់នៅនោះទេ ដោយគេបានរើវត្តទៅជើងភ្នំវិញ ងាយស្រួលសម្រាប់ចាស់សុំសមាទានសីល ដោយមិនចាំបាច់ឡើងចុះភ្នំច្រើនដង នាំឲ្យមានផលវិបាក ។

សូមមើលវីដេអូខាងក្រោម ( Video Credit:sok sangvar)

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here