ប្រវិត្តិសិទ្ធិនារីអន្តរជាតិ

338

នៅចុងសតវត្សទី១៩ លទ្ធិមូលធននិយមានការរីកចម្រើនយ៉ាងច្រើន នៅលើពិភពលោក ពិសេសនៅសហរដ្ឋអាមេរិច និងបណ្ដាប្រទេសដែលមានខឿនឧស្សាហកម្មរីកចម្រើន។ ពេលនោះនារីនិង កុមារត្រូវបានគេបង្ខំធ្វើការយ៉ាងទម្ងន់ ដោយពុំគិតពីសុខភាព គឺក្នុង១ថ្ងៃ ធ្វើការ១២ម៉ោង ដោយទទួលប្រាក់បៀរវត្សយ៉ាងទាបបំផុត ។ ដោយមានការរើបម្រាស់ ចំពោះការគាបសង្កត់កេងប្រវ័ញ្ចនេះ ទើបនៅថ្ងៃទី៨ មីនា ១៨៩៩ កម្មការនីផ្នែកតម្បាញ និងកាត់ដេរនៅទីក្រុង Chicago និង New York នៅសហរដ្ឋអាមេរិច បានក្រោកឈរឡេីងតស៊ូយ៉ាងប្ដូរផ្ដាច់ ទាមទារឲ្យមានការកាត់បន្ថយម៉ោងធ្វើការ និងដំឡើងប្រាក់បៀរវត្ស ។


ចលនាតស៊ូនេះរីករាលដាលដល់ប្រទេសអាឡឺម៉ង់ដែលជាប្រទេសឧស្សាហកម្មមួយនាសម័យនោះ
បានលេចឡើងនូវនារី២រូប គឺនាង ក្លារ៉ាសេតគីន (Clara Zetkin) ជនជាតិអាឡឺម៉ង់ និងនាង រ៉ូហ្សាលុចសំបួរ (Rosa Luxemburg) បានរួមគ្នាជាមួយអ្នកស្រី N.Krupskaya ដែលជាភរិយារបស់លោក‎លេនីន‬ តស៊ូបំផុសបំផុល បង្កេីតចលនាគណៈលេខាធិការអន្តរជាតិ ដើម្បីដឹកនាំនារី។
នៅឆ្នាំ ១៩១០ សន្និសិទអន្តរជាតិនៃនារី ដែលមានចំនួន ១០០នាក់ មកពីបណ្ដាប្រទេសចំនួន ១៧ ចូលរួមធ្វើនៅទីក្រុង Copenhagen ‎រាជធានី‬ Danemark បានសម្រេចយកថ្ងៃទី ៨ មីនា ជាទិវានារីអន្តរជាតិ ដែលជាមហាសាមគ្គីតស៊ូ របស់នារីពលករទូទាំងសកលលោក ដើម្បីសិទ្ធិសេរីភាព ប្រជាធិបតិយ្យ និងវឌ្ឍនភាពសង្គម ភ្ជាប់ជាមួយពាក្យស្លោកថា :
* មួយថ្ងៃធ្វើការ ៨ម៉ោង
* ធ្វើការស្មើគ្នា បៀរវត្សស្មើគ្នា
* ការពារសុខភាពមាតា និងទារក។


ចាប់តាំងពីពេលនោះមក ថ្ងៃទី៨ មីនា បានក្លាយជាថ្ងៃបុណ្យ តស៊ូរបស់នារីទូទាំងពិភពលោក សាមគ្គីគ្នាដើម្បីរំដោះខ្លួនឯង ដើម្បីអនុវត្តសិទ្ធិស្មើភាពគ្នារវាងបុរស និងនារី។
ខាងក្រោមនេះ គឺជាព្រឹត្ថិការណ៍សំខាន់ៗមួយចំនួន ដែលគិតចាប់តាំងពីឆ្នាំ១៩០៨៖
១៩០៩៖ ទិវាសិទ្ធនារីជាតិលើកទីមួយត្រូវបានបង្កើតឡើងនៅក្នុងសហរដ្ឋអាមេរិកនៅថ្ងៃទី២៨ ខែកុម្ភៈ។ គណបក្សសង្គមនិយមរបស់អាមេរិកដែលបានកំណត់នៅថ្ងៃនេះដើម្បីលើកទឹកចិត្តទៅដល់កម្មករកាត់ដេរដែលបានធ្វើការតវ៉ាប្រឆាំងនឹងលក្ខខណ្ឌការងារ នៅក្នុងទីក្រុង New York កាលពីឆ្នាំ១៩០៨។

១៩១០៖ សង្គមវិទូអន្តរជាតិ ដែលបានជួបប្រជុំគ្នានៅទីក្រុង Copenhagen បានបង្កើតជាទិវាសិទ្ធនារីមួយដែលមានលក្ខណៈជាអន្តរជាតិដើម្បីជំរុញចលនាសិទ្ធិនារី និងដើម្បីធ្វើការគាំទ្រ លើកតម្កើនសំឡេងរបស់ស្ត្រីនៅលើឆាកអន្តរជាតិ។ សំណើនេះត្រូវបានទទួលបានការសាទរ និងទទួលយកជាឯកច្ឆន្ទដោយសន្និសីទមួយដែលមានស្រ្តីជាង១០០នាក់មកពី១៧ប្រទេស។ ក្នុងនោះក៏មានវត្តមានស្ត្រីទាំង៣នាក់ដែលជាសមាជិកសភាហ្វាំងឡង់។

១៩១១៖ ជាលទ្ធផលនៃការផ្ដួចផ្ដើមគំនិតពីសន្និសីទក្រុង Copenhagen ប្រទេសអូទ្រីស ប្រទេសដាណឺម៉ាក ប្រទេសអាល្លឺម៉ង់ និងប្រទេសស្វីសបានយកថ្ងៃទី១៩ ខែមីនាដើម្បីបា្ររព្ធពិធីនេះ។ ប្រជាជនច្រើនជាងមួយលាននាក់នៅតាមបណ្ដាប្រទេសទាំងនេះបានទាមទារសិទ្ធអោយស្ត្រីដូចជាសិទ្ធក្នុងការបោះឆ្នោត សិទ្ធក្នុងការធ្វើការនៅក្នុងការរិយាល័យសាធារណៈ សិទ្ធក្នុងការទទួលបានការបង្ហាត់ជំនាញវគ្គខ្លី និងទទូចអោយបញ្ចប់ការរើសអើងស្រ្តីភេទ។

១៩១៣-១៩១៤៖ ទិវាសិទ្ទនារីអន្តរជាតិបានក្លាយជាម៉ាស៊ីនក្នុងការប្រឆាំងនឹងសង្គ្រាមលោកលើកទី១។ ការបរិច្ឆេទថ្ងៃក្នុងការប្រារព្ធទិវាសិទ្ទនារីអន្តរជាតិ គឺមានភាពខុសពីគ្នា។ ប្រទេសរុស្សីប្រារព្ធរាងរាល់ថ្ងៃអាទិត្យចុងក្រោយនៃខែកុម្ភៈ ខណៈពេលដែលប្រទេសខ្លះនៅប៉ែតអឺរ៉ុបយកថ្ងៃទី៨ (ឬមុន ឬក្រោយថ្ងៃ៨បន្តិច) ដើម្បីប្រារព្ធពិធីមួយនេះ។


១៩៧៥៖ សហរដ្ឋអាមេរិចចាប់ផ្ដើមប្រារព្ធពិធីនោះឡើងនៅថ្ងៃទឺ៨ មីនា ដែលប្តូរពីថ្ងៃទី២៨កុម្ភៈ។
១៩៩៥៖ សេចក្ដីថ្លែងការណ៍ក្រុង Bejing និងវិទិការសម្រាប់សកម្មភាព (The Beijing Declaration and Platform for Action) គឺជាផែនទីបង្ហាញផ្លូវជាប្រវត្តិសាស្រ្ត ដែលបានចុះហត្ថលេខាដោយ១៨៩ប្រទេស ផ្តោតលើបញ្ហាសំខាន់ៗចំនួន១២ និងចង់បង្កើតចក្ខុវិស័យដែលឃើញពិភពលោកមួយដែលស្ត្រីនិងក្មេងស្រីអាចជ្រើសរើសជម្រើសរបស់នាងបានដោយខ្លួនឯង ដូចជាការចូលរួមក្នុងឆាកនយោបាយ ទទួលបានការអប់រំមួយ ប្រាក់ចំណូលមួយ និងរស់នៅក្នុងសង្គមមួយដែលគ្មានអំពើហឹង្សា និងការរើសអើង។
វីដេអូពី The Camelite School

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

សូមរក្សានូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here