ប្រវត្តិមន្ទីរពេទ្យលោកសង្ឃ !!

494

“ពេទ្យលោកសង្ឃ” ជាឈ្មោះដែល​មនុស្ស​ទូទៅស្គាល់ច្បាស់​​ជាង​គេមកដល់​បច្ចុប្បន្ន។ មន្ទីរពេទ្យ​នេះ មាន​ប្រវត្តិ​វែង​ឆ្ងាយ និងបាន​ប្តូរ​ឈ្មោះច្រើនសារអាស្រ័យតាមរបបនិងសម័យកាល។ សម្ពោធ​ឲ្យប្រើប្រាស់នៅ​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​១៩៥៦ ហៅថា “មន្ទីរសង្ឃពេទ្យកុសុមៈ”។ ក្នុង​រវាង​ឆ្នាំ​១៩៦០ មន្ទីរ​ពេទ្យ​នេះ​ក៏​ធ្លាប់​​ហៅ​ឈ្មោះ​មួយ​ទៀត​ថា “គិលានុបដ្ឋាន​ព្រះ​មហាក្សត្រិយានី” ដែរ។  ប៉ុន្តែ​ឆ្លង​ដល់របប​សាធារណ​រដ្ឋខ្មែរ គេ​បាន​​ប្តូរឈ្មោះនិង​ហៅ​ខ្លី​ត្រឹម​ “ពេទ្យ​លោកសង្ឃ”។ លុះ​ផុត​សម័យ​សង្គ្រាម មន្ទីរពេទ្យ​នេះ​បាន​​​បើក​ដំណើរ​ការ​ឡើង​វិញ​ដោយ​ប្តូរ​​ឈ្មោះថ្មី​​ថា “មន្ទីរ​ពេទ្យ​ ១៧ មេសា”។

ឈ្មោះថ្មីនេះ បាន​ប្រើ​រហូត​​ដល់​ត្រឹម​រវាង​ឆ្នាំ​១៩៩០។ ចូល​ដល់​សម័យ​ព្រះរាជាណាចក្រ​ទី​២ មន្ទីរ​ពេទ្យ​១៧ មេសា ក៏បាន​ប្តូរ​ឈ្មោះ​ជាផ្លូវ​ការ​ម្តងទៀតទៅជា “មន្ទីរពេទ្យ​ព្រះកុសុមៈ” រហូតមក។ ឈ្មោះ​នេះ ហាក់​បាន​ហៅ​ត្រឡប់​ទៅភ្ជាប់​នឹង​ឈ្មោះ​ដើម​ក្នុង​​ទសវត្ស៦០ ពោលគឺភ្ជាប់នឹងព្រះ​នាម​របស់​ព្រះ​ករុណា​ព្រះមហាក្សត្រីយានី ស៊ីសុវត្ថិមុនីវង្ស កុសុមៈ​នារី​រ័ត្ន សិរីវឌ្ឍនា ជាព្រះមាតា​របស់​ព្រះករុណា​​ព្រះបាទបរម​រតនកោដ្ឋ នរោត្តម សីហនុ។ ប៉ុន្តែយ៉ាង​ណា​​ក៏​​ដោយ មនុស្ស​ទូទៅ​នៅ​តែហៅឈ្មោះមន្ទីរពេទ្យនេះថា “ពេទ្យ​លោក​សង្ឃ” ដដែល។

ដើម​ឡើយ​ត្រង់​ភូមិសាស្រ្ត​មន្ទីរពេទ្យ​លោកសង្ឃគេហៅថាភូមិ​បាក់​ទូក ដែល​នៅ​ផ្នែក​ខាងជើងមានស្ពាន​មួយ​ឈ្មោះ “ស្ពាន​យមរាជ” ហើយ​មន្ទីរពេទ្យ​នេះសោត កសាង​ដោយ​មាន​ច្រក​ទ្វា​រចេញ​ចូល​នៅ​ទិសខាង​ជើង​ ចូលចំ​​មុខ​អគារ​ធំ​តែម្តង។ បច្ចុប្បន្ន ច្រក​ទ្វារ​បុរាណ​នោះ​ត្រូវ​​ប្រជា​ពលរដ្ឋ​រស់នៅ​បិទជិតមិន​អាច​ប្រើ​ប្រាស់​ឡើង​វិញ​បានដូច​ដើម​ឡើយ។ ចំណែក​ផ្នែក​ខាងកើត គេ​បាន​សង់​កូន​ព្រះវិហារ​តូចមួយ​សម្រាប់​ជាទី​សក្ការតាម​បែប​ព្រះពុទ្ធសាសនា។ វិហារ​នេះ ពុំមាន​ព្រះសង្ឃគង់​នៅ​ប្រើប្រាស់​អចន្រ្តៃយ៍​ដូចវិហារ​​​ធម្មតាទេ តែរាល់ថ្ងៃឧបោសថ និង​ថ្ងៃ​បុណ្យ​​ទាន​ផ្សេងៗតែងមាន​ព្រះសង្ឃនិមន្ត​ពីវត្ត​ជុំវិញ​មកធ្វើកិច្ច​វត្ត​ជាធម្មតា សម្រាប់​បរិស័ទ​ជុំវិញ​មន្ទីរ​ពេទ្យ​។ ចំពោះគំនិត​សង់ព្រះវិហារនេះ ប្រហែល​ដើម្បី​ជាទី​សម្រាប់​ធ្វើ​កិច្ច​វត្ត​របស់​ព្រះសង្ឃដែល​និមិន្ត​មក​គង់​ព្យាបាល​។

បើត្រឡប់មើលប្រវត្តិគំនិតនៃការសាងសង់មន្ទីរពេទ្យលោកសង្ឃ គេដឹងថានៅចុង​ឆ្នាំ១៩៤៩ ក្នុង​ប្រទេស​​កម្ពុជា​មាន “​សមាគម​​គិលាន​​សង្រ្គោះចំពោះ​ព្រះ​សង្ឃពុទ្ធសាសនិក” មួយបាន​កើត​​ឡើង និង​​ដឹក​នាំ​ដោយ​​ឯកឧត្តម ឃួន ណៃ ដែល​មាន​នាទី​យក​ចិត្ត​ទុកដាក់​លើ​បញ្ហា​សុខទុក្ខ​របស់​ព្រះ​សង្ឃជាទូទៅ។ លុះ​ដល់​ឆ្នាំ​១៩៥៣ សមាគមគិលាន​សង្រ្គោះ​បាន​ស្នើ​រាជរដ្ឋាភិបាល​បង្កើត​មន្ទីរ​ពេទ្យ​មួយ​ត្រឹម​ត្រូវ​ សម្រាប់​ព្យាបាល​ព្រះ​សង្ឃ​ឱ្យនៅ​ដោយ​ឡែក​ពី​គ្រហស្ថ។ ហេតុ​ដែល​គួរ​តែមាន​មន្ទីរពេទ្យ​​សម្រាប់​ព្រះ​សង្ឃ​ដូច្នេះ ឯកឧត្តម ឃួន ណៃ បាន​ថ្លែងក្នុង​ថ្ងៃសម្ពោធថា ក្នុង​សម័យ​ពុទ្ធកាល ព្រះ​​​បាទ​​ពិម្ពិសារបាន​កសាង​គិលាន​សាលា​សម្រាប់​ព្រះសង្ឃ​ដែល​មាន​អាពាធ ដែល​មាន​គ្រូ​ពេទ្យ​ធំ​ម្នាក់​ឈ្មោះ​កោមារភត្យ ឬហៅថា “កុមារពេទ្យ” ជាអ្នក​ទទួល​ខុសត្រូវ។

លុះដល់​សម័យ​ព្រះ​បាទ​ធម្មាសោករាជ ឬព្រះបាទ​អសោក ទ្រង់​ក៏បាន​សង់​អារោគ្យ​សាលាដោយ​ឡែក​សម្រាប់​ព្រះ​សង្ឃចូល​ព្យាបាល​រោគ​បាន​ត្រឹម​ត្រូវ​តាម​វិន័យ​ដែរ។ មិន​តែ​ប៉ុណ្ណោះ ​លោក​បាន​បញ្ជាក់​មក​ដល់​ប្រវត្តិ​សាស្រ្ត​កម្ពុជាថា ក្នុង​រាជ្យ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ទ្រង់​ក៏បាន​សង់​​អារោគ្យ​សាលា​ដោយ​ឡែក​សម្រាប់​ព្រះសង្ឃដូច​ក្នុង​សម័យ​ព្រះ​បាទធម្មាសោក។ដោយ​យោង​គំនិតដូច​រៀបរាប់​ខាងលើ ទើប​ឯកឧត្តម​ប្រធាន​សមាគម​ស្នើ​សុំ​រាជរដ្ឋាភិបាល​សង់​មន្ទីរ​ពេទ្យ​​លោកសង្ឃ ឬមន្ទីរ​សង្ឃពេទ្យឡើង ដោយ​មាន​លោក​វិស្វករឈ្មោះ “ជី” មេការ​ឈ្មោះ​ “ផ្កា” ជាអ្នក​ទទួល​ខុសត្រូវ​សាង​សង់។ តាម​របាយការណ៍ មន្ទីរពេទ្យ​នេះ​ចាប់ផ្តើម​បញ្ចុះ​បឋមសិលាសាងសង់​នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ១៩៥៣ និង​រួច​រាល់ជាស្ថាពរ​សម្ពោធនៅ​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​១៩៥៦។ អគារនៃមន្ទីរពេទ្យ​នេះមាន​បណ្តោយ​៨២ម៉ែត្រ ទទឹង​កន្លែងធំ​២០ម៉ែត្រ កន្លែង​តូច​១០ម៉ែត្រ កម្ពស់​១៦,៨០ម៉ែត្រ ​មាន​៣០បន្ទប់ ចំណុះបាន​១៥០គ្រែ និង​មាន​ ជាន់​​ខាងក្រោម​ជាឃ្លាំង​ ការិយាល័យ​រដ្ឋបាល ការិយាល័យ​ក្រុម​បច្ចេកទេស និង​សាល​ពិគ្រោះ។

ចំណែក​ជាន់​លើ​បំផុតគេ​រចនា​ជា​លាន​គ្មាន​ដំបូល​ និង​ដាំ​ដើម​ផ្កា​ផ្សេងៗ​លម្អសម្រាប់​លម្ហែ។ ឯផ្នែក​ខាង​ក្រោយ​នៃអគារនេះមាន​ឃ្លាំង​ឱសថមួយ​ប្រក់​ស័ង្កីលម្អ​ដោយ​ជហ្វា​ដូច​សាលា​ឆាន់។ បច្ចុប្បន្ន ទម្រង់​អគារ មុខងារ និង​រចនា​សម្ពន្ធជា​ច្រើន​នៃអតីតមន្ទីរពេទ្យ​សម្រាប់​តែព្រះសង្ឃនេះ បាន​ផ្លាស់ប្តូរ​ស្ទើរតែទាំងស្រុង ដោយមានការ​សង់អគារតូចធំជាច្រើន ហើយ​ប្រែជាមន្ទីរពេទ្យ​សារធារណៈ​របស់​រដ្ឋ ដែល​ទទួល​ឱ្យ​ប្រជាពលរដ្ឋ​ទូទៅ​ចូល​សម្រាក​និង​ព្យាបាល​ដូច​មន្ទីរពេទ្យ​ដទៃដែរ ហើយ​កាល​ពីថ្ងៃទី៣០ ខែ​តុលា ឆ្នាំ​២០១៨ មន្ទីរ​ពេទ្យ​នេះ ក៏បាន​ធ្វើពិធីបញ្ចុះ​បឋម​សិលា​សាង​សង់អគារថ្មីមួយលើគ្រឹះអគារចាស់ផ្នែក​ខាង​ជើង ក្រោម​ជំនួយ​រដ្ឋា​ភិបាលចិន ដោយដាក់ឈ្មោះ​ថ្មីនៃគម្រោង​នេះ​ថា “មន្ទីរ​ពេទ្យ​មិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ”៕

ប្រភព៖kamvu:កម្វុ

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here