ភ្លេងខ្មែរជាភ្លេងមង្គលហេតុនេះហើយបានជាគេលេងតែក្នុងពិធីដែលជាមង្គល ដូចជាពិធីបញ្ចេញម្លប់កូនស្រី ពិធីមង្គលការ ជាដើម។ភ្លេងខ្មែរដែលលេងក្នុងពិធីមង្គលនិមួយៗមិនត្រឹមតែញ៉ាំងឲ្យបរិយាកាសឲ្យអឹកធឹកប៉ុណ្ណោះទេថែមទាំងនាំមកនូវសិរីសួស្ដីជ័យមង្គលថែមទៀតផង ដែលចាស់ទុំខ្លះបានប្រកាន់ជឿយ៉ាងខ្ជាប់ខ្ជួន ។
ភ្លេងខ្មែរសម្រាប់ពិធីមង្គលការមានច្រើនបទណាស់សម្រាប់កំដរក្នុង កម្មវិធីនិមួយៗ ដូចជា បទហែកូនកម្លោះចូលរោង ហែកំណត់ ស៊ីស្លាថង់រង កាត់សក់ សែនក្រុងពាលី កូនប្រុសសំពះពេលា កូនស្រីចេញផ្ទឹម ចងដៃ បង្វិលពពិល… ។
បទភ្លេងខ្មែរខ្លះមានទំនាក់ទំនងទៅនឹងរឿងព្រេងរបស់ខ្មែរ ដូចជា បទខ្ទោរ ខ្នងភ្នំ របងរមាស បន្ទាយប្រសាទ ជ្រង ជ្រងស្រងាត់ ទ្រាំង ដោះក្រាល កន្លេង លេងនៅពេលលៀងភោជនាហារថ្ងៃត្រង់(ក្រោយពេលស៊ីស្លាកំណត់)ដោយយកតម្រាប់តាមតាដុងយាយជ័យ ដែលឲ្យអ្នកភ្លេងលេងបទទាំងនេះថ្វាយអ្នកតាព្រៃដើម្បីលាមាត់លាកគាត់កាលដែលបន់ស្រន់នៅក្នុងព្រៃហើយវង្វេងផ្លូវនៅពេលដែលគាត់ធ្វើដំណើរទៅរៀបការកូនស្រី ។
បទព្រះថោងនាងនាគដែលប្រើលេងនៅពេលសំពះផ្ទឹមកើតមានឡើងក្នុង រជ្ជកាលព្រះថោង (ហ៊ុន ទៀន) ដែលជាបឋមក្សត្រខ្មែរ ។ ព្រះអង្គបានរៀបអភិសេកជាមួយនឹងនាងទាវតី (លីវយី) ដែលជាបុត្រីស្ដេចភូជង្គនាគ លុះរៀបការនៅឋានមនុស្សលោករួចហើយ ស្ដេចភូជង្គនាគបាននាំព្រះថោងទៅជប់លៀងនៅឋានបាតាលម្ដង ទៀត ។ ដោយព្រះថោងពុំចេះវិជ្ជាជ្រែកទឹក គេឲ្យព្រះថោងតោងកន្ទុយនាងនាគទើបអាចចុះទៅបាន ។
អាស្រ័យដូចមានរឿងរាវខាងលើនេះ ទើបគេនិយមលេងបទព្រះថោងនាងនាគរហូតមក ព្រមទាំងមានទំនៀមឲ្យកូនកម្លោះតោងជាយស្បៃកូនស្រីចូលក្នុង បន្ទប់ទៀតផង ។
អត្ថបទ៖ឈូកខ្មែរ