បន្ទាយឆ្មារ​មាន​រូបចម្លាក់​ចម្រុះ​ស្ដែង​ពី​កិច្ចការ​សក្ការៈ​រហូត​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់ប្រជា​រាស្ដ្រ

79

ប្រាសាទ​បន្ទាយឆ្មារ​កសាង​ចុង​សតវត្ស​ទី​១២​ និង​ដើម​សតវត្ស​ទី​១៣​ ស្ថិត​នៅ​ឃុំ​បន្ទាយឆ្មារ​ ស្រុក​ថ្មពួក​ខេត្ដ​បន្ទាយមានជ័យ​ គេ​បាន​រក​ឃើញ​ថា​ នៅ​លើ​ជញ្ជាំង​ ឬ​របង​ខាងក្នុង​ទី​១​ ឬ​ខាងក្រៅ​បន្ទាប់​ពី​រោងទង​ គឺ​គ្មាន​ផ្ទាំង​ថ្ម​មួយ​ដុំ​ណា​ដែល​គ្មាន​ចម្លាក់​នោះ​ទេ ។​

ក្រុម​អ្នកប្រាជ្ញ​អ្នក​ជំនាញការ​ សាស្ដ្រាចារ្យ​ និង​វាគ្មិន​អន្ដរជាតិ​ និង​ជាតិ​សំខាន់ៗ​ដែល​បាន​ទៅ​ពិនិត្យ​ និង​វាយតម្លៃ​ផ្ទាល់​ដល់​ប្រាសាទ​នេះ​ បង្ហាញ​ការ​ចាប់អារម្មណ៍​ថា​ គ្រាន់តែ​លើ​ជញ្ជាំង​ ឬ​ថែវ​ ឬ​របង​ទី​១​ក្នុង​ប្រាសាទ​បន្ទាយឆ្មារ​គឺ​មាន​រូបចម្លាក់​ចម្រុះ​យ៉ាង​ សន្ធឹកសន្ធាប់​ដែល​ពណ៌នា​តាំងពី​ទេវរូប​ព្រហ្មញ្ញ​សាសនា​ មាន​រូប​ព្រះព្រហ្ម​ ព្រះ​នារាយណ៍​ ឬ​ព្រះ​វិស្ណុ​ ​និង​ព្រះ​សិវៈ​ ​ឬ​ព្រះ​ឥសូរ​ និង​តួអង្គ​សំខាន់​ទៀត​នៃ​សាសនា​នេះ ។ ហើយ​ចម្លាក់​សំខាន់​ជាងគេ​គឺ​រូប​អវតា​លោកេស្វរៈ​ព្រះហស្ថ​៣២​ជា​ពោធិសត្វ​ នៃ​ព្រះពុទ្ធ​សាសនា​អម​ដោយ​ចម្លាក់​រូប​អវតា​ព្រះហស្ថ​១៦​ដែល​សល់​តែ​១​រូប​ ត្បិត​រូបចម្លាក់​ដូច​គ្នា​នៅ​ជ្រុង​ត្រូវ​ជន​ទុច្ចរិត​គាស់​យក​បាត់ ។ គឺ​សល់​តែ​រូបថត​អនុស្សាវរីយ៍​ប៉ុណ្ណោះ ។

គេ​ក៏​រក​ឃើញ​រូប​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ ព្រះ​មហា​វីរក្សត្រ​ដ៏​ខ្លាំងពូកែ​ល្បីល្បាញ​កំពូល​នៃ​ប្រវត្ដិសាស្ដ្រ​ ខ្មែរ ​ទ្រង់​ពស្ដ្រា​ជា​ព្រះរាជវាំង​បំពេញ​រាជកិច្ច​ ​ឬ​ផ្ដល់​សវនាការ​ដល់​មន្ដ្រី​រាស្ដ្រ​ និង​ភ្ញៀវ​បរទេស​ទ្រង់​ប្រដាប់​ព្រះ​កាយ​ដោយ​ពស្ដ្រា​ទ័ព​ និង​អាវុធ ។

រូបចម្លាក់​បង្ហាញ​ពី​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ ទ្រង់មាន​ព្រះបាទ​ព្រះហស្ថ​មាន​ព្រះ​កាយ​ និង​ព្រះ​កម្លាំង​ពលំ​មាំមួន​ណាស់ ។ មាន​រូបចម្លាក់​និយាយ​ពី​ចម្បាំង​នៃ​កងទ័ព​ដំរី​ ​ទ័ព​ជើងទឹក​ (ទូក) ។ មាន​រូបចម្លាក់​បង្ហាញ​ពី​ទ័ព​ក្បត់​ ឬ​ទ័ព​បច្ចាមិត្ដ​ដែល​មេទ័ព​ចាប់​បាន​រួច​កាត់​ក្បាល​មក​ជូន​មេទ័ព​ ឬ​ថ្វាយ​ស្ដេច​ជា​ភ័ស្ដុតាង ។ មាន​រូបចម្លាក់​ផ្កា​ភ្ញី​សក្ការៈ​ ​ផ្កា​ភ្ញី​ និង​រុក្ខជាតិ​ព្រៃ​ ​រុក្ខជាតិ​ឱសថ​ ​និង​ដំណាំ​ផ្សេងៗ ។​ ​មាន​បង្ហាញ​ពី​ការ​អភិរក្ស​សត្វព្រៃ​ និង​ព្រៃឈើ ។

គេ​រក​ឃើញ​ផង​ដែរ​នូវ​ចម្លាក់​រូប​សត្វ​ម្រឹគីម្រឹគា ​ ​សត្វ​ស្លាប​ ​សត្វ​ល្មូន​ ​មច្ឆជាតិ​ ដែល​ជា​សត្វព្រៃ​រហូត​ដល់​សត្វស្រុក​ ​មាន​សត្វពាហនៈ​ ​សត្វ​ចិញ្ចឹម​សម្រាប់​ប្រើប្រាស់​ ​ឬ​ធ្វើ​ម្ហូប​រហូត​ដល់​សត្វ​ចិញ្ចឹម​កម្សាន្ដ​ក្នុងផ្ទះ ។ពួក​ទេសចរ​ និង​អ្នក​ស្រាវជ្រាវ​រក​ឃើញ​រូបចម្លាក់​នៃ​មនុស្ស​ចូល​ចិត្ដ​ពាក់​យ័ន្ដ​ គាថា​ ​ពាក់​សង្វារ​ និង​ការ​តុបតែង​ខ្លួន​ផ្សេងៗ​ទៀត ។​ ​មាន​រូបចម្លាក់​ស្ដីពី​ការ​សង្គ្រោះ​មនុស្ស​ដោយ​សែង​នឹង​អង្រឹង​ ​ឬ​ជិះ​រទេះគោ ។

ទាក់ទិន​ដល់​ជីវភាព​ប្រជាជន​ គេ​រក​ឃើញ​រូបចម្លាក់​ស្ដីពី​ការ​ប្រកប​របរ​ត្បាញ​ ​របរ​កសិកម្ម​ ​ការ​គាំពារ​មាតា​ និង​ទារក​ ​ការ​សម្រាលកូន​ កីឡា​ប្រជល់​មាន់​ ​កីឡា​ចំបាប់​ដ៏​ខ្លាំងពូកែ​ (ស្រដៀង​កីឡា​ចំបាប់​សូម៉ូ​របស់​ជប៉ុន) ។

បន្ថែម​លើ​នោះ​ គេ​រក​ឃើញ​ពី​ចម្លាក់​ទាក់ទិន​ប្រវត្ដិសាស្ដ្រ​ប្រាសាទ​នេះ​ និង​ការ​ច្បាំង​រវាង​ទ័ព​នៃ​មេទ័ព​ស្រីឥន្ទ្រកុមារ​ ព្រះរាជបុត្រ​ឆ្នើម​ និង​សំណព្វ​ព្រះ​ទ័យ​នៃ​ព្រះ​នាង​ជ័យទេវី​ និង​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ ​និង​មេទ័ព​ជំនិត​ដែល​ច្បាំង​តទល់​នឹង​សត្វ​រាហ៊ូ​ ​ឬ​យក្ស​មុខ​ក្រវេមក្រវាម​ (តំណាង​ជន​អាក្រក់​ ឬ​ជន​បះបោរ​នៃ​សម័យ​មហានគរ) ។ រូប​នោះ​គេ​ឃើញ​គោ​អូស​រទេះ​ត្រូវ​សត្វ​ចម្លែក​ដ៏​ធំ​មួយ​ ​ឬ​ខ្លះ​ហៅ​ថា​រាហ៊ូ​លេប​ចូល​អស់​មួយ​កំណាត់​ខ្លួន​ទៅ​ហើយ ។​ ​ឯកសារ​ស្រាវជ្រាវ​ដែល​រស្មីកម្ពុជា​មាន​ក៏​បាន​បញ្ជាក់​ថា​ ជា​និមិត្ដ​នៃ​ការ​វាយ​ប្រយុទ្ធ​រវាង​ព្រះរាជបុត្រ​ជា​មេទ័ព​ និង​សេនា​តទល់​នឹង​សត្រូវ​គឺ​រវាង​កងទ័ព​មហានគរ​ ​កម្ចាត់​ពួក​ក្បត់​បះបោរ​ទៅ​លពបុរី​ (នៅ​ប្រទេស​សៀម​បច្ចុប្បន្ន) ឬ​រវាង​ទ័ព​មហានគរ​ប្រយុទ្ធ​នឹង​ទ័ព​ក្បត់​នៅ​នគរ​ចម្ប៉ា​កាល​នគរ​នោះ​ជា​ ចំណុះ​ខ្មែរ ។

ពោល​គឺ​នៅ​ជញ្ជាំង​ ​ឬ​ថែវ​ ​ឬ​របង​ទី​១​នៃ​ប្រាសាទ​បន្ទាយឆ្មារ​ និង​ទីកន្លែង​ដទៃ​ទៀត​ពាសពេញ​ប្រាសាទ​ ​មាន​រូបចម្លាក់​ក្នុង​អត្ថន័យ​ អត្ថរូប​ និង​អត្ថរស​សម្បូរ​បែប​ណាស់៕

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here