បច្ចេកទេសល្អៗក្នុងការដាំដំណាំស្លឹកខ្ទឹម ដែលទទួលបានទិន្នផលល្អ

365

១.ការរៀបចំដី
ភ្ជួរដីឲ្យម៉ដ្ឋល្អ ២ ទៅ ៣ដង និងហាលទុករយៈពេលពី ១០ ទៅ ១៥ថ្ងៃ បន្ទាប់មកលើកជារង ដែលមានកំពស់ ១តឹក ដើម្បីការពារកុំឲ្យខ្ទឹមជាំទឹក។ ក្រោយមកកាប់រណ្តៅជំរៅមួយចប និងទំហំ ១តឹក ៤ជ្រុង យកជីកំប៉ុស្តពុកផុយទៅដាក់ក្នុងរណ្តៅ និងជ្រុំបញ្ចូលជាមួយដីរួចលប់ដី។ បន្ទាប់មកយកខ្ទឹមស្លឹកទៅដាក់ដាំ។

២.ការជ្រើសរើសពូជ
ខ្ទឹមដែលដាំនេះ គឺទុកពូជតៗគ្នាពី ១ឆ្នាំ ទៅ ១ឆ្នាំ មិនឲ្យផុតពូជ។ ពូជដដែលគេនិយមដាំ គឺខ្ទឹមខ្យល់ព្រោះខ្ទឹមប្រភេទនេះមានទំងន់ធ្ងន់ ពុំមានសត្វល្អិតបំផ្លាញ និងមានទីផ្សារច្រើន។ ការដាំត្រូវរើសយកតែដើមធំ និងថ្លោសល្អ ដើម្បីឆាប់បែកកូនច្រើន រើសយកដើមចាស់ពេលដាំមិនរលួយ និងឆាប់លូតលាស់។

៣.ការដាំ
ក្នុងការដាំត្រូវដកភ្លាមដាំភ្លាម ហើយត្រូវដាំនៅពេលល្ងាចទើបល្អ ព្រោះវាត្រជាក់ និងអាចត្រូវទឹកសន្សើម ជួយឲ្យវាលូតលាស់បានល្អ។ ដើម្បីឲ្យខ្ទឹមឆាប់លូតលាស់ហើយបែកគុម្ពបានច្រើន ត្រូវដាំចន្លោះពីគុម្ពមួយទៅគុម្ពមួយប្រវែង ២តឹក ដើម្បីឲ្យពន្លឺថ្ងៃចេញចូលបានគ្រប់គ្រាន់ និងដាំរាក់ៗ។

៤.ការថែទាំ
ក្រោយពីដាំរួចធ្វើការស្រោចទឹកក្នុងមួយថ្ងៃ ២ ទៅ ៣ដង គឺនៅពេលព្រឹក ថ្ងៃត្រង់ និងពេលល្ងាច។ បន្ទាប់ពីដាំបានរយៈពេល ១០ ទៅ ១៥ថ្ងៃ ធ្វើការបោចស្មៅជ្រុំជើងម្តង និងសកស្លឹកខ្ទឹមដែលចាស់ៗចេញ។

៥.ការប្រមូលផល
ជាទូទៅក្រោយពីដាំបានរយៈពេល ១ខែ គេអាចចាប់ផ្តើមប្រមូលផលខ្ទឹមបាន។ ក្នុង ១ឆ្នាំ គេអាចប្រមូលផលបាន ៦ ទៅ ៨ដង។ លក្ខណៈពិសេសនៅពេលប្រមូលផលម្តងៗ គេតែងតែទុកពូជបន្តរហូតមិនឲ្យផុតពូជឡើយ។

*កំណត់សម្គាល់បន្ថែម:

-គួរកុំស្រោចទឹកពេលថ្ងៃត្រង់ ពីព្រោះជាពេលដែលរុក្ខជាតិត្រូវបញ្ចេញទឹកច្រើនពីស្លឹក។

-យកល្អគួរកុំដាំខ្ទឹមខ្យល់នេះលើដី ឬរងដដែលយូរពេក គួរឆ្លាស់ជាមួយដំណាំផ្សេងទៀតក្នុង ១ឆ្នាំ ឲ្យបាន ២ ទៅ ៣ដង៕

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here