បច្ចេកទេសល្អៗក្នុងការដាំដំណាំប៉េងប៉ោះ ដើម្បីទទួលបានទិន្នផលច្រើន

128

១.ការ​សាប​កូន​ប៉េង​ប៉ោះ​

​ពូជ​ប៉េង​ប៉ោះ ​ដែល​គេដាំ​ជា​ពូជ​ដែល​រក្សា​ទុក​ដោយ​ខ្លួនឯង។ មុន​ដាំគេបាន​សាប​គ្រាប់​លើ​ផ្ទៃដី ៥៦ម៉ែត្រការ៉េ ដោយ​ប្រើ​ពូជ​អស់ ១០ផ្លែ។ នៅលើ​ថ្នាល​សាបគេ​បាន​ដាក់​ជីកំប៉ុស្ត​អស់ ២០គីឡូក្រាម។ បន្ទាប់មកគេ​លើ​ករង រួច​ចាប់ផ្តើម​ព្រួស​តែ​ម្តង។ ក្រោយ​ពី​ព្រួស​គ្រាប់ ហើយ​គាត់​យក​ដី​ធម្មតា​ច្របល់​ឲ្យ​ម៉ដ្ឋ​រោយ​ពីលើ ដើម្បី​កុំ​ឲ្យ​អណ្តែត​នៅ​ពេល​ស្រោច​ទឹក ឬសត្វ​បំផ្លាញ។ បន្ទាប់មក​បាញ់​ថ្នាំពុល​ធម្មជាតិ​ដែល​គេ​បាន​ផ្សំ ដើម្បី​ការពារ​សត្វល្អិត​បំផ្លាញ​មុនពេល​គ្រាប់​ដុះ។ ក្រោយ​ពី​សាប​គ្រាប់​រួចរាល់​ហើយ គេយក​ស្លឹក​ដូង​គ្រប​ថ្នាល​រយៈពេល ៣ថ្ងៃ ទើប​បើក​ឲ្យ​ត្រូវ​ពន្លឺ​ថ្ងៃ។ ហើយ​ក្នុង​មួយថ្ងៃត្រូវ​ស្រោច​ទឹក​ ២ដង ​ព្រឹក និង​ល្ងាច​។​

២​.ការរៀបចំ​ដី​

​មុន​ពេល​ដាំគេ​បាន​ភ្ជួរ​ដី និង​រាស់​បំបែក​ឲ្យ​ម៉ដ្ឋ​ពី ២ ទៅ ៣សា ដាក់​ជី​លាមក​គោ ១គីឡូក្រាម និង​ដី​បាត​ត្រពាំង ៦០អំ​រែក ច្របល់​លាយ​ចូលគ្នា​ទ្រាប់​បាត។​ បន្ទាប់​មក​គេ​បាន​លើ​ករង​ដែល​មាន​បណ្តោយ ១៩ម៉ែត្រ ទទឹង ៨តឹក និង​កំពស់​រង​ប្រហែល ២តឹក។ នៅលើ​រងគេ​បាន​ជីក​រណ្តៅ​ដែល​មាន​ចន្លោះ​គុម្ព ៤តឹក។ ក្រោយ​ពី​សាប​គ្រាប់ បាន​រយៈពេល ១៥ថ្ងៃ (​កូន​ប៉េង​ប៉ោះ​មាន​កំពស់ ១តឹក​) គេ​បាន​ដក​យក​ទៅ​ដាំ​ក្នុង​រណ្តៅ។ ការដាំ​ធ្វើ​នៅ​ពេល​ល្ងាច​ត្រជាក់ ដោយ​ជ្រើសរើស​តែ​កូន​ប៉េង​ប៉ោះ​ដែល​ថ្លោស​ល្អ និង​គ្មាន​ជំងឺ​យកទៅ​ដាំ។​

៣.ការថែទាំ

​ក្រោយ​ពី​ដាំហើយ​គេ​បាន​ស្រោច​ទឹក  ១ថ្ងៃ ២ដង ព្រឹក និង​ល្ងាច ជា​រៀងរាល់ថ្ងៃ។ ដាំ​បាន​រយៈពេល ១អាទិត្យ គាត់​បាន​ស្រោច​ជី​ទឹក (​ជី​ត្រាំ​កូន​ត្រី​)។ បន្ទាប់មកទៀតក្រោយ​ពេល​ដាំ​រយៈពេល ២០ថ្ងៃ គេ​បាន​ដាក់​ជី​លាមក​គោ និង​ជ្រូក​អស់ ៤០អំ​រែក នៅ​កណ្តាល​រង និង​ស្រោច​ជី​ត្រី​បន្ថែម​ពីលើ​ទៀត រួច​ទើប​គេ​លប់​ដី​កប់​ជី​នោះ។ ជី​ទឹក​គេ​បន្ត​ស្រោច ១អាទិត្យ​ម្តង រហូតដល់​ពេល​ប្រមូល​ផល។​

៤.​ការប្រមូល​ផល

​ក្រោយ​ពី​សាប និង​ដាំ​អស់​រយៈពេល ៧០ ទៅ ៧៥ថ្ងៃ​មក ប៉េង​ប៉ោះ​ផ្លែ​អាច​ប្រមូល​ផល​បាន។ ការប្រមូល​ផលធ្វើឡើង ២ ទៅ ៣ថ្ងៃ​ម្តង រហូតដល់​អស់​ផ្លែ។

សរុបមកបច្ចេកទេស​សំខាន់​ក្នុង​ការដាំ​ដំណាំប៉េង​ប៉ោះ​មាន​៖

-រៀបចំ​ថ្នាល​ព្រួស​គ្រាប់​ប៉េង​ប៉ោះ ដោយ​ប្រើ​ជីលា​មក​គោ និង​ដី​បាត​ត្រពាំង​ទ្រាប់​បាត​

-ប្រើ​ជី​ទឹក​ស្រោច​បំប៉ន​កូន​ប៉េង​ប៉ោះ​លើ​ថ្នាល​

-ក្រោយ​ពី​ព្រួសគ្រាប់​ យក​ដី​ម៉ដ្ឋ​ធម្ម​តាម​ករោយ​ពី​លើ​ដើម្បី​កុំ​ឲ្យ​ខ្ទាត​គ្រាប់​នៅ​ពេល​ស្រោច​ទឹក​

-រៀបចំ​ដី និង​កាប់​រណ្តៅ​ដាក់​ជីលា​មក​សត្វ និង​ដី​បាត​ត្រពាំង​ទ្រាប់​បាត​

-ដក​កូន​ប៉េង​ប៉ោះ​មក​ដាំ ​ដោយ​ជ្រើសរើស​កូន​ថ្លោស​គ្មាន​ជំងឺ គ្មាន​ជំងឺ​សត្វល្អិត​បំផ្លាញ​

-ប្រើ​ជីលា​មក​សត្វ និង​ដី​បាត​ត្រពាំង​បំប៉ន​នៅតាម​ចន្លោះ​ជួរ ព្រមទាំង​ប្រើ​ជី​ទឹក​បំប៉ន រហូត​ដល់​ប្រមូល​ផល៕

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here