បច្ចេកទេសដាំអំពៅឲ្យបានដើមថ្លោសល្អ ដើមប៉ុនគ្នាដាំ១ដងអាចទទួលផលបានរហូតដល់៣ឆ្នាំ

388

អំពៅមានច្រើនពូជ ប៉ុន្តែអំពៅដែលគេនិយមដាំ និងលក់ដាច់លឿន គឺអំពៅទឹកឃ្មុំ និងកែវស្ករ ព្រោះទឹកវាផ្អែម ដើមមិនស្រួយខ្លាំង សំបកស្ដើង។ អំពៅវាមានប្រភេទច្រើន ដូចជាអំពៅខ្មៅ អំពៅតម្លាន់ អំពៅទឹកឃ្មុំ អំពៅឫស្សី ជាដើម។ បទពិសោធន៍ការដាំអំពៅនេះ ដំបូងគឺត្រូវជ្រើសរើសពូជ ថ្នាំងវាល្អ ហើយយើងកាប់យកតែមួយថ្នាំងៗទេ សាច់ណាដែលវែងយើងកាត់វាចេញ

បានយកអំពៅហ្នឹងទៅដាក់ក្នុងបាវមួយ ចងមាត់ឲ្យជិត ហើយបានយកទៅត្រាំទឹកវាមួយយប់ ស្អែកឡើងយើងស្រង់អំពៅពីក្នុងទឹកមក ប៉ុន្តែអត់ស្រាយមាត់បាវទេ ទុកមួយអន្លើសិន។
+របៀបដាំអំពៅមាន ២បែប គឺដាំដោយបណ្ដុះ និងដាំដោយកំណាត់ដើម។
+ការបណ្តុះកូនអំពៅ៖ជាដំបូងត្រូវកាត់ដើមអំពៅជាកំណាត់ខ្លីៗ យកថ្នាំងមួយៗ

រួចហើយរៀបថ្នាំងនោះតម្រៀបគ្នាក្នុងថ្នាលមួយក្បែរប្រភពទឹក ដើម្បីងាយស្រួលក្នុងការស្រោចស្រព។ កំណាត់ដើមអំពៅនោះ មិនត្រូវលុបដីឲ្យជិតទេ ត្រូវយកភ្នែកថ្នាំងអំពៅបញ្ឈរឡើងលើ ដើម្បីឲ្យពន្លកឆាប់ដុះពីថ្នាំង បន្ទាប់មកត្រូវគ្របចំបើងពីលើថ្នាំងអំពៅ។ ស្រោចទឹកមួយថ្ងៃម្ដង ដើម្បីឲ្យកូនអំពៅឆាប់ដុះល្អ។ ពេលដែលកូនអំពៅដុះបានទំហំប៉ុនម្រាមដៃ គឺក្រោយបណ្ដុះប្រហែល ១ខែទើបគេយកទៅដាំនៅក្នុងដីចំការ។


+ការដាំកំណាត់ដើមអំពៅ៖ វិធីនេះគេអនុវត្តចំពោះដីចំការធំៗ ដែលកាប់រណ្ដៅ ហើយលើកជារង។ ការដាំដុះតាមវិធីនេះ គេអាចអនុវត្តបានចំពេលដែលដីចំការនៅសើម។ វិធីនេះអាចចំណាយទុនតិច និងឆាប់រហ័សទួលផលទៀតផង។ ប៉ុន្តែវាមានគុណវិបត្តិម្យ៉ាង គឺដើមដុះមិនបានល្អនៅពេលពុំមានភ្លៀងធ្លាក់គ្រប់គ្រាន់។


វិធីទាំង២បែបនេះកសិករ មិនត្រូវយកអំពៅទៅបណ្ដុះដោយកាប់ដើមអំពៅមួយសាច់ទេ ត្រូវកាប់យកតែកន្លែងថ្នាំងដែលមានភ្នែក ហើយដុះពន្លកតិចៗទៅបណ្ដុះ។
+បើចង់ដាំអំពៅឲ្យវាផ្អែម ចាំបាច់ត្រូវប្រើផេះ និងដីដំបូក ហាមប្រើធ្យូង និងលាមកសត្វស្រស់ តែអាចប្រើបាននូវលាមកសត្វស្ងួតក្រៀមងាប់យូរឆ្នាំ។ អំពៅវាត្រូវការជី តែពពួកផេះហើយនិងដីដំបូក យើងមិនអាចយកអាចម៍គោ មកដាំទេ កាលណាយកអាចម៍គោយកមកដាំ គឺអំពៅវានឹងមិនផ្អែមទេ គឺផេះដែលយើងដុតកន្លែងណាផ្សេងៗ ឲ្យទៅជាផេះ មិនមែនធ្យូងទេ។

បើយើងដាក់អាចម៍គោ អាចម៍មាន់ បាន ប៉ុន្តែអត់ដាក់វានៅស្រស់ទេ លុះត្រាតែអាចម៍គោ អាចម៍ មាន់ ដែលវាងាប់តាំងពីឆ្នាំទៅហ្នឹងបានយើងយកមកលាយជាមួយគ្នា។ ការដាំអំពៅបើដាក់លាមកសត្វសុទ្ធ គឺដើមអំពៅពេលកៀបយកទឹកមានរសជាតិប្រៃ មិនមានឱជារសផ្អែមទេ ប៉ុន្តែបើដាក់ផេះ និងដីដំបូក គឺទឹកអំពៅវាផ្អែម។


+វិធីដាំដើមអំពៅ
មុនដាំត្រូវភ្ជួរដីឲ្យបាន ៣សា ឲ្យបានជម្រៅជ្រៅ រាស់ដីឲ្យម៉ត់ ឆូតជាគន្លង ដើម្បីឲ្យមានចង្អូរ ប៉ុន្តែមិនត្រូវលើករងដាំអំពៅទេ។ កាយគន្លងនោះឲ្យមាត់រណ្ដៅទំហំ ៨តឹក រួចយកកូនអំពៅ ១ដើម មានដុះដើមប៉ុនមេដៃ កម្ពស់ ២តឹកទៅកប់ក្នុងរណ្ដៅ ដែលមានល្បាយផេះ ដីដំបូក លាមកសត្វងាប់ នៅបាតរណ្ដៅនោះជាស្រេច កប់វាបន្ថើរៗល្មម។

យើងអត់កប់ជ្រៅពេកទេដោយសារតែយើងមានចង្អូរអ៊ីចឹងពេលមានភ្លៀងនិងពេលស្រោចទឹកពីលើគឺវាធ្លាក់មកបន្តិចៗ យើងមិនបាច់លុបជើងអីទៀតទេ ដោយសារយើងស្រោចទឹកទៅដីហ្នឹងវាធ្លាក់មក អ៊ីចឹងបានយើងកប់វារាក់ៗ។ ពេលដាំហើយយើងត្រូវយកស្លឹកដូង គ្របវាដដែល ដើម្បីឲ្យវាត្រជាក់។


+ការថែទាំដំណាំអំពៅ
អំពៅត្រូវការទឹកស្រោចនៅពេលដីខ្សោះទឹក។ ប៉ុន្តែបើស្រោចទឹកច្រើនពេក វានឹងធ្វើឲ្យទឹកអំពៅសាប។ នៅពេលដាំអំពៅទុកឲ្យវាដុះបានកម្ពស់ ០,៥០ម៉ែត្រពីដី ម្ចាស់ដំណាំត្រូវដកស្លឹកដុះនៅបណ្ដូលដើមអំពៅចោល ដើម្បីឲ្យអំពៅឆាប់បែកកូន និងដុះដើមបានទំហំប៉ុនៗគ្នា។ ពេលអស់ស្លឹកបណ្ដូលនោះ គឺដើមអំពៅឆាប់បែកកូនច្រើន ហើយលូតកម្ពស់ដើមស្មើគ្នា។ ដើមៗហ្នឹងគឺយើងដកបណ្ដូលវា កាលណាយើងអត់ដកបណ្ដូលវា គឺវាអត់បែកកូនទេ ទី១ ហើយទី២ ដើមអំពៅវាមានកម្ពស់ខ្ពស់ទាបៗ វាអត់ស្មើទេ បើអ៊ីចឹងបណ្ដូលហ្នឹងដកចេញបានល្អ។

បើកាលណាដាច់ក៏យើងដកម្ដងទៀត ទាល់តែបណ្ដូលហ្នឹងដាច់ដល់ត្រឹមគល់វានោះ។ ពេលដកបានហើយ ១អាទិត្យ ទៅ ១០ថ្ងៃ វាចាប់ផ្ដើមបែកកូន បែកដូចស្លឹកគ្រៃអ៊ីចឹង។ វាបែកក្នុង១គុម្ពមាន ៨ ទៅ ១០ដើម មានកន្លែងខ្លះបែកដល់ ១២ដើម។
បើចង់បានដើមអំពៅថ្លោសល្អ មានទំហំដើមប៉ុនៗគ្នា ត្រូវកាប់ដើមចោលខ្លះ ទុកតែ ៨ដើមក្នុងមួយគុម្ព រាប់ទាំងដើមដែលដកបណ្ដូលចេញ។ មានអ្នកដាំខ្លះទុកដើមអំពៅបែកមកនោះទាំងអស់ ព្រោះចង់ចំណេញ។ លោកថា ការទុកបែបនេះ គឺមិនចំណេញទេ វានឹងដណ្ដើមគ្នាបឺតជីជាតិពីដី ធ្វើឲ្យដើមអំពៅតូចហើយក្រិន។

ប៉ុន្តែបើដីដាំអំពៅជាដីល្បប់បាតបឹង ឬដីលិចទឹក ការទុកដើមអំពៅបែកទាំងអស់នោះបាន តែត្រូវថែមជីគីមីនៅក្នុងដីគន្លងនោះ ដើម្បីបំពេញជីក្នុងដីល្បាប់ ទើបដើមអំពៅដុះបានកម្ពស់ជិត ២ម៉ែត្រ និងមានដើមថ្លោសល្អ។ ការបន្ថែមជីក្នុងដីរង ពេលដែលអំពៅកំពុងបែកកូននេះនាំឲ្យដើមអំពៅប្រេះដើមហើយស្រួយ។
+ការថែទាំមួយទៀត គឺការដើរប្រឡេះស្លឹកដែលដុះនៅជាប់ដើម៖ បើយើងដាំអំពៅចំនួន ២០០គុម្ព

គឺយើងមានគោមួយនឹម យើងគ្រាន់តែសកស្លឹកអំពៅឲ្យគោស៊ីទៅបានហើយ។ ប៉ុន្តែអំពៅការសកមិនមែនសក អស់ៗដល់ចុងទេ បើកាលណាសកបែបនេះ គឺវាក្រិន អ៊ីចឹងពេលលៃ គឺយើងយកស្លឹកណាដែលចង់ទុំនិងចាស់ ២ ទៅ ៣ស្លឹកទេ សកម្ដងរយៈពេល១អាទិត្យ បានសកម្ដងទៀត។
+អំពៅដាំ ៤ខែ អាចប្រមូលផលបាន។ ការប្រមូលផលអំពៅមិនត្រូវកាប់ដល់គល់ទេ ត្រូវទុកគល់វាឲ្យនៅសល់ពីដី ១តឹក ដើម្បីឲ្យវាបែកគុម្ពទៀតក្រោយទៀត ដោយការប្រមូលស្លឹកឈើ និងចុងអំពៅទៅគ្របពីលើគល់ ហើយដុតវា។

ខែផល្គុន ខែជិតភ្លៀង ពេលហ្នឹងយើងប្រមូលចុងអំពៅក្បែរហ្នឹងយកទៅគរនៅលើគល់អំពៅដែលយើងកាប់ ហើយយើងដុតវា។ ប៉ុន្តែដុតហ្នឹងមិនមែនឲ្យភ្លើងឆេះហើយ យើងដុតបន្ថែមទៀត គឺអត់ទេ ដុតតែមួយសាហ្នឹងឆេះប៉ុន្មានក៏ឆេះទៅរួចហើយបានយើងចាប់ផ្ដើមឆាយដីពីភ្លឺយើងហ្នឹងមកទម្លាក់ក្នុងចង្អូរហ្នឹងវិញ។ មួយអាទិត្យទៅ ១០ថ្ងៃភ្លៀងមកវាចាប់ផ្ដើមដុះជាថ្មីហើយ។

ការដុះលើកក្រោយនេះ យើងអត់មានដកកូនទៀតទេ គឺពន្លកវាធំជាងមុនទៅទៀតលើកទី២នេះ ហើយយើងមិនបាច់ដាំមួយសាទៀតទេ អាគល់ហ្នឹងគឺវាដុះដោយខ្លួនឯង យើងធ្វើរបៀបហ្នឹងគឺដាំ ១ឆ្នាំ ទទួលផលដល់ទៅ ៣ឆ្នាំ។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here