បច្ចេកទេសក្នុងការដាំដំណាំស្លឹកគ្រៃ

438

១.ការជ្រើសរើសពូជ

មុនដាំស្លឹកគ្រៃ ត្រូវជ្រើសរើសដើមស្លឹកគ្រៃដែលមានដើមល្អ ដែលមិនរងការបំផ្លាញណាមួយពីសត្វចង្រៃនោះឡើយ។ ស្លឹកគ្រៃមានពីរប្រភេទ គឺប្រភេទស្លឹកគ្រៃអំបោះ និងស្លឹកគ្រៃត្រែង។ ស្លឹកគ្រៃត្រែង ដើមពណ៌ក្រហម ហើយមានដើមរឹងពិបាកហាន់។ ចំណែកស្លឹកគ្រៃអំបោះ មានដើមស្រួយមានជាតិទឹកច្រើន និងងាយស្រួលហាន់ជាង។ ស្លឹកគ្រៃអំបោះ ជាប្រភេទពូជដែលមានតម្រូវការទីផ្សារច្រើនជាង។

២.ការរៀបចំដីសម្រាប់ដាំ

-ត្រូវរៀបចំរណ្ដៅមានទំហំ ១,៥តឹក ជម្រៅរណ្ដៅ ២០ ទៅ ៣០សង់ទីម៉ែត្រ ហើយគម្លាតរវាងរណ្ដៅមួយទៅរណ្ដៅមួយប្រវែង ៦ ទៅ ៧តឹក ដោយក្នុងមួយរណ្ដៅៗដាំបានតែ ១ដើមប៉ុណ្ណោះ ធ្វើបែបនេះដើម្បីសន្សំសំចៃពូជ។

-បន្ទាប់មកយើងដាក់កម្ទេចស្លឹកឈើងាប់ ហើយដាក់ជីលាមកសត្វធម្មជាតិច្របល់បញ្ចូលគ្នាដាក់ក្នុងរណ្ដៅនោះ ស្រោចទឹកវាចាំយកដើមមកដាំ។

៣.វិធីក្នុងការដាំ

-គេដាំដើមស្លឹកគ្រៃភ្លាមៗក៏បាន ឬផ្សាំគល់វាឲ្យដុះឫសសិនក៏បាន ប៉ុន្តែបើចង់ឲ្យស្លឹកគ្រៃដុះល្អ និងឆាប់លូតលាស់លឿន គួរតែផ្សាំវាឲ្យដុះឫស ៣ថ្ងៃ ចាំយកទៅដាំ។

-ស្លឹកគ្រៃ គេអាចដាំវាបានច្រើនរបៀប អាចដាំតាមភ្លឺព័ន្ធជុំវិញស្រះ ភ្លឺស្រែ ជុំវិញផ្ទះ អាចដាំលើកជារង ដាំចម្រុះជាមួយរុក្ខជាតិផ្សេងទៀតក៏បាន ប៉ុន្តែបើដាំលក្ខណៈចម្រុះល្អជាង ព្រោះវាអាចបំពេញជីជាតិឲ្យគ្នាទៅវិញទៅមក។ បើស្លឹកគ្រៃដែលដាំដាច់វាដាច់ម្នាក់ឯង វាល្អដែរ តែមានស្លឹកពណ៌លឿង ក្រហម អត់សូវល្អ តែបើយើងដាំវាក្បែរដើម វាដើមស្លឹកកន្ធំថេត និងដើមអង្គាដី ឃើញថាស្លឹករបស់វាលាស់ខ្ចីៗ និងដើមថ្លោសល្អ។

៤.ការថែទាំ

ដោយសារស្លឹកគ្រៃជាដំណាំងាយស្រួលដាំ មិនសូវមានសត្វចង្រៃបំផ្លាញ ដូច្នេះគ្រាន់តែស្រោចទឹកក្នុងមួយសប្ដាហ៍តែពីរដងប៉ុណ្ណោះ គឺពេលព្រឹក និងពេលល្ងាច។ ដោយឡែកជីបំប៉នវិញ ស្លឹកគ្រៃត្រូវការប្រភេទស្លឹកឈើរលួយដាក់ក្បែរគល់ជាការស្រេច។ ពេលដែលយើងដាំបានរយៈពេល ១អាទិត្យ វាចាប់ផ្ដើមលាស់ត្រួយ ហើយនៅពេលបានអាយុពី ៤ ទៅ ១៥ថ្ងៃ វាចាប់ផ្ដើមដុះកូនតូច។ រយៈពេលនេះ យើងចាប់ផ្តើមដាក់កម្ទេចកម្ទី និងជ្រោយគល់វាដើម្បីបានលូតលឿន។

៥.ការប្រមូលផល

ពេលស្លឹកគ្រៃមានអាយុ ៦ខែ អាចប្រមូលផលបានពេញលេញ ប៉ុន្តែស្លឹកគ្រៃអាយុបាន ៤ខែ គេអាចប្រមូលផលបានបណ្ដើរៗហើយ។ រយៈពេល ៦ខែ ជាអាយុអាចប្រមូលផលបាន ហើយកុំទុកយូរពេក ព្រោះបើយើងទុកឲ្យលើសពីនេះ វាខាតសេដ្ឋកិច្ចវិញទេ។

ដំណាំស្លឹកគ្រៃក៏ជាឱសថបន្ថយជាតិពុលក្នុងរាងកាយ ព្រមទាំងជួយបន្ថយសម្ពាធឈាមខ្ពស់ ប៉ូវភ្នែក ប៉ូវឆ្អឹង និងធ្មេញផងដែរ។ ជាងនេះទៀត ស្លឹកគ្រៃក៏ជួយកម្ចាត់សត្វល្អិតបានយ៉ាងមានប្រសិទ្ធភាព។ លើសពីនេះ ស្លឹកគ្រៃក៏មានគុណតម្លៃជាច្រើន និងសម្បូរទៅដោយសារធាតុដែលមានប្រយោជន៍ជាច្រើនមុខ ដូចជា ជាតិរ៉ែ វីតាមីន និងអង់ស៊ីម រួមនឹងជីវជាតិសំខាន់ច្រើនទៀត ដែលមនុស្សត្រូវការជាចាំបាច់ ដើម្បីឲ្យមានសុខភាពល្អ៕

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here