បច្ចេកទេសដាំសាលាដ៍

602

១. វិធីបណ្តុះកូន

– មុនយកគ្រាប់ពូជទៅដាំ ត្រូវដាស់ដំណេកវាដោយស្រុះទឹកក្តៅអ៊ុនៗ ហើយចងក្រណាត់ផ្អាប់ទុក ១២ម៉ោង ឱ្យវាដុះពន្លកបន្តិច ទើបយកទៅសាបលើថ្នាលបណ្ដុះកូនក៏បាន

– វិធីមួយទៀត អាចយកគ្រាប់ពូជទៅលាងជាមួយស្លឹកស្ដៅ ដើម្បីបណ្ដេញមេរោគលើគ្រាប់ពូជ រួចហើយទើបយកវាទៅសាបភ្លាម ដោយប្រឡាក់ជាមួយម្សៅកូនក្មេង ការពារសត្វកុំឱ្យស៊ីគ្រាប់ពូជ។

២. ការរៀបចំថ្នាលបណ្ដុះកូន

ការរៀបដីធ្វើថ្នាលបណ្ដុះសាលាដ៍ ត្រូវលាយជីកំប៉ុសដែលពុកផុយចំនួន ២គីឡូក្រាមក្នុងដី ១ម៉ែត្រការ៉េ។ ក្រោយសាបគ្រាប់ពូជរួច ត្រូវយកចំបើងចិញ្ច្រាំឱ្យល្អិតទៅគ្របពីលើ ហើយស្រោចទឹក ១ថ្ងៃ ២ដង។ ១អាទិត្យក្រោយពីសាបគ្រាប់ពូជ ត្រូវស្រោចជីកំប៉ុសទឹកបន្ថែម ដើម្បីបង្កើនការលូតលាស់ឱ្យដើមរបស់កូនសាលាដ៍វារឹងមាំ និងចាក់ឫសជ្រៅ។

៣. ការរៀបចំរងសម្រាប់ដាំ

រងដាំសាលាដ៍ ត្រូវនៅកន្លែងជិតទឹក ភ្ជួរដីឱ្យបានច្រើនសា និងឱ្យបានជម្រៅ ៣តឹកចុះក្រោម ហាលដីឱ្យស្ងួត ១អាទិត្យ បំបែកដីឱ្យម៉ដ្ឋ ទើបយកជីលាមកគោពុកផុយដាក់ទ្រាប់បាតរង គឺលាយដីដាំសាលាដ៍ឱ្យជី ២ភាគ ដីតែ ១ភាគ លើកក្បាលរង ១ម៉ែត្រ បណ្តោយតាមទំហំដី។ រងគួរលើកនៅរដូវប្រាំងកម្ពស់រង ១,៥តឹក ទៅ ២តឹក។ រដូវវស្សាលើករងដាំសាលាដ៍កម្ពស់ ៣ ទៅ ៤តឹក ការពារទឹកលិច។

៤. រយៈពេលដែលត្រូវដកកូនសាលាដ៍យកទៅដាំ

កូនសាលាដ៍ដុះបាន ១៨ថ្ងៃទៅ ២០ថ្ងៃ ត្រូវដកយកទៅដាំ។ កូនសាលាដ៍ គឺដកភ្លាមយកទៅដាំភ្លាម ដោយដករើសយកតែដើមថ្លោសសម្រាប់ដាំ។ ពេលវេលាដាំ គឺរសៀលត្រជាក់ ទើបកូនសាលាដ៍ពេលដកពីថ្នាលមិនអន់។

៥. ការថែទាំ

ចំពោះដំណាំសាលាដ៍ មួយថ្ងៃស្រោចទឹកតែ ២ដង ហើយក្នុង ១អាទិត្យស្រោចជីកំប៉ុសទឹក ២ដងដែរ បង្កើនការលូតលាស់ និងធ្វើឱ្យស្លឹកសាលាដ៍រឹងល្អផង។

៦. វិធីការពារ

សាលាដ៍ជាបន្លែស្លឹកដែលឆាប់ចាញ់ពន្លឺថ្ងៃ ហេតុនេះនៅពីលើរងដាំសាលាដ៍ គួរយកសំណាញ់ពណ៌បៃតងបាំងការពារ ដើម្បីបន្ថយកម្ដៅថ្ងៃ។ បច្ចុប្បន្ន អាកាសធាតុប្រែប្រួល សត្វល្អិតបានកើតឡើងប្លែកៗយាយីដំណាំ។ បើសិនជាកសិករដាំសាលាដ៍ ឬបន្លែដទៃឃើញមានសត្វល្អិតមិនធ្លាប់ស្គាល់ កំពុងយាយីដំណាំ ត្រូវរហ័សរាយការណ៍ទៅមន្ត្រីកសិកម្ម តែហាមប្រាប់ទៅអ្នកលក់ថ្នាំពុល ឱ្យគេផ្សំថ្នាំគីមីដែលមិនត្រូវនឹងជំងឺ ហើយចំណាយលុយទិញថ្នាំគីមីនោះថ្លៃ អាចថ្នាំគ្មានប្រសិទ្ធភាពលើជំងឺ និងសត្វចង្រៃ។

 

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here