បច្ចេកទេសក្នុងការដាំដំណាំល្ហុង

160

១. ការជ្រើសរើស​ពូជ ​និង​ការត្រៀម​ពូជ​សម្រាប់ដាំ​

ចំពោះ​លក្ខណៈ​ពូជ​ដែល​ត្រូវ​ជ្រើសរើស​មាន​ផ្លែ​ធំ​វែង ផ្លែ​ច្រើន ​មិនដាច់ដើម​មាន​សុខភាព​ល្អ។ នៅពេល​ដែល​ផ្លែ​ទុំ​ល្អ ​ពុះ​យក​គ្រាប់​ចេញពី​ផ្លែ​ទៅ​លាង​ទឹក​ឲ្យ​ជ្រះ​រំអិល រួច​យក​ទៅ​ហាល ឬសំដិល​រហូត​ស្ងួត ២-៣ ថ្ងៃ ទើប​យក​ទៅ​ច្រក​កែវ​ទុក។​

២.​ការ​បណ្តុះ​កូន

យក​គ្រាប់​ទៅ​បណ្តុះ មុន​នឹង​យកទៅ​ដាក់​ដាំ​ក្នុង​ចំការ។ យក​ដី​ដែល​មាន​ជីជាតិ​ច្រកចូល​ក្នុង​ថង់​ប្លា​ស្ទិក​ខ្មៅ​ដែល​ត្រៀម​រួចជាស្រេច បន្ទាប់មក​យក​គ្រាប់​ទៅ​ត្រាំ​ទឹក​រយៈពេល ២ថ្ងៃ និង​ផ្អាប់​ទុក​រយៈពេល ៧ថ្ងៃ (ឲ្យ​ដុះ​ពន្លក​សៗ) ទើប​យក​ទៅ​ដាក់​ដាំ​នៅក្នុង​ថង់​ពី ៣-៤គ្រាប់ ក្នុង ១ថង់។ ក្រោយ​ពី​ដាក់​គ្រាប់​បណ្តុះ​ហើយ ត្រូវ​ស្រោច​ទឹក​ឲ្យ​ជោគ​រៀងរាល់ថ្ងៃ ដើម្បី​ឲ្យ​កូន​ល្ហុង​លូតលាស់​ល្អ។ ចំពោះ​ថ្នាល​បណ្តុះ​កូន ត្រូវ​ប្រក់​រោង​សំណាញ់ ​ដើម្បី​កុំ​ឲ្យ​កូន​ល្ហុង​ត្រូវ​ពន្លឺ​ខ្លាំងពេក។​

៣.​ការរៀបចំ​ដី​ដាំ

ក្នុង​ការរៀបចំ​ដី​ដាំ ​ភ្ជួរហាល​ដី ៤-៥​លើក ដោយ​ចន្លោះ​ពី​មួយ​លើក​ទៅ​មួយ​លើក​មាន​រយៈពេល ១០ថ្ងៃ។ នៅពេល​ភ្ជួរ​លើ​ក​ទី១ ​ដាក់​ជីលា​មក​សត្វ​ពុកផុយ ១,៥ ទៅ ២តោន ភ្ជួរ​លុប​លើ​ផ្ទៃដី ១៣អារ។ ក្រោយ​ពី​ភ្ជួរ​រាស់​ហាល​ដី រួច​លើក​ជា​រង​ដែល​មាន​ទទឹង ១,៥ម៉ែត្រ បណ្តោយ​ទៅតាម​ស្ថានភាព​ដី។ នៅលើ​រងជីករណ្តៅ​ជា​ជួរ ​រណ្តៅនិ​មួយៗ​ទំហំ ៣តឹក​បួន​ជ្រុង និង​ជំរៅ ៣តឹក ដោយ​ទុក​ចន្លោះ​ពីរ​រណ្តៅ​មួយ​ទៅមួយ ២,៥ ម៉ែត្រ។ នៅក្នុង​រណ្តៅ​និមួយៗ ត្រូវដាក់​ជីលា​មក​សត្វ​ពុកផុយ​ច្របល់​ជាមួយ​ដី​ឲ្យ​សព្វ។​

៤.​ការដាំ​

ចាប់ផ្តើម​យក​កូន​ល្ហុង​ទៅ​ដាំ​នៅ​ចុងខែ​មេសា ឬដើ​ម​ខែ​ឧសភា ដែល​ជា​ដើមរដូវ ដើម្បី​កាត់បន្ថយ​ការ​ស្រោច​ទឹក។ កូន​ល្ហុង​ដែលគេយក​មក​ដាំ​មាន​អាយុ ៤៥ថ្ងៃ យកមក​ហែក​ថង់​ចេញ រួច​ដាក់​ក្នុង​រណ្តៅ បន្ទាប់មក​យក​ដី​នៅ​មាត់​រណ្តៅ​លុប​សង្កត់​ឲ្យ​ណែន រួច​យក​កំទេច​ចំបើង​គ្រប​ជុំវិញ​គល់ និង​ស្រោច​ទឹក​ឲ្យ​ជោគ។ ក្នុង​មួយ​រណ្តៅ​ដាំ​មួយ​ដើម ដោយ​ជ្រើសរើស​យក​តែ​កូន​ល្ហុង​ដែល​មាន​សុខភាព​ល្អ។​

៥.​ការថែទាំ​

​នៅពេល​ល្ហុងនៅ​តូច ត្រូវ​ស្រោច​ទឹក ១ថ្ងៃ​ម្តង ដោយ​ប្រើ​ទុយ​យោ​បាញ់​នៅលើ​ស្លឹក​រហូត​ដល់​ល្ហុង​ធំ​ចេញ​ផ្កា ​បញ្ចូល​ទឹក​នៅ​តាម​ចន្លោះ​រង ៣ថ្ងៃ​ម្តង លៃ​យ៉ាងណា​កុំ​ឲ្យ​ដី​ស្ងួត​ពេក ឬ​សើម​ពេក។ ក្រៅ​ពី​ការ​ស្រោច​ទឹក ត្រូវឧស្សាហ៍​ពូន​គល់ គឺ​នៅ​ពេល​ដែល​សង្កេត​ឃើញ​ឫស​ល្ហុង​មួយចំនួន​ដុះ​លើ​ផ្ទៃដី និង​ក្រោយ​ការប្រមូល​ផល​លើក​ទី ២។ ល្ហុង​ជា​ដំណាំ​ដែល​ត្រូវការ​ពន្លឺ​ថ្ងៃ ​ដូច្នេះ​ត្រូវ​កាច់​មែក​ងាប់ៗ​នៅ​ក្បែរ​គល់​ប្រមូល​ចោល និង​ធ្វើ​ស្មៅ​ក្បែរ​គល់ ដើម្បី​កុំឲ្យ​មាន​ភាព​ស៊ុបទ្រុប​ឲ្យ​ពន្លឺ​ចាំង​ចូល​គ្រប់គ្រាន់។

ក្នុង​ការដាំ​ល្ហុង​នេះ គេ​តែង​ជួបប្រទះ​នូវ​សត្វល្អិត និង​ជំងឺ​មួយចំនួន​ដូចជា ជំងឺ​រលួយ​គល់ ធ្វើឲ្យ​ស្លឹក​ស្រ​ពោន រលួយ​ឫស និង​គល់​ត្រឹម​ស្មើ​ដី​តែម្តង ជំងឺ​ពុក​ឫសកែវ​ធ្វើឲ្យ​ស្លឹក​ឡើង​លឿង និង​បញ្ឈប់​ការចេញ​ផ្លែ ជំងឺឆ្កួត​ត្រួយ ធ្វើឲ្យ​ត្រួយ​រួញ ហើយ​ផ្អាក​ការចេញ​ផ្លែ។

​ចំពោះ​វិធានការណ៍​កំចាត់ បើ​ល្ហុង​នៅ​តូច​ត្រូវដក​ដើម​ចោល ឬ កាត់​ស្លឹក ឬ ត្រួយ​ដែល​កើត​ជំងឺ​ចោល។ ចំពោះ​សត្វល្អិត​មាន​ក្រា​មរោម​ផ្លែ ដែល​ធ្វើ​ឲ្យ​ផ្លែ​មិនសូវ​លូតលាស់ ហើយ​គ្មាន​រសជាតិ។ ករណី​សត្វ​ក្រា​រោម​ផ្លែគេ​មិនទាន់មាន​វិធានការណ៍​កំចាត់​ទេ ប៉ុន្តែ​វា​កើត​មាន​តិចតួច ប៉ុណ្ណោះ​។

៦.​ការប្រមូល​ផល​

​ក្រោយ​ពេល​ដាំ​បាន​រយៈពេល ៥​ខែ គេ​ប្រមូល​ផល​ផ្លែ​ល្ហុង​ចាស់​លក់។ ការ​បេះធ្វើ​ឡើង​បន្ត​បន្ទាប់​ក្នុង​រយៈពេល ៦​ខែ ទៅ ១​ឆ្នាំ ក្រោយ​ពី​បេះ​លើក​ទី១ រហូត​ដល់​ខ្សោយ ទើប​​កាប់​ដើម​ចាស់ចោល និង​ដាំ​ថ្មី​ឡើងវិញ។

សរុបមកបច្ចេកទេស​សំខាន់ៗក្នុង​ការដាំ​ល្ហុង​មាន​៖

​ ​ ​-ជ្រើសរើស​ពូជ​ដែល​មាន​ផ្លែ​ធំ​វែង និង​ទុំ​ល្អ​ទុក​ធ្វើ​ពូជ

​ ​ ​-បណ្តុះ​គ្រាប់ និង​ថែទាំ​ឲ្យ​កូន​ល្ហុង​មាន​សុខភាព​ល្អ មុន​យកទៅ​ដាំ​ក្នុង​ចំការ

​ ​ ​-ភ្ជួរ​ដី​ហាល​ច្រើនសារ​ឲ្យ​ដី​ធូរ និង​ស្ងួត​ទឹក

​ ​ ​-រៀបចំ​រណ្តៅ​ជា​ជួរ​ដាំ​នៅពេល​មាន​អាយុ ៤៥ថ្ងៃ ដោយ​ជ្រើសរើស​តែ​កូន​មាន​សុខភាព​ល្អ​

​ ​ ​-ថែទាំ​គ្រប់​គល់ ពូន​គល់ បោច​ស្មៅ និង​កាច់​ស្លឹក​ងាប់ៗ​នៅ​ខាងក្រោម​ចោល​ស្រោច​ទឹក​ពេល​ល្ហុង​នៅ​តូច និង ៣ថ្ងៃ​ម្តង ពេល​ផ្កា៕

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here