បច្ចេកទេសដាំពោតយកស្នៀត ឬក្តឹបពោតខ្ចី

163

១. ការជ្រើសរើសពូជ
-ពូជហាវ៉ៃក្រហម អាចឲ្យស្នៀត ៣ផ្លែ ទៅ ៤ផ្លែ ហើយមិនសូវត្រូវការទឹកទេ បើបងប្អូនដាំខែប្រាំង បងប្អូនអាចដាក់ទឹកតែម្ដងរហូតដល់ប្រមូលផល ឬអាចបូមទឹក ២ ទៅ ៣ដង ដើម្បីបានផលស្នៀតច្រើន ។


២. ការជ្រើសរើស និងរៀបចំដី
-ដីល្បប់មាត់ទន្លេ ដែលសំបូរជីជាតិ មិនមែនដីកណ្ដេង និងដីខ្សាច់
-ភ្ជួរហាលដី ៣ ទៅ ៤ថ្ងៃឲ្យដីឆ្អិន
-បំបែកដីឲ្យម៉ត់

-ឆូតជាគន្លងសម្រាប់ដាំ
-គម្លាតពីរងមួយទៅមួយ ចន្លោះពីកន្លះម៉ែត្រទៅ ៧តឹក
-ត្រូវដាំក្នុងគន្លងមិនត្រូវដាំក្នុងពំនូកដីដែលលើកជារងនោះទេ ព្រោះការដាំក្នុងគន្លងឆាប់ដុះ ឯដីពំនូករង ទុកកាយលុបគល់ដើមពោតនៅពេលវាដុះបានខ្ពស់បន្តិច

-ពោតដាំយកស្នៀត អាចដាំចង្អៀតដើមជាងដាំពោតយកផ្លែ ក្នុងមួយរន្ធអាចដាក់គ្រាប់ពោតពូជបាន ៥គ្រាប់ ទៅ ៧គ្រាប់ក្នុង១រណ្ដៅ
-ក្នុងដី១ហិកតា ប្រើគ្រាប់ពូជពោតចន្លោះពី ៣០ ទៅ ៣៥ គីឡូក្រាម។

៣.ការថែទាំ
-ក្រោយការដាំគ្រាប់ពូជ ១៥ ទៅ ២០ថ្ងៃ ត្រូវបាញ់ទឹកតាមរងដាំពោតកុំឲ្យដីរងស្ងួតពេក ពោតដូចជាមិនបញ្ហាទេ បើដាក់ទឹកដិតដល់ ស្មៅដុះមិនទាន់ពោតទេ ពោតដុះលឿនជាងស្មៅ ហើយពោតត្រឹមជង្គង់ឡើងទៅ ស្មៅដុះមិនទាន់ពោតឡើយ។

៤. ការដាក់ជី
-មុនពេលដាំពោត ត្រូវដាក់ជីលាមកសត្វពុកផុយ ឬជីកំប៉ុស ចំនួន ២គីឡូក្រាមក្នុងដី ១ម៉ែត្រការ៉េ បន្ទាប់ពីដាំបាន ១អាទិត្យ ត្រូវថែមជីអ៊ុយរ៉េ ចំនួន ១,៥ក្រាម ក្នុង១គុម្ព
-ជីគីមីនោះ ត្រូវដាក់ចម្ងាយ ១តឹកពីគុម្ពពោត

-ដាំគ្រាប់ពោតបាន ៣០ថ្ងៃ ត្រូវថែមជី ២០ ២០ ១៥ ទម្ងន់ ៥ក្រាម ក្នុង១គុម្ព ដាក់ជីចម្ងាយ ២តឹកពីគុម្ពពោត
-ដាំបាន ៥០ថ្ងៃ ត្រូវថែមជីដដែលទម្ងន់ ១០ក្រាមក្នុង ១គុម្ព ដាក់ជីនោះចន្លោះ ២តឹកទៅ ២,៥តឹក ពីគល់ពោត

-នៅក្នុងចន្លោះពេលដាក់ជីចាំបាច់ត្រូវបាញ់ទឹកបំប៉នដើម ក្រោយពីដាំពោតបានកន្លះខែ និងក្រោយពីដើមពោតដុះបានជាង ១ខែ
-ដាំពោតយកស្នៀតលក់ មិនលំបាកថែទាំទេ ត្រូវបាញ់ទឹកទៅក្នុងរងនៅពេលដីស្ងួតខ្លាំង ហើយត្រូវលើករងឲ្យខ្ពស់ បើដាំនៅរដូវវស្សា។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here