បច្ចេកទេសក្នុងការដាំដំណាំចេកពងមាន់

210

កសិករម្នាក់គាត់មានបទពិសោធន៍ដាំចេកពងមាន់អស់រយៈពេល ៦ឆ្នាំកន្លងមកហើយ។ ខាងក្រោមនេះយើងនឹងរៀបរាប់ពីបទពិសោធន៍នៃការដាំដុះរបស់គាត់៖

១.ការរៀបចំដីសម្រាប់ដាំ

ផ្ទៃដីដាំដុះមានទំហំ ២០អារ។ ក្នុងការរៀបចំដីគាត់ភ្ជួរចំនួន ៣សា និងរាស់ ១សា។ ភ្ជួរលើកទី១ បន្ទាប់ពីប្រមូលផលដំណាំចាស់រួច។ ៧ថ្ងៃ ក្រោយមកគាត់ធ្វើការភ្ជួរ​លើកទី២ និង ៧ថ្ងៃ​ក្រោយទៀត ទើបភ្ជួរលើកទី៣។ ប៉ុន្តែមុនភ្ជួរដីលើកទី៣ គាត់បានដាក់ជីលាមកគោ និងស្លឹកឈើពុកផុយទ្រាប់បាតប្រហែលមួយតោន ទើបធ្វើការភ្ជួរលុប។ រយៈពេល ៣ ទៅ ៤ថ្ងៃបន្ទាប់ ទើបរាស់បំបែកដី និងកៀរយកស្មៅចេញឲ្យអស់។ បន្ទាប់មកគាត់កាប់រណ្តៅដាំដោយរណ្តៅនិមួយៗមានទំហំ ៥តឹក បួនជ្រុង និងជំរៅ ៥​តឹក ហើយដាំក្នុងចន្លោះគុម្ព ១,៨ម៉ែត្រ និងចន្លោះជួរ ១,៨ម៉ែត្រ។

២.ការដាំដុះ

គាត់ធ្វើការដាំចេកពងមាន់នេះ នៅចុងខែឧសភា ព្រោះវាជាដើមរដួវវស្សា។ ការដាំនៅខែនេះចេកនឹងឲ្យផលក្នុងអំឡុងពេល ៨ ទៅ ៩ខែ។ ដូចនេះគាត់អាចប្រមូលផលបាននៅអំឡុងខែមករា ឬកុម្ភៈ ដែលជាខែចេកបានថ្លៃខ្ពស់ ព្រោះវាជារដូវចូលឆ្នាំចិនផងដែរ។ ក្នុងរណ្តៅនិមួយៗគាត់បានដាក់ជីលាមកសត្វពុកផុយ និងស្លឹកឈើស្ងួតៗកន្លះរណ្តៅដោយជ្រុំលាយជាមួយដី។​បន្ទាប់មកគាត់បានគាស់កូនចេកដែលមានសុខភាពល្អមានកំពស់ ៤ ទៅ ៥តឹក ទៅដាំនៅក្នុងរណ្តៅ។

ចំពោះកូនចេកណាដែលមានឫសច្រើនពេក គាត់បានកាត់ឫសចោលខ្លះ ដើម្បីឲ្យឫសថ្មីឆាប់ដុះឡើងវិញ។ គាត់កប់កូនចេកដាំក្នុងរណ្តៅត្រឹមគល់ រួចលុបដីសង្កត់ឲ្យណែន បន្ទាប់មកយកកំទេចស្លឹកឈើគ្របគល់ចេក ហើយស្រោចទឹកឲ្យជោគ។ គាត់បានដាំចេកនៅចន្លោះល្ហុង ព្រោះថាកូនចេកវាមិនត្រូវការពន្លឺខ្លាំងពេកទេ បើត្រូ​វពន្លឺខ្លាំងធ្វើឲ្យកូនចេកមានការលូតលាស់មិនសូវល្អ ហើយស្លឹកនឹងដើមមានពណ៌លឿងរិញៗទៀតផង។ នៅពេលចេកធំ ល្ហុងក៏ដល់ពេលបេះផ្លែអស់ និងកាប់ដើមចោល ធ្វើឲ្យចេកអាចទទួលពន្លឺបានគ្រប់គ្រាន់វិញ។

៣.ការថែទាំ

ក្រោយពីការដាំរួចក្នុងរយៈពេល ២ ទៅ ៣ខែដំបូង (ឧសភា ដល់ ខែកក្កដា) គាត់ធ្វើការស្រោចទឹក ១០ ទៅ ១៥ថ្ងៃម្តង ព្រោះជាដើមរដូវវស្សាមិនសូវមានភ្លៀងធ្លាក់ច្រើន។ នៅខែសីហា ដល់ វិច្ឆិកា គាត់មិនបានស្រោចទឹកទេ ព្រោះវាជាចុងរដូវវស្សា មានភ្លៀងធ្លាក់គ្រប់គ្រាន់ហើយ។ ប៉ុន្តែនៅរដូវប្រាំងវិញ គាត់ធ្វើការស្រោចទឹក ៦ ទៅ ៧ថ្ងៃម្តង។

នៅពេលចេកបែកកូន គាត់រក្សាទុកកូ​នចេកតែមួយដើមប៉ុណ្ណោះក្នុងមួយគុម្ព ដើម្បីឲ្យចេកផ្លែធំល្អ។ ដូច្នេះក្នុងមួយគុម្ពមាន ២ដើម ទាំងដើមមេផង។ កូនចេកដែលគាត់រក្សាទុកនោះត្រូវថ្លោសល្អ និងមិនមានជំងឺហើយត្រូវមានទំហំប៉ុនៗគ្នា ដើម្បីឲ្យការប្រមូលផលបានស្រុះគ្នា។ ចំណែកកូនចេកគាស់ចេញហើយ គាត់ជ្រើសរើសដើមល្អៗយកទៅដាំនៅចន្លោះគុម្ពបន្តទៀត នៅពេលកាប់ដើមមេចេញ កូនចេកដែលដាក់ដាំបន្តធំតៗគ្នា ហើយគាត់អាចទទួលបានផ្លែបន្តបន្ទាប់គ្នា។

៤.ការប្រមូលផល

ក្រោយពីដាំអស់រយៈពេល ៨ ទៅ ៩ខែ ចេកអាចប្រមូលផលបានហើយ។ ចេកដែលគាត់កាត់យកបន្ទុំបាន លុះត្រាតែផ្លែរបស់វារលុបជ្រុងចេញរាងមូល។ នៅលើផ្ទៃដី ២១ អារ គាត់អាចដាំបាន ៦០០ ទៅ ៦២០គុម្ព ហើយគាត់អាចកាប់ផ្លែចេកបានពី ១.០០០ ទៅ ១.១០០ស្ទង។ ដោយក្នុងមួយស្ទងលក់បានតម្លៃ ៨.០០០ ទៅ ១០.០០០រៀល។ បើគិតជាទឹកប្រាក់សរុបបានប្រមាណ ៨ ទៅ ៩លានរៀល។

សរុបមកបច្ចេកទេសសំខាន់ៗក្នុងការដាំដុះចេកពងមាន់៖

-ភ្ជួររាស់បំផុសដី និងដាក់ជីលាមកសត្វពុកផុយទ្រាប់បាត

-កាប់រណ្តៅទំហំ ៥តឹក បួនជ្រុង ជំរៅ ៥តឹក ដាក់ជីលាមកសត្វពុកផុយបាតរណ្តៅ

-គាស់កូនចេកដែលមានសុខភាពល្អមកដាំ ដោយកប់ត្រឹមគល់

-ជ្រុំជ្រោយដី ពូនគល់ចេកព្រមទាំងដាក់ជីលាមកសត្វបំប៉ន និងលះស្លឹកចោលខ្លះដើម្បីឲ្យចេកទទួលបានពន្លឺគ្រប់គ្រាន់

-គាស់កូនចេកចោលខ្លះ ដោយទុកតែ ១ដើម ក្នុង ១គុម្ព៕

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here