បច្ចេកទេសដាំត្រាវ និងការថែទាំ !!

88

ត្រាវជាដំណាំដែលសម្បូរទៅដោយជាតិម្សៅ និងជាតិសសៃ អាចទ្រាំគោកនិងស្ងួតបានទ្រាំទឹកបានកន្លះខែ បើទឹកហូរអាចទ្រាំបានយូរតែវាក៏ត្រូវការកំដៅថ្ងៃច្រើនដែរទើបមើមល្អវាក៏ជាអាហារមូលដ្ឋានមួយយ៉ាងសំខាន់ដែរ។ អាហារប្រចាំថ្ងៃ បើយកត្រាវហូបផ្សំជាមួយបាយយើងនឹងមានសុខភាពល្អជាងការហូបតែបាយ។ ប្រជាកសិករយើងនិយមដាំក្នុងដីភូមិសម្រាប់ ធ្វើជាបង្អែម ឬស្លស្លុក។ តែសព្វថ្ងៃនេះ មើមត្រាវបានដើរតួរយ៉ាងសំខាន់ក្នុងទីផ្សារ។

សង្ខេបបច្ចេកទេសដាំដុះ ៖

ការត្រៀមដីៈបន្ទាប់ពីភ្ជួរហាលដីហើយ ត្រូវជីករណ្តៅជម្រៅ៦តឹក និងទំហំ៦តឹកបួនជ្រុង រួចបាចកំបោរថ្មប្រហែល ២ស្លាបព្រាបាយដើម្បីការពារកណ្តៀរ រួចទុកហាលថ្ងៃចោលចំនួនមួយអាទិត្យ បើទុកបាន១ខែកាន់តែប្រសើរ។

ការត្រៀមពូជៈត្រូវជ្រើសរើសយកមើមស្មើគ្នា ខ្នាតប៉ុនមេដៃ ចាស់ល្អ ធ្ងន់ មិនរលួយគល់មើម និង មានពន្លកល្អ។ការដាំៈគេអាចដាំបាន២យ៉ាងៈទី១គឺត្រូវបណ្តុះកូន រហូតកូនមានអាយុ២០ទៅ៣០ថ្ងៃ និងមានកម្ពស់ ប្រហែល១តឹកកន្លះ ទើបយកទៅដាំ។ទី២ គឺដាំមើមផ្ទាល់តែម្តង ដោយដាក់ទៅក្នុងរណ្តៅ ៣កូន ឬ ៣មើម ជាមុមចង្ក្រាន។

ការប្រមូលផលៈគេអាចប្រមូលផល រយៈពេល៦ ទៅ៧ខែបន្ទាប់ពីដាំ។

ការប្រើប្រាស់ជីៈ

-បាចទ្រាប់បាតៈ ត្រូវដាក់ចំនួន១ស្លាបព្រាបាយលាយជាមួយជីអ៊ុយរ៉េចំនួនកន្លះស្លាបព្រាកាហ្វេច្របល់ជាមួយដីស្រទាប់លើឱ្យសព្វដាក់បាតរណ្តៅ បន្ទាប់មកយកដីស្រទាប់ក្រោម លាយជាមួយជីអាចម៍គោដាក់បំពេញរណ្តៅ ទើបដាក់កូន ឬមើមដាំ។

-បាចបំប៉នៈនៅពេលកូនត្រាវអាយុបាន១ខែត្រូវយកជីចំនួន១ស្លាបព្រាបាយនិងជីអ៊ុយរ៉េ ចំនួនកន្លះស្លាបព្រាកាហ្វេដាក់ចូលក្នុងរណ្តៅជ្រុំគែមពង្រីករណ្តៅជំរះស្មៅទាញមកពូនគល់ត្រាវម្តងបន្តិចៗរួចគ្របចំបើងឬសំរាម ឬកំប្លោកក្រៀមដើម្បីឱ្យដីសើមជាប់ និងដីធូរ។យើងធ្វើរបៀបនេះច្រើនសាររហូតទាល់តែរណ្តៅត្រូវពូនកំពុង។

កំណត់ចំណាំៈ មិនត្រូវរះធាងក្រោមចោលឱ្យស្រឡះទេ ព្រោះធាងនីមួយៗ ជាកត្តាឱ្យកម្លាំងទៅពង្រីកមើមត្រង់ធាងដុះចេញ។ តែយើងអាចកាត់យក១ធាងៗយូរៗម្តង មកស្ល ឬបបរព្រោងបាន។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here