បច្ចេកទេសក្នុងការដាំដំណាំត្រសក់

161

១.ការជ្រើសរើសពូជ

ក្នុងការជ្រើសរើសយកពូជត្រសក់ដែលមានផ្លែថ្លោសល្អ ធំស្មើ មិនមានស្នាកស្នាមសត្វទិច ឬខាំ និងយកផ្លែណាដែលខ្ពស់ផុតពីដីចាប់ពី ១,៥តឹកឡើងទៅ (ប្រសិនបើផ្លែសំរាប់វារនៅជាប់ដីពេក គឺវាមិនល្អសម្រាប់ការទុកពូជទេ ព្រោះវាងាយជួបប្រទះការបំផ្លាញពីសត្វនៅក្នុងដី)។ រក្សាផ្លែដែលសម្រាប់ទុកធ្វើពូជនោះនៅជាប់ដើមរហូតដល់ទុំ ទើបបេះយកទៅប្រឡេះយកគ្រាប់ចេញដាក់ហាលថ្ងៃឲ្យស្ងួតច្រកដបដោយមានដាក់ធ្យូងនៅក្នុងនោះមួយ ឬពីរដុំ ទុករហូតដល់ពេលត្រូវយកទៅដាំ។

២.ការរៀបចំដីដាំ

ជ្រើសរើសដីទៅតាមរដូវកាល គឺរដូវប្រាំង និងរដូវវស្សា។ ជ្រើសរើសកន្លែងដាំត្រសក់នៅលើដីទួល ដើម្បីការពារការលិចទឹកនៅរដូវវស្សា។ មុនដាំភ្ជួរដីចំនួន ៣ដង។ លើកទី១ ភ្ជួរទុកចោលរយៈពេល ៣ថ្ងៃ និងលើកទី២ ទុកចោលរយៈពេល ៣ថ្ងៃ ឬ ៤ថ្ងៃ។ លើកទី៣ មុនភ្ជួរយកដីធម្មជាតិពុកផុយទៅរោយពីលើដីឲ្យស្មើសព្វ បន្ទាប់មកភ្ជួរ និងកាប់ដីលើកជារង ដោយទុកចន្លោះពីរងមួយទៅមួយមានប្រវែង ០,៥ម៉ែត្រ។ នៅលើផ្ទៃដីទំហំ ២អារ លើករងបានចំនួន ៦រង។ ដោយសារពេលវេលាដែលគេដាំជារដូវវស្សា ដូច្នេះត្រូវរៀបចំរងកំពស់ ៣តឹក ដើម្បីជៀសវាងដក់ទឹកនៅលើរងនាំឲ្យកូនត្រសក់រលួយ។

 

៣.ការដាំដុះ

យកគ្រាប់ត្រសក់ដែលរក្សាទុកពូជមកត្រាំទឹកចំនួន ១យប់។ បន្ទាប់មកដាក់គ្រាប់ដាំដោយប្រើចង្អុលដៃចុចទៅលើដីរហូតដល់ពាក់កណ្តាល រួចដាក់គ្រាប់ចូល បន្ទាប់មកយកដីមានជីជាតិលុបពីលើឲ្យជិត។ ក្នុងមួយរណ្តៅដាក់គ្រាប់ចំនួន ២គ្រាប់។ ចន្លោះពីរណ្តៅមួយទៅមួយចំងាយ ១តឹក។ ពេលត្រសក់អាយុបាន ២០ថ្ងៃ ត្រូវរៀបចំទ្រើងដោយយកឈើដាក់តាមបណ្តោយរង ដើម្បីឲ្យត្រសក់វារឡើង។

 

៤.ការថែទាំ

ក្រោយពីដាំរួចរហូតដល់ពេលប្រមូលផល ត្រូវដាក់ជីចំនួន ២ដង (ប្រភេទជីពុកផុយដូចជា ជីលាមកគោ និងកំប៉ុស្ត)។ ដាក់ជីនៅលើកទី១ នៅពេលដាំបាន ១សប្តាហ៍ និងលើកទី២ ដាក់ក្រោយកូនត្រសក់អាយុបាន ២សប្តាហ៍ (ការដាក់ជីនៅក្នុងដំណាក់កាលនេះ គឺជួយឲ្យត្រសក់វាដុះលូតលាស់ល្អ និងជម្រុញឲ្យផ្កាមិនក្តៀន គឺផ្កាធំល្អ និងធ្វើឲ្យផ្លែធំល្អ)។ ស្រោចទឹករាល់ព្រឹក តែបើមានភ្លៀងច្រើនគាត់មិនស្រោចទឹកទេ។

 

៥.ការប្រមូលផល

ក្រោយពីដាំរហូតដល់ពេលប្រមូលផល ត្រសក់មានអាយុកាល ២៥ ទៅ ៣០ថ្ងៃ។ គេប្រមូលផលបណ្ដាក់ៗមួយអាទិត្យបេះម្តង។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here