បច្ចេកទេសក្នុងការដាំដំណាំផ្កាខាត់ណា

267

១.បច្ចេកទេសក្នុងការដាំ

ថ្នាលបណ្តុះកូន គេបានរៀបចំដីសាបគ្រាប់ ដោយកាប់ដីដំបំបែកវាឲ្យម៉ដ្ឋលើកជារងដែលមានទទឹង ១,២ម៉ែត្រ បណ្តោយទៅតាមស្ថានភាពដី ហើយហាលរយៈពេល ២ថ្ងៃ ទើបយកលាមកគោពុកផុយច្របល់ជាមួយដីបង្កប់ទៅក្នុងរង។ មុននឹងសាបត្រូវយកគ្រាប់ពូជទៅត្រាំទឹករយៈពេល ៤ម៉ោង ខ្ចប់ក្រណាត់ ហើយផ្សើមជាមួយនឹងទឹករយៈពេល ១២ម៉ោង រហូតដល់ដុះពន្លក ឬបែកមាត់ចាបទើបយកទៅព្រោះនៅលើថ្នាលបាន។

យកគ្រាប់ពូជលាយជាមួយផេះទៅសាប ដើម្បីឲ្យគ្រាប់បានស្មើដៃ និងស្តើងល្អ ហើយខាត់ណាដែលដុះមកកូនថ្លោសល្អ។ មុននឹងសាបត្រូវស្រោចទឹកឲ្យជោគទុករយៈពេល ១៥នាទី បន្ទាប់មកយកគ្រាប់ពូជ ដែលបានត្រាំហើយយកទៅសាបនៅលើថ្នាលបណ្តុះកូន ត្រូវធ្វើដំបូលការពារដើម្បីកុំឲ្យកូនដំណាំត្រូវពន្លឺខ្លាំងពេក និងអាចការពារកុំឲ្យត្រូវទឹកភ្លៀង។ ក្រោយពីសាបគ្រាប់រួច ត្រូវយកផេះទៅរោយពីលើបន្ថែមទៀត ដើម្បីការពារកុំឲ្យសត្វល្អិតចូលស៊ីគ្រាប់។ ការស្រោចទឹកត្រូវធ្វើ ១ថ្ងៃ ២ដង។ លុះដល់ពេលកូនខាត់ណាមានស្លឹក ២ ទៅ ៣ ទើបបន្ថយទឹក។

២.ការរៀបចំដីដាំ

ដើម្បីដាំផ្កាខាត់ណាឲ្យបានល្អ ត្រូវកាប់ដីហាលចោលរយៈពេល ២-៣ថ្ងៃ មុននឹងលើករង ដើម្បីកំចាត់ស្មៅចង្រៃ សត្វល្អិត ជំងឺ ព្រមទាំងធ្វើឲ្យដីធូរ និងផុសល្អ។ ​ក្រោយពីហាលដីបានស្ងួតល្អហើយ ត្រូវលើករងដាំដោយមានទទឹង ១ម៉ែត្រ និងបណ្តោយទៅតាមស្ថានភាពដី។ នៅលើរងដាំដំណាំ ត្រូវដាក់ជីលាមកគោ សំរាប់ទ្រាប់បាត និងកាប់ត្រឡប់ចុះឡើង រួចវាយដីឲ្យម៉ដ្ឋល្អ ទើបយកកូនខាត់ណាទៅដាក់ដាំ។

៣.ការដាំ

នៅពេលកូនខាត់ណាមានអាយុ ២៣​ថ្ងៃ​ អាចដកយកទៅដាំបាន។ មុនដាំត្រូវស្រោចទឹកលើរងឲ្យជោគ ដើម្បីងាយស្រួលដកកុំឲ្យដាច់ឫស។ រួចទុករយៈពេល ២០នាទី ទើបដកកូនខាត់ណា ដែលថ្លោសល្អយកទៅដាំនៅលើរង។ ចន្លោះពីគុម្ពមួយទៅមួយគួរមានប្រវែង ០,៥តឹក និងពីជួរមួយទៅជួរមួយប្រវែង ០,៦តឹក។

៤.ការថែទាំ

ចំពោះផ្កាខាត់ណា គឺត្រូវការថែទាំឲ្យបានដិតដល់ដូចជា ការស្រោចទឹក ដាក់ជីបំប៉ន ធ្វើស្មៅគ្របគល់។ល។

-ក្រោយពីដាំហើយ ត្រូវយកកំទេចចំបើងទៅគ្របនៅតាមចន្លោះគុម្ព ដើម្បីជួយរក្សាសំណើម និងធ្វើឲ្យកូនខាត់ណាផ្កាដុះលូតលាស់បានល្អ

-ចំពោះការស្រោចទឹកមានពីររបៀប នៅពេលកូនផ្កាខាត់ណាអាយុបាន ១៥ថ្ងៃ​ក្រោយពីដាំ។ គេប្រើធុងផា្កឈូកស្រោចពីលើ ដើម្បីកុំឲ្យកូនខាត់ណាអន់ដើម។ ប៉ុន្តែចាប់ពីអាយុ​ ១៥ថ្ងៃ ឡើងទៅត្រូវប្រើទុយោសំរាប់ស្រោចវិញ

-ការដាក់ជីបំប៉នធ្វើឡើងក្រោយពីដាំបានអាយុ ២៥ថ្ងៃ ដោយដាក់លាមកគោពុកផុយ នៅតាមចន្លោះជួរកូនខាត់ណា ដោយធ្វើយ៉ាងណាកុំឲ្យប៉ះដល់ឫស

-ចំពោះការកំចាត់សត្វល្អិត គេប្រើវិធីចាប់ដោយប្រើដៃ និងប្រើស្បៃព័ន្ធជុំវិញចំការ។

៥.ការប្រមូលផល

នៅលើផ្ទៃដីទំហំ ១៨០០ម៉ែត្រការ៉េ គេដាំបានប្រមាណជា ៣០០០គុម្ព។ ហើយនៅក្នុងផ្កាខាត់ណាចំនួន ៣ផ្កា មានទំងន់ប្រមាណជា ១គីឡូក្រាម និងក្នុងមួយគីឡូក្រាមគេលក់បោះដុំបានប្រមណជា ២០០០រៀល៕

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here