បច្ចេកទេសដាំដំណាំខ្ទឹមស្លឹក

1168

១. ការរៀបចំដី៖

ភ្ជួរដីឲ្យម៉ដ្ឋល្អ ២ ទៅ ៣ដង និងហាលទុករយៈពេលពី ១០ ទៅ ១៥ថ្ងៃ បន្ទាប់មកលើកជារង ដែលមានកំពស់ ១តឹក ដើម្បីការពារកុំឲ្យខ្ទឹមជាំទឹក ។ ក្រោយមកកាប់រណ្តៅជំរៅមួយចប និងទំហំ ១តឹក ៤ជ្រុង យកជីកំប៉ុស្តពុកផុយទៅដាក់ក្នុងរណ្តៅ និងជ្រុំបញ្ចូលជាមួយដីរួចលប់ដី ។ បន្ទាប់មកយកខ្ទឹមស្លឹកទៅដាក់ដាំ ។

២. ការរើសពូជ៖

ខ្ទឹមដែលដាំនេះ គឺទុកពូជតៗគ្នាពី ១ឆ្នាំ ទៅ ១ឆ្នាំ មិនឲ្យផុតពូជ ។ ពូជដដែលគេនិយមដាំ គឺខ្ទឹមខ្យល់ព្រោះខ្ទឹមប្រភេទនេះមានទំងន់ធ្ងន់ ពុំមានសត្វល្អិតបំផ្លាញ និងមានទីផ្សារច្រើន ។ ការដាំត្រូវរើយកតែដើមធំ និងថ្លោសល្អ ដើមីឆាប់បែកកូនច្រើន រើយកដើមចាស់ពេលដាំមិនរលួយ និងឆាប់លូតលាស់ ។

៣. ការដាំ៖

ក្នុងការដាំត្រូវដកភ្លាមដាំភ្លាម ហើយត្រូវដាំនៅពេលល្ងាចទើបល្អ ព្រោះវាត្រជាក់ និងអាចត្រូវទឹកសន្សើម ជួយឲ្យវាលូតលាស់បានល្អ ។ ដើម្បីឲ្យខ្ទឹមឆាប់លូតលាស់ហើយបែកគុម្ពបានច្រើន ត្រូវដាំចន្លោះពីគុម្ពមួយទៅគុម្ពមួយប្រវែង ២តឹក ដើម្បីឲ្យពន្លឺថ្ងៃចេញចូលបានគ្រប់គ្រាន់ និងដាំរាក់ៗ។

៤. ការថែទាំ៖

ក្រោយពីដាំរួចធ្វើការស្រោចទឹកក្នុងមួយថ្ងៃ ២-៣ដង គឺនៅពេលព្រឹក ថ្ងៃត្រង់ និងពេលល្ងាច។ បន្ទាប់ពីដាំបានរយៈពេល ១០ ទៅ ១៥ថ្ងៃ ធ្វើការបោចស្មៅជ្រុំជើងម្តង និងសកស្លឹកខ្ទឹមដែលចាស់ៗចេញ ។

៥. កាប្រមូលផល៖

ជាទូទៅក្រោយពីដាំបានរយៈពេល ១ខែ គេអាចចាប់ផ្តើមប្រមូលផលខ្ទឹមបាន ។ ក្នុង ១ឆ្នាំ គេអាចប្រមូលផលបាន ៦ ទៅ ៨ដង ក្នុង ១គឺឡូក្រាម អាចលក់បានតំលៃ ២០០០-៣០០០រៀល ។ លក្ខណៈពិសេសនៅពេលប្រមូលផលម្តងៗ គេតែងតែទុកពូជបន្តរហូតមិនឲ្យផុតពូជ ឡើយ ។

កំណត់សម្គាល់បន្ថែមពីអ្នកនិពន្ធ :

-គួរកុំស្រោចទឹកពេលថ្ងៃត្រង់ ពីព្រោះជាពេលដែលរុក្ខជាតិត្រូវបញ្ចេញទឹកច្រើនពីស្លឹក។

-យកល្អគួរកុំដាំខ្ទឹមខ្យល់នេះលើដី ឬរងដដែលយូរពេក គួរឆ្លាស់ជាមួយដំណាំផ្សេងទៀត ក្នុង១ឆ្នាំ ឲ្យបាន ២ ទៅ ៣ដង។

អត្ថបទ៖ អង្គការសេដាក

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here