បច្ចេកទេសចិញ្ចឹមមាន់ តាមបែបវិទ្យាសាស្ត្រធម្មជាតិ

675

ការចិញ្ចឹមមាន់នៅក្នុងប្រទេសកម្ពុជា កសិករភាគច្រើនចិញ្ចឹមមាន់ក្នុងស្រុក ចំពោះមាន់បរទេសមានការលូតលាស់លឿនមិនសូវមានអ្នកចិញ្ចឹម ដោយសារតែគ្មានកន្លែងផលិតពូជនៅក្នុងប្រទេស និងមានតំលៃខ្ពស់ព្រោះនាំចូលពីបរទេស ។ ខ្ញុំសូមណែនាំពីបទពិសោធន៍ចិញ្ចឹមតាមបច្ចេកទេសរបៀបវិទ្យាសាស្ត្រធម្មជាតិ អ៊ី អ៊ិក្ស អិម ។

១- ការចិញ្ចឹមមាន់មេ
ការរើសពូជ ត្រូវតាមដានរើសមេណាដែលជាពូជមាន់សាយកូន ឆ្អឹង និងដងខ្លួនសមរម្យល្មម មិនរើសពណ៌សម្បុរ ទ្រូងបើកទូលាយ ដងខ្លួនខ្លីល្មម គុម្ពកន្ទុយធំ ឆ្អឹងគូថនៅឃ្លាតឆ្ងាយពីគ្នា ។ គួរតែចាប់ចិញ្ចឹមពីមេមាន់ប្រាំក្បាល និង ឈ្មោល ១ក្បាលឡើង តែត្រូវអនុវត្តអោយខ្ជាប់ខ្ជួន អ៊ី អ៊ិក្ស អិម ។

២- ការរៀបចំទ្រុង
សង់ទ្រុងបណ្តោយថ្ងៃអោយបានល្អសំរាប់អោយមាន់ រោងធ្វើពីឈើ ឬ ឫស្សីប្រក់ស្លឹក ខាងក្រោមក្រាលស៊ីម៉ងត៍ (បើមានលទ្ធភាព) រោយអង្កាម ស្នូកទឹក និងស្នូកចំណីឧបករណ៍សំរាប់ធ្វើសំបុកអោយមាន់ពង ។

៣- ការបង្កាត់
ត្រូវមានមាន់ឈ្មោលធ្វើបា ១ក្បាល សំរាប់មាន់ញី ១ក្បាល រៀបចំកន្លែងសំរាប់បង្កាត់ផ្សេង សំរាប់ពងផ្សេង ។

៤- ការថែរក្សាមាន់ពង
ឧស្សាហ៍ជូត និងបង្វិលពងកុំឲ្យវាខះ បណ្តោយអោយពងមិនញាស់ និងពិនិត្យមើលចំនួនពងអោយមេក្រាបចំនួន ១០ ទៅ ១២ពង សំរាប់មេ១ក្បាល ត្រូវយកស្លឹកស្តៅ ឬថ្នាំជក់ទ្រាប់បាតសំបុកកុំឲ្យកើតស្រមើល ។

៥- ការមើលថែមាន់ញាស់ពង
ជាធម្មតាមាន់ក្រាបពងចំនួន ២០ ទៅ ២៣ថ្ងៃទើបញាស់កូន ។ ក្រោយកូនញាស់ ត្រូវយកទាំងមេទាំងកូនដាក់នៅក្នុងទ្រុងមួយដែលធ្វើពីក្រដាសរឹង ឬបន្ទះឫស្សីប្រវែងទទឹង ៨តឹក កំពស់ ៦តឹក ហើយត្រូវបិទបាំងអោយជិតនៅពេលយប់ ឬពេលមេឃត្រជាក់ ឬដុតធ្យូងដាក់ក្អមកំដៅ ។ ក្រុងទុកក្នុងទ្រុងនេះ ១០ទៅ ១៤ថ្ងៃ ដោយដាក់ទឹក និងចំណីអោយស៊ីផឹករាល់ថ្ងៃ ។ លុះដល់ថ្ងៃទី ១៥ទើបយកមេមកដាក់កន្លែងបង្កាត់វិញ រីឯកូនត្រូវយកទៅកន្លែងចិញ្ចឹមយកសាច់ ។

៦- ការថែរក្សាមាន់
យកមេ EX-M លាយអោយមាន់ផឹកជាប្រចាំ ក្រោយពេលលាយផ្សំអោយផឹកសល់ មិនត្រូវយកទឹកដែលផឹកសល់នោះ លើសពី ២៤ម៉ោងមកប្រើទៀតឡើយ មានន័យថាប្តូរទឹករៀងរាល់ ២៤ម៉ោងម្តង ។

កំរិតលាយប្រើ
– មេ EX-M ១លីត្រ លាយទឹក ១០០០០លីត្រ សំរាប់មាន់ផឹករៀងរាល់ពេល (ទឹកស្អាត ១០លីត្រ លាយមេអ៊ី អ៊ិក្ស អិម ១សេសេ) ។
– យក EX-M បណ្តេញ ២០សេសេ បូកមេ EX-M ២០សេសេ ទឹក ១០លីត្រ បាញ់លើទ្រុងមាន់ទាំងក្នុង និងក្រៅ លើខ្លួនមាន់ សំបុក ស្នូកទឹក ស្នូកចំណី រៀងរាល់ ៥ទៅ ៧ថ្ងៃម្តង ។


– អោយចំណីមាន់ដែលធ្វើតាមបច្ចេកទេស EX-M ស៊ីគ្រប់គ្រាន់រាល់ពេល ។
– យកម្សៅសំរិទ្ធិ ១កញ្ចប់តូច លាយជាមួយចំណីមាន់ ៥គីឡូក្រាម ក្នុងមួយសប្តាហ៍ អោយមាន់ស៊ី ១ ឬ២ដង ។
– យកម្សៅសំរិទ្ធិ ១កញ្ចប់តូច លាយជាមួយទឹកស្អាត ៥លីត្រ អោយមាន់ផឹកមួយសប្តាហ៍ ២ដង ។

៧- ការចិញ្ចឹមមាន់សាច់
ក- ការរៀបចំកន្លែងចិញ្ចឹម
– ក្រាលអង្កាមលើដី ឬលើកន្លែងក្រាលស៊ីម៉ង់ត៍កំពស់ ៨-១០សង់ទីម៉ែត្រ ទទឹង ១ម៉ែត្រ បណ្តោយ ៣ម៉ែត្រ ដាក់បានមាន់ចំនួន ២០-២៥ក្បាល ។


– យករនាបឫស្សីកំពស់ ៦តឹក វ៉ៃជាក្រឡាចក្រត្រង់បាំងជុំវិញបរិវេណចិញ្ចឹម ហើយយកសំណាញ់ ឬមុងចងបន្តពីរនាំងឫស្សីឡើងចំនួន ១ម៉ែត្រ ទៅ ១ម៉ែត្រកន្លះទៀត ។
– យកក្រណាត់ ឬបាវចាស់ៗ បាំងចងជាមួយរនាំងឫស្សីឡើងអោយបានកំពស់ ៣តឹក ។

ខ- ការថែរក្សាព្យាបាលមាន់
– ការថែរក្សា : លាយមេ EX-M អោយផឹករៀងរាល់ ២៤ម៉ោងម្តង ។
– បាញ់លើកន្លែងមាន់ និងបរិវេណជុំវិញពី ៥-៧ថ្ងៃម្តង ដោយប្រើ EX-M បណ្តេញសត្វល្អិត ។


– យកមេ EX-M ១សេសេ បូកកាកស្ករ ១សេសេ បូកទឹក ៥០០សេសេ លាយច្របល់ជាមួយចំណីមាន់ ៣គីឡូក្រាម ។
– ការព្យាបាល : ករណីមាន់ឈឺ (មាន់សំកុក) ហៀរសំបោរ រាគស ឬរាគលឿងក្រម៉ៅ យកមេ EX-M បណ្តេញ បូកមេ EX-M បញ្ច្រក ១ថ្ងៃ ២ដង ប្រើ ៣ថ្ងៃជាប់គ្នា ។

កំរិតប្រើ
– ចំពោះមាន់តូច : EX-M បណ្តេញ ១សេសេ បូកមេ EX-M ១សេសេ ។
– ចំពោះមាន់ធំ : EX-M បណ្តេញ ២សេសេ បូកមេ EX-M ២សេសេ ។ ករណីមាន់មានស្នាមរបួសដោយជល់គ្នា យកមេ EX-M លាប១ថ្ងៃ ៣ដង ដើម្បីអោយផ្សះដំបៅ និងការពារកុំអោយមេរោគឆ្លងចូល ឯមាន់ជល់វិញយកមេ EX-M លាយទឹកអោយងូតជារៀងរាល់ថ្ងៃ ។
– កំរិតលាយងូត : មេ EX-M ១សេសេបូកទឹក ១លីត្រ ។

ការផ្សំចំណីអាហារសំរាប់មាន់សាច់ មាន់ពង និងមាន់ក្នុងស្រុក
*ចំពោះចំណីមាន់សាច់
-ពោត ៤០ គ.ក -កន្ទក់ ២៥ គ.ក -សណ្តែកសៀង ២០ គ.ក
-ត្រីម៉ត់ ១៥ គ.ក -មេអាហារសត្វ ២ គ.ក -អំបិល ៤ ក្រាម អំបិល  និងព្រីម៉ិច ៤ ក្រាម។

*ចំពោះចំណីមាន់ពង
-ពោត ៣៥ គ.ក-កន្ទក់ ២៨គ.ក -សណ្តែកសៀង ១៥ គ.ក -ត្រីម៉ត់ ១៥ គ.ក
-សំបកងាវ ៦ គ.ក -អំបិល ៣ ក្រាម -មេអាហារសត្វ ២ គ.ក  និងព្រីម៉ិច ៣ ក្រាម។

*ចំពោះចំណីមាន់ក្នុងស្រុក
-ស្រូវវ៉ៃ ៥ គ.ក-កន្ទក់ ១ គ.ក-ត្រីម៉ត់ ២ គ.ក-មេអាហារសត្វ ១ ក្រាម-អំបិល ១ស្លាបព្រាបាយ-ព្រីម៉ិច ១ស្លាបព្រាបាយ។

រូបភាព និងវិដេអូ ពីប្អូនប្រុស ហេង រដ្ឋា

សម្រួលអត្ថបទ៖ អ៊ាង  សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here