បច្ចេកទេសចិញ្ចឹមត្រីអណ្ដែងក្នុងលូស៊ីម៉ង់ត៍!

1327

ការចិញ្ចឹមត្រីអណ្ដែងក្នុងលូស៊ីម៉ង់ត៍ គឺជាវិធីសាស្រ្តមួយក្នុងការចិញ្ចឹមត្រីមួយបែបទៀត ដែលកសិករអាចចិញ្ចឹមបានដោយងាយ សមស្របតាមស្ថានភាពរបស់កសិករដែលមានផ្ទៃដីតូច ងាយស្រួលក្នុងការផ្លាស់ប្ដូរទីតាំងផងដែរ។ ថ្លៃដើមក្នុងការចិញ្ចឹមត្រី ចាប់ផ្ដើមពីដើមទុនតិច ហើយអាចផ្ដល់ចំណូលបន្ថែមសំរាប់ក្រុមគ្រួសារ ជាពិសេសផលកំរ៉ៃដែលទទួលបានមានលក្ខណៈសមរម្យគួរជាទីពេញចិត្ត។

វិធីសាស្រ្តការចិញ្ចឹមត្រីអណ្ដែងតាមបេច្ចកទេសនេះ លោកអ្នកត្រូវធ្វើតាមដំណាក់កាលដូចតទៅនេះ៖
១. ឧបករណ៍៖
– លូស៊ីម៉ង់ត៍ខ្នាត ១ ម x ០.៥ម មួយកង់
– ទុយយ៉ូខ្នាត ១inch ប្រវែង ២ តឹក ចំនួនមួយដើម និងប្រវែង ៤ តឹក ចំនួនមួយដើម
– កែងទុយយ៉ូ ១ (សំរាប់តបង្ហូរទឹកចេញនៅបាតលូ)
– សំណាញ់ (សំរាប់ការពារត្រីលោតចេញ)
– ទឹកជីអ៊ីអឹម សំរាប់ជំនួយការលូតលាស់របស់ត្រី
– ស៊ីម៉ង់ត៍ ខ្សាច់ ថ្ម
– ចំណីត្រី
– បន្លែសំរាប់ជំនួយជាចំណីអាហារ ដូចជា ត្រកួន កំប្លោក ។ល។
– កូនត្រីអណ្ដែង ៧០ ទៅ ៨០ ក្បាល។

២. ការរៀបចំមុនពេលចិញ្ចឹម៖

២.១. មុនពេលដាក់ត្រីចិញ្ចឹម ត្រូវបន្សាបជាតិស៊ីម៉ង់ត៍របស់លូជាមុនសិន ដោយយកគល់ចេកឬដើមចេក មកហាន់ជាដុំ តូចៗ រួចយកលាមកគោមកលាយអោយចូលគ្នា រួចដាក់ចូលក្នុងលូ លាយទឹកអោយពេញ ហើយត្រាំចោលចំនួន៥ថ្ងៃ។

២.២. យកដើមចេ កនិងលាមកគោចេញរួចដាក់ទឹកថ្មីចូល រួចត្រាំចោល ១ថ្ងៃ រួចបង្ហូរទឹកចេញអោយអស់ ហើយលាងអោយស្អាត។

២.៣. យកត្រកួនមកជូតអោយសព្វក្នុងលូ រួចហាលអោយស្ងួត។

៣. ការធ្វើ អ៊ីអឹមសំរាប់ជំនួយការលូតលាស់របស់ត្រី
– ធុងផ្លាស្ទិកមានគំរបចំនួន ១
– ស្ករក្រហម ៣ គ.ក
– ល្ពៅចាស់ ៣ គ.ក
– ល្ហុងទុំ ៣ គ.ក
– ចេកណាំវ៉ាទុំ ៣ គ.ក
៣.១ វិធីធ្វើ៖
យកគ្រឿងផ្សំផ្លែឈើខាងលើមកហាន់ទាំងសំបក និងគ្រាប់ដាក់ចូលក្នុងធុង រួចលាយបញ្ចូលជាមួយស្ករ ក្រហម អោយចូលគ្នាអោយសព្វ រួចបិទគំរបផ្អាប់ទុកចំនួន ៧ថ្ងៃ រួចទើបបន្ថែមទឹកស្អាត ចំនួន ៩លីត្រចូល ហើយបិទគំរបផ្អាប់ទុកវិញចំនួន ១៥ថ្ងៃ អាចយកទៅប្រើប្រាស់បាន។


៣.២​ ផលប្រយោជន៍៖
ជាអម៉ូនជួយដល់ការលូតលាស់របស់ដំណាំផ្សេងៗឆាប់ចេញផ្កា ផ្លែ មានរសជាតិផ្អែមឆ្ងាញ់
ត្រីគ្មានជំងឺ ធ្វើអោយត្រីមិនមានក្លិនឆ្អាបខ្លាំង ត្រីមិនសូវមានខ្លាញ់ក្នុងពោះ ធ្វើអោយត្រីមានរសជាតិឆ្ងាញ់។

៤. ចាប់ផ្ដើមការចិញ្ចឹម៖
– យកលូស៊ីម៉ង់ត៍ដែលយើងបានជូតត្រកួន មិនមានជាតិកំបោរ ឬអាស៊ីត រួចដាក់ទឹកចូលកំពស់ ១តឹក (សំរាប់ដំណាក់កាលមុនដំបូងដែលយើងយកកូនត្រីមកដាក់) រួចដាក់អ៊ីអឹមដែលយើងបានធ្វើរួច ចំនួន មួយស្លាបព្រាក្នុងទឹក។
– យកកូនត្រីដែលនៅក្នុងថង់ មកត្រាំក្នុងទឹកក្នុងលូដែលយើងបានរៀបចំរួចមួយសន្ទុះ ទើបបើក មាត់ថង់តិចៗ អោយត្រីហែលចេញដោយខ្លួនឯង (មិនត្រូវចាក់ត្រីចេញពីថង់ចូលក្នុងទឹកតែម្តង នោះទេ)។


– ថ្ងៃដំបូងដែលយើងលែងកូនត្រី មិនចាំបាច់អោយចំណីវាស៊ីទេ
– ដាក់ពួកបន្លែដែលត្រីអាចស៊ីបានដូចជាត្រកួន កំប្លោក ក្នុងលូចិញ្ចឹម ប៉ុន្តែកុំអោយច្រើនពេក
ការអោយចំណីត្រី១ក្បាល ចំនួន ៥គ្រាប់ មួយថ្ងៃពីរដង (ព្រឹក និងល្ងាច) សំរាប់រយៈពេល ១ខែកន្លះដំបូង។ បន្ទាប់មក យើងផ្ដល់ចំណីតែមួយដងនៅពេលល្ងាច។

*ចំណាំ៖
មុនពេលអោយចំណីត្រី ត្រូវយកចំណីមកត្រាំទឹក ១០ទៅ១៥នាទី។
ផលប្រយោជន៍៖
– ត្រីស៊ីចំណីបានស្មើគ្នា
– មិនធ្វើអោយត្រីណែនពោះ
– ត្រីមិនមានជំងឺ
– ការលូតលាស់ប្រហាក់ប្រហែលគ្នា
– ចំណីមិនមានសេសសល់ក្នុងលូដែលបង្ករអោយទឹកឆាប់មានក្លិនស្អុយ
ត្រូវប្តូរទឹកមួយខែ ៣ដង (រៀងរាល់១០ថ្ងៃ) ។ នៅពេលប្ដូរទឹក ត្រូវដាក់ទឹកអ៊ីអឹម ១ស្លាបព្រាចូល។


៦. មុនពេលចាប់លក់
– មុនពេលចាប់ត្រីលក់២ថ្ងៃ ត្រូវយកដីកណ្ឌេញពណ៌ក្រហម ឬកញ្រ្ជាំងស្រូវដាក់ចូលក្នុងលូ និងជួយធ្វើ អោយត្រីមានពណ៌លឿងស្អាត លក់បានតំលៃថ្លៃ។

– ត្រីអណ្ដែងចិញ្ចឹមក្នុងរយៈពេល ៣ខែកន្លះ ចំនួន ៧០ទៅ៨០ក្បាល បានប្រហែល ១៥គីឡូ ឬប្រហែល ៤ ក្បាលមួយគីឡូ។
**ទឹកដែលយើងប្ដូរចេញ អាចយកទៅស្រោចដំណាំលក្ខណៈគ្រួសារ ជួយអោយផលដំណាំលូតលាស់បានល្អ ព្រោះមានល្បាយអ៊ីអឹមស្រាប់។

សម្រួលអត្ថបទដោយ អ៊ាង សុផល្លែត

សូមថ្លែងអំណរគុណចំពោះម្ចាសគណីហ្វេកប៊ុក ខ្ញុំស្រលាញ់សួនច្បារ ចំពោះអត្ថបទ និងរូបភាព។​

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here