ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ព័ត៌មានកសិកម្ម

បច្ចេកទេសងាយៗក្នុងការដាំដំណាំជីរគ្រប់មុខ

31-Jan-2019 04:55 PM

រូបភាព


ដោយ: Uddam

វិធីក្នុងការដាំដំណាំជីរគ្រប់មុខ (ជីរនាងវង ម្រះព្រៅ ជីរពងទាកូន ឬជីរថ្ពាល់ត្រី…) ដើម្បីទទួលបានលទ្ធផលល្អ ដែលបទពិសោធន៍នេះ យើងសូមបង្ហាញជូនដូចខាងក្រោម:

១.ការរៀបចំថ្នាល និងការសាបគ្រាប់

ដើម្បីជំរុញឲ្យការដាំដុះមានលក្ខណៈល្អ ត្រូវរៀបចំថ្នាលសំរាប់បណ្តុះដោយលាយនូវសារធាតុដូចជា ផេះ និងអង្កាមពុកផុយ ដោយយកទៅច្របល់លាយជាមួយដីឲ្យសព្វ រួចស្រោចទឹកឲ្យសើមៗ បន្ទាប់មកកាប់លើកជារង សំរាប់ដាំដោយមានបណ្តោយ ១០ម៉ែត្រ និងទទឹង ០,៨ម៉ែត្រ មានចំនួន ១០រង ហើយដាំជីឆ្លាស់មុខផ្សេងៗគ្នា។

២.ការរៀបចំដីសំរាប់ដាំ និងការដាំ

ការរៀបចំដីដាំ: កាប់បំផុសដីចំនួន ២សា នៅលើកទី១ កាប់ហាលចោលរយៈពេល ១០ថ្ងៃ និងលើកទី២ កាប់ដីលើកជារងសំរាប់ដាំ។ នៅពេលកាប់លើរងដាំ ត្រូវយកជីរលាមកសត្វពុកផុយទៅរោយពីលើ រួចកាប់ត្រឡប់ចុះឡើងរហូតចូលសព្វទៅក្នុងដី ទើបយកកូនទៅដាក់ដាំ។ ចំពោះការដាំមានលក្ខណៈខុសៗគ្នាបន្តិចគឺ:

ការដាំជីរនាងវង: ចំពោះរបៀបដាំគឺដាំដោយព្រោះគ្រាប់នៅលើថ្នាល ១៥ថ្ងៃក្រោយមកគាត់ដកយកកូនទៅដាំលើរង ។ វិធីម៉្យាងទៀតអាចដាំដោយដើមក៏បាន ។ ប៉ុន្តែការដាំដោយគ្រាប់ និងដើមគឺខុសគ្នាបន្តិចដោយការដាំដោយដើមលូតលាស់លឿន តែរហ័សងាប់ដើមទៅវិញ។ តែការដាំដោយគ្រាប់លូតលាត់បានយូរ។

ការដាំជីម្រះព្រៅ: ម្រះព្រៅ គឺដាំដោយព្រោះគ្រាប់ ហើយរយៈពេលដុះលូតលាស់ចំនួន ១០ថ្ងៃ ទើបដកកូនយកទៅដាំនៅក្នុងថ្នាល។

៣.ការថែទាំ

ការស្រោចទឹក: បន្ទាប់ពីដាំរួច គាត់បានស្រោចទឹកជាប់ជាប្រចាំមួយថ្ងៃម្តងៗ (សំរាប់រដូវប្រាំង តែចំពោះរដូវវស្សាវិញ គឺស្រោចទឹកទៅតាមស្ថានភាពដីស្ងួត ឬសើម)។ ទឹកជីរ ផ្សំឡើងដោយសារធាតុជាច្រើនដូចខាងក្រោម:

ធាតុផ្សំ: ទន្រ្ទានខែត្រចំនួន ១បាច់ ស្មើនឹង ៥គីឡូក្រាម, អាចម៍គោ ២បង្គី, លាមកមាន់ ១០គីឡូក្រាម, ផេះ ១០គីឡូក្រាម, ក្បាលត្រី ៥គីឡូក្រាម, ទឹកនោមគោ ១០០លីត្រ, សារធាតុផ្សំសំរាប់បន្ថែមពីខាងក្រៅមានដូចជា ពោះវៀនមាន់ ផ្លែឈើទុំ ក្តាម ខ្យង ពស់ កង្កែបជាដើម។

របៀបធ្វើ: យកសារធាតុផ្សំទាំងអស់ច្របល់ឲ្យសព្វ ច្រកចូលទៅក្នុងការុងចងមាត់ឲ្យជិត។ យកសារធាតុនោះទៅដាក់ចូលទៅក្នុងពាង រួចចាក់ទឹកនោមគោចូលទៅក្នុងពាង (ដាក់ទឹកនោមគោសុទ្ធ) ត្រាំរហូតដល់រយៈពេល ១០ថ្ងៃ ទើបយកទៅប្រើ។

៤.ការប្រមូលផល

ជីរគ្រប់មុខនេះ គឺគេបានដាំពេញ ១ឆ្នាំ ប៉ុនែ្តប្រមូលផលបណា្តក់រាល់ថ្ងៃ សំរាប់រដូវវស្សា។ រដូវប្រាំងប្រមូលផលបាន ១សប្តាហ៍ម្តង។ ការប្រមូលផលគឺកាត់ដល់គល់ឲ្យវាលាស់បន្ត។

សរុបមកបច្ចេកទេសសំខាន់ៗក្នុងការដាំជីរគ្រប់មុខមាន:

-រៀបចំថា្នលសាបគ្រាប់ ដោយលាមកសត្វពុកផុយច្របល់លាយជាមួយដី

-សាបគ្រាប់លើថ្នាល និងថែទាំស្រោចបំប៉នជីរទឹកឲ្យកូនដំណាំឆាប់លូតលាស់

-ដកកូនដំណាំទៅដាំនៅក្នុងថា្នល ដោយទុកចន្លោះគុម្ពសមស្រប ដើម្បីងាយស្រួលធ្វើស្មៅ និងទទួលពន្លឺគ្រប់គ្រាន់ ពិសេសបែកមែកច្រើន

-ស្រោចទឹកុជីបំប៉នរាល់ ៧ថ្ងៃម្តង ដើម្បីឲ្យកូនដំណាំលូតលាស់ល្អ៕

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត